ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកសារព័ត៌មានកោះសន្តិភាពបានជួបសម្ភាសន៍ជាមួយកសិករ អ្នកចិញ្ចឹមទាយកស៊ុត០២កន្លែងនៅឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពួកគាត់មានការត្អូញត្អែរថា នៅក្នុង២ខែចុងក្រោយនេះពងទា គឺមានការចុះតម្លៃថោក ក្នុង០១គ្រាប់លក់ដុំបានតែ២៣០រៀលទៅ៣៥០រៀលប៉ុណ្ណោះ បើប្រៀបធៀបទៅដើមឆ្នាំចាប់ពីខែមករា មកដល់ខែតុលា ឆ្នាំ២០២០ តម្លៃពងទាលក់ដុំ០១គ្រាប់តម្លៃ៤០០រៀលទៅ៥០០រៀលជាពិសេសពងទា ធ្លាក់ថ្លៃខ្លាំងនៅខែធ្នូឆ្នាំ២០២០នេះ។
មូលហេតុដែលបណ្ដាលឲ្យធ្លាក់ថ្លៃគឺ៖ ទី១-មកពីមានវិបត្តិកូវីដ-១៩ ផ្ទុះជាថ្មី «ព្រឹត្តិការ០៣ វិច្ឆិកា និងព្រឹត្តិការសហគមន៍២៨វិច្ឆិកា»។ ទី២-សហគមន៍គេរកត្រីបាន និងការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំបន្លែជាលក្ខណៈគ្រួសារតាមផ្ទះច្រើន។ បើតាមកសិករឈ្មោះ សឹម រ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពោធិព្រៃ ឃុំគ្រួស ស្រុកស្វាយជ្រំ បានប្រាប់កោះសន្តិភាពថា គាត់ប្រកបមុខរបរចិញ្ចឹមទាយកពង អស់រយៈពេលជាង២ឆ្នាំមកហើយគឺជោគជ័យបានផលចំណេញគួសម ដោយគាត់ទិញទាពូជជំទង់ពីប្រទេសវៀតណាមក្នុង១ក្បាលតម្លៃ១០,៥០០រៀល ចិញ្ចឹម១វគ្គ២,០០០ក្បាល បំប៉នរយៈពេល២ខែទើបបានពងលក់ ហើយក្នុងខែដំបូងទាហ្វូង ចំនួន២,០០០ក្បាលជាមធ្យមពងបាន១៦០០ពង នេះបើឲ្យចំណីវាដល់គឺពងបានច្រើនតាមខែជាពិសេសខែសម្បូរចំណីក្រៅ ត្រូវបន្លាស់ទីហ្វូងទា ក្នុងរយៈពេលបីទៅបួនថ្ងៃ ទៅស្រែផ្សេង ស្រែដែលមានទឹក ស្រែទើបតែច្រូតកាត់រួច ស្រែច្រូតរដូវវស្សា និងស្រែស្រូវប្រាំង មានចំណីបន្ថែមកូនត្រី ខ្យង ខ្ចៅ និងស្រូវជ្រុះ។
លោក សឹម រ៉ា បន្តទៀតថា ក្នុងទា១ក្បាល គិតចាប់ពីពងដំបូង ដល់អាយុចាស់រយៈពេលពងបាន១ឆ្នាំ គឺជាមធ្យមសត្វ ពងក្នុង១ខែ២៣ថ្ងៃ ទៅ២៧ថ្ងៃ តាមការផ្តល់ចំណីបំប៉នបានត្រឹមត្រូវគ្រប់គ្រាន់តាមបច្ចេកទេស ដូច្នេះក្នុងទា១ក្បាលក្នុងមួយឆ្នាំអាចពងបានជាង៣០០ពង ហើយពេលមេទាចាស់យើងត្រូវលក់ចេញឲ្យអ្មកលក់សាច់។ ហើយតម្លៃពងទាក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០មកដល់ខែតុលា២០២០តម្លៃពងស៊ុតទា លក់ដុំក្នុង១០គ្រាប់ តម្លៃ៤,០០០ទៅ៤,៥០០រៀល ហើយចាប់ពីខែវិច្ឆិកាមកដល់ខែធ្នូ២០២០នេះ តម្លៃលក់ស៊ុតបោះដុំ ១០គ្រាប់តម្លៃ២,៣០០ទៅ៣,៥០០រៀលប៉ុណ្ណោះ(សម្រាប់អ្នកចិញ្ចឹមទៅអ្នកលក់រាយ)គឺធ្លាក់ថ្លៃជិតពាក់កណ្តាលនៅចំណេញតិចតួចណាស់។ ហើយនៅទីផ្សារ និងតាមតូបនៅជនបទ អ្នកលក់រាយលក់ឲ្យអ្នកយកទៅបរិភោគ១០គ្រាប់តម្លៃ៣,៧០០ទៅ ៤,០០០រៀល។
រីឯកសិករឈ្មោះ ហាវ វណ្ណា ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាកែវឃុំពាបទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកចិញ្ចឹមទាហ្វូងយកស៊ុតដែរបាននាំសត្វទាបន្លាស់ទីពីខេត្តព្រៃវែងចំនួន២,៥០០ក្បាល មកលែងនៅក្នុងវាលស្រែនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងក៏បានលើកឡើងដូចគ្នាដែរថា រយៈពេល២ខែចុងក្រោយនេះតម្លៃពងស៊ុតទាគឺចុះថ្លៃ ដោយតម្លៃលក់បោះដុំ ស៊ុត១០គ្រាប់តម្លៃ២,៣០០ទៅ៣៥០០រៀល (សម្រាប់អ្នកចិញ្ចឹម លក់ដុំទៅឲ្យអ្នកលក់រាយ)ហើយបើប្រៀបធៀបទៅខែមុនៗក្នុង១គ្រាប់លក់បាន៤០០រៀលទៅ៥០០រៀលក្នុងមួយគ្រាប់។
អ្នកសារព័ត៌មានយើងសួរថា ហេតុអីបានជាបន្លាស់ទីហ្វូងទា ពីខេត្តព្រៃវែងមកឃ្វាលដល់ខេត្តស្វាយរៀង? អ្នកចិញ្ចឹមទារូបនោះឆ្លើយថា នៅខេត្តព្រៃវែងមានអ្នកចិញ្ចឹមទាហ្វូងយកស៊ុត ច្រើនកន្លែងដូច្នេះត្រូវខ្វះកន្លែងឃ្វាល ជាពិសេសខ្វះ ស្រែទើបតែច្រូតកាត់ ដូច្នេះពេលដឹងថានៅទីតាំង ភូមិឃុំស្រុកណា ទើមនិងច្រូតកាត់ថ្មីៗ ហើយស្រែនោះមានទឹកនិងមានចំណី បន្ថែមដូចជាកូនត្រីខ្យង ឬខ្ចៅ ច្រើនគឺត្របន្លាស់ទីសត្វទា ទៅឃ្វាលទីនោះទើបចំណេញប្រាក់ ប្រើចំណីទិញលើផ្សារអស់តិច ម្យាងពាក់ពន្ធ័ទៅទីផ្សារលក់ពងទាផងដែរ ស្វាយរៀងមានទីផ្សារពងទា។ ម្យាងនៅតំបន់ព្រំដែននៃរដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងប្រជាពលរដ្ឋធ្វើស្រែវស្សា និងធ្វើស្រែប្រដេញទឹក និងធ្វើស្រែប្រាំង ជាបន្តបន្ទាប់ មានស្រែច្រូតកាត់ស្រូវជាបន្តដែរ។
ម្យ៉ាងសម្បូរចំណីបន្ថែមគឺខ្យង និងខ្ចៅ ជាចំណីសត្វទា ហើយក្នុងផ្ទៃដីស្រែ១ហិកតា ប្រលែងទាបានតែបីទៅ៤ថ្ងៃ ត្រូវបន្លាស់ទីសត្វទាទៅទីតាំងស្រែថ្មី ហើយការលែងហ្វូងទា នៅលើស្រែរបស់គេម្ចាស់ស្រែគេមកបង់ថ្លៃស្រែក្នុង១ហិកតាតម្លៃ៥ម៉ឺនរៀល មិនអាចដេញហ្វូងទាទៅលែងក្នុងស្រែគេដោយអត់បង់ប្រាក់ថ្លៃស្រែបានទេ។ ទាក់ទិនករណីនេះដែរលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា រូបលោក និងមន្ត្រីរបស់លោកបានចុះទៅពិនិត្យទីតាំងចិញ្ចឹមទាហ្វូងយកស៊ុតចំនួន៥កន្លែងនៅស្រុកស្វាយជ្រំ គឺនៅភូមិឫស្សីព្រៃ ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ១កន្លែង នៅភូមិពោធិព្រៃ ឃុំគ្រួស ស្រុកស្វាយជ្រំ១កន្លែង នៅភូមិក្រសាំងឃុំគ្រួស ស្រុកស្វាយជ្រំមួយកន្លែង នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ២កន្លែង ដែលមានទាសរុបប្រមាណជាង១ម៉ឺនក្បាល។
លោកបន្តទៀតថា មន្ត្រីជំនាញបានអប់រំ និងផ្សព្វផ្សាយដល់អ្នកចិញ្ចឹមទាហ្វូងទាំងអស់នៅបច្ចេកទេស នៃការចិញ្ចឹមនិងការថែទាំការចាក់វ៉ាក់សាំងការពារជំងឺ និងឲ្យពួកគាត់ត្រូវធ្វើអនាម័យឲ្យបានល្អនៅទីតាំងចិញ្ចឹម និងពេលត្រូវបន្លាស់ទី ត្រូវតែធ្វើអនាម័យ បើមានការណ៍បន្លាស់ទីសត្វទាឆ្លងខេត្តត្រូវរាយការណ៍ជូនមន្ត្រីជំនាញពេទ្យសត្វដើម្បីចេញច្បាប់អនុញ្ញាតបន្លាស់ទី និងបាញ់ថ្នាំសម្លាប់មេរោគ៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ