រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ដែលមានទំហំ ១៤៥.៦២៧ (មួយរយសែនសិបប្រាំពាន់ប្រាំមួយរកម្ភៃប្រាំពីរម៉ែត្រក្រឡា) ម៉ែត្រគូបជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ នេះបើតាមអនុក្រឹត្យ ។
យោងតាមអនុក្រឹត្យបានដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ត្រូវបានកំណត់ផ្ទៃអាងស្តុងបឹងត្របែកទំហំ១៤៥.៦២៧(មួយរយសែនសិបប្រាំពាន់ប្រាំមួយរកម្ភៃប្រាំពីរម៉ែត្រក្រឡា)ម៉ែត្រគូប ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ ការកំណត់របស់រាជរដ្ឋាភិបាលនេះ បន្ទាប់ពីមានសំណើរពីគណៈរដ្ឋមន្ត្រី ដើម្បីជៀសវាងការរំលោភយកដីបឹងនេះបន្តទៀត ។
យោងតាមលិខិតរបស់គណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋមន្ត្រីទទួលទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា សំណើគោរពសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើការស្ថាបនាជញ្ជាំងទប់ដី អំពីបេតុងអារម៉េ (Concrete Sheet-Pile) នៅអាងស្តុកទឹកបឹងត្របែក ទំហំ១៣,៣ហិកតា និងជីកស្តារជម្រៅអាងស្តុកទឹកឱ្យបានជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការលិចលង់នៅក្នុងរាជធានីភ្នំពេញ ។
លិខិតបន្តថាយោង ៖ -លិខិតលេខ០៦៧/២០ លស.គ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ -លិខិតលេខ៦៥១ ខន/០២០ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតជាគោល ការណ៍ដូចខាងក្រោម ៖
១- ធ្វើការស្ថាបនាជញ្ជាំងទប់ដីអំពីបេតុងអារម៉េ(Concrete Sheet-Pile) ព័ទ្ធជុំវិញអាងស្តុកទឹកបឹង ត្របែកទំហំ១៣,៣ហិកតា ដើម្បីកុំឱ្យមានការរំលោភបន្តទៀត។
២-ជីកស្តារអាងស្តុកទឹកបឹងត្របែកខាងលើឱ្យមានជម្រៅជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកទឹកភ្លៀង ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យស្ថានីយបូមទឹកអាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹកនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ។
៣-ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមិនលើកលែងចំពោះអ្នកដែលរំលោភកាន់កាប់ ហើយមកធ្វើការតវ៉ា និងរារាំងអាជ្ញាធរ ក្នុងពេលចុះអនុវត្តគម្រោងខាងលើនេះ៕
ចែករំលែកព័តមាននេះ