រាជធានីភ្នំពេញ ៖ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី ៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ក្នុងការ ពង្រឹងជំនាញសម្រាប់ការងារថ្មី និង ការងារដែលត្រូវផ្លាស់ប្តូរ ។
ក្នុងរបាយការណ៍នៃការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ការរកឃើញនេះ ជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន ៦ ដែលបានមកពីការសិក្សា អំពីការទាញ អត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញនៅកម្ពុជា ។ វាជាផ្នែកមួយនៃ ការសិក្សាដែលផ្តោតលើប្រទេសចំនួនបួននៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេ ស៊ី ហ្វីលីពីន និងវៀតណាម ។
ការសិក្សានេះពិនិត្យទៅលើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅ កម្ពុជា ព្រោះវិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរ ជាតិ និង 4IR ។ វារកឃើញ ថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្ម កាត់ដេរនិងទេសចរណ៍ ប៉ុន្តែការបាត់បង់ នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការ ដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាចបង្កើតកំណើនការងារ ៣៩% សម្រាប់ ឧស្សាហកម្មកាត់ដេរ និង ២% សម្រាប់វិស័យទេសចរណ៍ ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស ធនាគារអភិវឌ្ឍន៍អាស៊ី នៅ កម្ពុជា បានមានប្រសាសន៍ថា ខណៈដែល 4IR អាចនាំដល់បម្រែបម្រួលការងារ និងជំនាញ នៅប្រទេសកម្ពុជា យើងត្រូវតែដោះស្រាយផលប៉ះពាល់ដែលនឹងមានលើស្ត្រី ។ លោកស្រីថា យើងត្រូវតែបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យា 4IR និងអត្ថប្រយោជន៍របស់វា ជួយសហគ្រាស រួមទាំងសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចទទួលយក បច្ចេកវិទ្យាជឿនលឿននេះ និង ផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងជំនាញ និងបង្កើតជំនាញ រួមទាំងតាមរយៈការ លើកទឹកចិត្ត ដោយការអនុគ្រោះពន្ធ ដើម្បីធានាថាគ្មាននរណាម្នាក់ មិនត្រូវបាន គិតគូរដល់ ។
ខណៈរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR ការស្ទង់មតិលើនិយោ ជក នៅក្នុងឧស្សាហកម្មទាំងពីរបង្ហាញពីការយល់ដឹងមានកម្រិតលើបច្ចេកវិទ្យា 4IR ។ ឧទា ហរណ៍មានតែ ២៨% នៃនិយោជករោងចក្រកាត់ដេរ និង ៣៥% នៃនិយោជកក្នុងទេសចរណ៍ ដែលត្រូវបានស្ទង់មតិបានឯកភាព ឬឯកភាពទាំងស្រុង នៅពេលសួរថាតើពួកគេមានការ យល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការពាក់ព័ន្ធ នៃបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនរបស់ពួក គេដែរ ឬទេ ? ។ និយោជកនៅក្នុងប្រទេសកម្ពុជាបង្ហាញ ការយល់ដឹងទាបជាងអំពី 4IR បើ ប្រៀបធៀបនឹងនយោជក ដែលបានធ្វើការស្ទង់មតិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម ។
អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសា សន៍ថា នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញ ឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបានការងារ ដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ ។ ឥឡូវនេះ គឺជាពេល វេលាដើម្បីគិតឡើងវិញ នូវការផ្តល់ជំនាញដោយប្រើវេទិកានិម្មិត និងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញា បត្រដែលត្រូវនឹងតម្រូវការទីផ្សារ ។
ការសិក្សាក៏អំពាវនាវផងដែរ ឱ្យអនុវត្តគម្រោងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនដើម្បី បណ្តុះបណ្តាល និយោជិករបស់ពួកគេអំពី 4IR ដែលអាចត្រូវបានជួយដោយមូលនិធិអភិវឌ្ឍន៍ ជំនាញកម្ពុជា ។ នៅក្នុងវិស័យទេសចរណ៍ អ្នកបង្កើតគោលនយោបាយ ត្រូវបានជំរុញឱ្យ លើកទឹកចិត្តការរីកចម្រើន នៃការអភិវឌ្ឍ កម្មវិធីស្មាតហ្វូនដើម្បីកសាងការត្រៀមខ្លួនសម្រាប់ 4IR ធានាការបណ្តុះបណ្តាលជំនាញទំនាក់ទំនង និងសង្គម ព្រមទាំងជំរុញឱ្យមានកិច្ចសហ ការកាន់តែខ្លាំងរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក ៕
ចែករំលែកព័តមាននេះ