ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ បាន​ទម្លាក់​តួលេខ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជាក្នុង​ឆ្នាំ​២០២០​ឱ្យ​ថយ​ចុះ​ប្រមាណ​៨០ ភាគរយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​កាន់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ​៨០ ភាគរយ ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ខណ​ដែល​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ក៏​ធ្លាក់​ចុះ ២០ ភាគរយ ផង​ដែរ…

ខេត្តសៀមរាប​៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​កាន់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ​៨០ ភាគរយ ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ខណ​ដែល​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ក៏​ធ្លាក់​ចុះ ២០ ភាគរយ ផង​ដែរ ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរជាតិ​ក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍ ទេសចរណ៍​នៅ​ក្នុង​ឱកាស​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០២០ នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ ។

លោក ថោ​ង ខុន បាន​ថ្លែង​ថា ដោយសារ​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ ១.៣១ លាន​នាក់​ប៉ុណ្ណោះ ដោយ​មានការ​ថយ​ចុះ​ប្រមាណ ៨០​ភាគរយ និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់ ថយ​ចុះ ២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កន្លង​ទៅ ។ សូម​ជម្រាប​ថា វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០២១ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរជាតិ​ក្រសួង​គ្រប់គ្រង​និង​អភិវឌ្ឍន៍​សហគមន៍ ទេសចរណ៍ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​លើក​ឡើង​ថា វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ គឺជា​ការ​ជួបជុំ​ថ្នាក់​ជាតិ​ដ៏​ធំ​រវាង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​ឯកជន តំណាង​សហគមន៍​ទូ​ទាំង​ប្រទេស អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​បន្ត​រួម​គ្នា​ពិភាក្សា ផ្លាស់​ប្តូរ​មតិយោបល់ និង​បទ​ពិសោធន៍​លើ​ការងារ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ ក្នុង​បរិបទ​គន្លង​ថ្មី​នៃ​ការ​រស់នៅ (New Normal Life) ។ លោក ថោ​ង ខុន ក៏​បាន​សម្តែង​នូវ​ការ កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ កិច្ច សហការ​ដ៏​ល្អ​រវាង​ក្រសួង​ទេសច រណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ស្ថាប័ន​-​ពាក់ព័ន្ធ ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នា​ពេល​កន្លង​មក ពិសេស​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ចន្លោះ​សម័យ​វេទិកា​ជាតិ​ទាំង​ពីរ ។

លោក​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​សង្គម សណ្តាប់ធ្នាប់ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​ក្តី​សង្ឃឹម​ឆ្ពោះទៅ​សម្រេច​ម​ហិ​ច្ច​តា​ក្លាយជា ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​ខាង​មុខ ។ ប៉ុន្តែ​ឆ្នាំ​២០២០ ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​ដ៏​លំបាក​បំផុត​សម្រាប់​ពិភពលោក​។ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​គ្មាន​មជ្ឈដ្ឋាន​ណា​ប៉ាន់ស្មាន​ដល់ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ទេសចរណ៍​តែ​ម្តង​។

ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល “​ប្រឈម​ផង និង​កាលានុវត្តភាព​ផង​”​។ តួយ៉ាង កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ព្រម​ជាមួយ​ភាព​ល្បី​រន្ទឺ​នៃ​សន្តាន​ចិត្ត​ដ៏​សប្បុរស​របស់​កម្ពុជា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ (Westerdam) ចូល​ចត ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ចង​ចាំ​កម្ពុជា​ថា​ជា “​ប្រទេស​តូច តែ​មាន​បេះដូង​ទូលាយ​”​។ ទន្ទឹម​នោះ​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ផ្ទាល់ ដែល​មិន​ចេះ​មើល​ស្រាល​ស្ថានការណ៍ ដោយ​បាន​សម្រេចចិត្ត​យ៉ាង​រហ័សរហួន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់ និង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រួម​មាន​ជា​អាទិ៍​ព្រឹត្តិការណ៍​សហគមន៍ “៣ វិច្ឆិកា​” និង “២៨ វិច្ឆិកា​” ហើយ​ដែល​មក​ដល់​ពេល​នេះ មិន​មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ឡើយ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់​បន្ថែម​ថា ទោះបីជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យក​ទុកដាក់ និង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដូច​ជា​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ​នៅ​ខេត្តសៀមរាប ដែល​នឹង​ធ្វើ​ឲ្យ​ទីក្រុង​សៀមរាប​ប្រែ​ក្លាយជា​ទីក្រុង​ទំនើប ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ។​គម្រោង​សាង់សង់​ផ្លូវ ៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ សម្រេច​បាន​ជិត ១០០ ភាគ​រត ស្រប​ជាមួយ​ផែនការ​សំខាន់​ផ្សេង​ទៀត ដែល​នឹង​រួមចំណែក​ជំរុញ​កំណើន​វិស័យ ទេសចរណ៍ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល ក្រោយ​ភាព​ធូរស្រាល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង មាន​សន្ទុះ​កើនឡើង​ខ្លាំង បង្កើត​បានជា​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​បាន​ធ្វើ​ឲ្យ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ មាន​ភាព​ធន់​នឹង​វិបត្តិ (Resilient) រួមចំណែក​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​ជា​រួម ពិសេស​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា តំបន់​អេកូ​ទេសចរណ៍​សំខាន់​ៗ ដូច​ជា តំបន់​ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ គិរី​រម្យ តំបន់​ជី​ផាត អា​រ៉ែ​ង ពាម​ក្រ​សោម ស្រែអំបិល វាល​ធំ សំឡូត ភ្នំ​ត្បែង សមុទ្រ​ឈើ តំបន់​រាំ​សារ បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​អេកូ​ទេសចរណ៍​ផ្សេង​ទៀត​ជា​ច្រើន សុទ្ធតែ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ដំណាក់​វិបត្តិ​កូ​វី​ដ​-១៩ ក្នុង​ឆ្នាំ​២០២០​កន្លង​មក​។

នា​ឱកាស​នោះ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ជា​គន្លឹះ​ចំនួន​៧​ចំណុច​សំខាន់​ៗ ជូន​អង្គ​វេទិកា ដើម្បី​រួម​ពិភាក្សា​ផង​ដែរ ។ ទន្ទឹម​នោះ​លោក​ក៏​បាន​ស្នើ​ឲ្យ​បងប្អូន​ដែល​មក​ពី​សហគមន៍​ទាំងអស់​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​សំខាន់់​ៗ របស់​ខ្លួន ដើម្បី​ដាក់​ជូន​អង្គ​វេទិកា​ពិភាក្សា និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ជាក់ស្តែង​ក្នុង​អង្គ​វេទិកា​ដោយ​ផ្ទាល់ ឬ​ត្រូវ​រាយការណ៍​សុំ​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល បន្ទាប់​ពី​បញ្ចប់​វេទិកា​ជាតិ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ