ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌស្រុកថ្មគោល ខេត្តបាត់់ដំបង ស្ទាក់ចាប់បាននៅមុខសាលាបឋមសិក្សាពពាលខែ ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ។
វរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបាននេះឈ្មោះ ប៊ុន ភូ ហៅ ស៊យ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ ក៏ដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខ ប.មានជ័យ ១W-៩៤០០ ជារបស់ជនរងគ្រោះឈ្មោះ សាំង ប៊ុនសឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាអ្នករត់ម៉ូតូឌុប ។
លោកនាយការិយាល័យ ថ្លែងទៀតថា តាមការរៀបរាប់របស់ម្ចាស់ម៉ូតូ គឺកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ គាត់បានជិះម៉ូតូចេញទៅរត់ឌុបដូចរាល់ដង ។ ពេលទៅដល់ផ្លូវលេខ៣ ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ បានជួបមនុស្សប្រុសម្នាក់ឲ្យឌុបទៅផ្សារសិរីសោភ័ណដោយប្រាប់ថាយកប្លង់ដីឲ្យគេ ។
លុះទៅដល់ផ្សារសិរីសោភ័ណ ជននោះបានឲ្យគាត់ឈប់ចាំនៅមុខផ្សារ ហើយរូបគេដើរចូលផ្សារមួយភ្លែតក៏ចេញមកវិញ ឲ្យឌុបទៅបុរីណាវីនៅភូមិចក សង្កាត់ព្រះពន្លា ជួបមនុស្សម្នាក់
ទៀតដែលជាបក្សពួកគេ អង្គុយនៅមុខផ្ទះមួយចាក់សោគ្មានមនុស្សនៅ ។ បន្ទាប់មក ជនម្នាក់
ដែលអង្គុយមុខផ្ទះនោះ ឲ្យគ្នាគេដែលគាត់ឌុបនោះទៅផឹកកាហ្វេ ចំណែករូបគាត់ ត្រូវបានមនុស្សម្នាក់ដែលអង្គុយមុខផ្ទះនោះឲ្យទៅឌុបម្តាយគេនៅហួសរង្វង់មូលបុរីដើម្បីយកសោចូលផ្ទះ ។
ពេលគាត់ជិះម៉ូតូទៅរកមិនឃើញ ក៏មកប្រាប់ម្នាក់នោះវិញថារកមិនឃើញ ហើយម្នាក់នោះបានតបវិញថា បើមិនឃើញគេសុំខ្ចីម៉ូតូជិះមួយភ្លែត ដើម្បីទៅរកម្តាយគេយកសោចូលផ្ទះ កុំបារម្ភអីផ្ទះគេនៅហ្នឹងទេ ។ ឯគាត់ក៏ព្រមឲ្យដោយសំអាងថាជាផ្ទះរបស់ជននោះ លុះបានម៉ូតូហើយ ទាំងម្នាក់ដែលគាត់ឌុបនិងម្នាក់ដែលខ្ចីម៉ូតូបាត់ស្រមោលទាំង២នាក់តែម្តង ចំណែកផ្ទះដែលជនម្នាក់អង្គុយចាំនោះក៏មិនមែនផ្ទះរបស់ម្នាក់នោះដែរ ។
លោកនាយការិយាល័យ ព្រហ្ម ប៊ុនធឿនថ្លែងថា ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងជំនាញឲ្យធ្វើការស្រាវជ្រាវ និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន ភូ ហៅស៊យ នៅមុខសាលាបឋមសិក្សាពពាលខែ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ដែជាបក្ខពួកជន២នាក់នោះកំពុងជិះម៉ូតូទៅខេត្តបាត់ដំបង ហើយបាននាំខ្លួនមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះ ប៊ុន ភូ ហៅស៊យ សារភាពថា រូបគេត្រូវបានឈ្មោះម៉ង ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នករស់នៅខេត្តបាត់ដំបង ទូរស័ព្ទហៅពីក្រុងប៉ោយប៉ែត ឲ្យជិះម៉ូតូទៅខេត្តបាត់ដំបង ដោយឲ្យថ្លៃឈ្នួលជិះ៣០ដុល្លារ លុះទៅដល់មុខសាលាបឋមសិក្សាពពាលខែ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង ។
លោកនាយការិយាល័យបញ្ជាក់ថា ផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យឈ្មោះ ប៊ុន ភូ ហៅស៊យ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ ៕
ចែករំលែកព័តមាននេះ