ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីនគរបាលស្រុកម៉ាឡៃ ឱ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៧ សីហា ប្រជាពលរដ្ឋម្នាក់ឈ្មោះកែត ទាន ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បានប្រទះឃើញសពបុរសចំណាស់ម្នាក់អាយុប្រហែល៤០ឆ្នាំ នៅក្នុងជង្រុកស្រូវរបស់គាត់ ខណៈគាត់ទៅមើលចម្ការ ។
ជង្រុកស្រូវរបស់គាត់នោះ ស្ថិតនៅចំណុចភ្នំកំពូលបី ក្នុងឃុំអូរសំព័រ ស្រុកម៉ាឡៃ ហើយពេលប្រទះឃើញ គឺសពមានសភាពហើមស្អុយរលួយទៅហើយ ។លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ ឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកក៏ចាត់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសំព័រឱ្យចុះទៅពិនិត្យសពបង្ហាញថា មិនមានស្លាកស្នាមអ្វីទាក់ទងទៅនឹងករណីមនុស្សឃាតនោះទេ ។ នៅជុំវិញសពគេឃើញមានអង្ករចំនួន៥គីឡូក្រាម បារី៤កញ្ចប់ ដែកកេះ១ កញ្ឆា១ដុំប៉ុនមេដៃ និងការុងដាក់សម្លៀកបំពាក់ប៉ុណ្ណោះ ។
លោកអធិការបានបញ្ជាក់ថា តាមការត្រួតពិនិត្យ និងសន្និដ្ឋាន បុរសនេះបានស្លាប់រយៈពេល៤ថ្ងៃមកហើយ ដោយសារខ្យល់គរ ហើយក៏ពុំមាននរណាស្គាល់អត្តសញ្ញាណដែរ ។ សពបុរសមិនស្គាល់អត្តញ្ញាណនេះ ត្រូវធ្វើពិធីបូជានៅព្រឹកថ្ងៃទី៨ សីហា ហើយយកអដ្ឋិធាតុទៅរក្សាទុកនៅវត្តម៉ាឡៃ ក្រែងមានបងប្អូនសាច់ញាតិទៅសួររក ៕
ចែករំលែកព័តមាននេះ