ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ថៃ រុះរើស្លាកសញ្ញា​ដោះមីន​ចេញពី​ព្រំដែនលេខ២៧ និង២៨

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងយោធា និងនគរបាលការពារព្រំដែនគោក បានចុះពិនិត្យ និង​អោយភាគីថៃ រុះរើស្លាកសញ្ញាដោះមីន ចេញពីព្រំដែនសមិនប្រក្រតី នៅ​ចំណុចបង្គោល​សីមាលេខ២៧ និង២៨ នៅថ្ងៃទី២២…

បន្ទាយមានជ័យ៖ កម្លាំងយោធា និងនគរបាលការពារព្រំដែនគោក បានចុះពិនិត្យ និង​អោយភាគីថៃ រុះរើស្លាកសញ្ញាដោះមីន ចេញពីព្រំដែនសមិនប្រក្រតី នៅ​ចំណុចបង្គោល​សីមាលេខ២៧ និង២៨ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ស្ថិតភូមិសាស្គ្រភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។

លោកវរៈសេនីយ៍ទោ ខៃ ខែត្រ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានប្រាប់ថា កាលពីលើកទី១នៅថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ កម្លាំងភាគីថៃ មានឯកសណ្ឋានប៉ារ៉ា ចំនួន ៩នាក់បានចូលដាក់សញ្ញា និងព័ទ្ធខ្សែ​ដោះមីន នៅចំណុចនិយាមកាម(WGS.TA.78540-70440 TA.78558-70746) ត្រង់បង្គោលសីមាលេខ២៧ និង២៨ ក្នុងភូមិសាស្គ្រភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមភាគីភូមិរំសៃ ឃុំថាប់ថៃ ស្រុកតាប្រាយ៉ាខេត្តស្រៈកែវ។ ក្រោយភាគថៃ ដាក់សញ្ញាដោះមីន ត្រូវបានកងកម្លាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ ដឹកនាំកម្លាំងចុះហាមឃាត់​ដាក់វិធានការល្បាតយាមកាម មិនអោយភាគីបន្តចូលមីនតំបន់ព្រំដែន ហើយអោយភាគីថៃ ត្រូវបញ្ឈប់សកម្មភាពដោះមីនលើព្រំដែនស ឬព្រំដែនមិនប្រក្រតី។

លោកអនុសេនីយ៍ទោ គី ផល្លី នាយរងប៉ុស្តិ៍ដងរ៉ែក បានបញ្ជាក់ថា ក្រោយពេល​ទំនាក់ទំនងហើយ កងកម្លាំងកម្ពុជា បានប្រាប់​ទៅកម្លាំងភាគីថៃ អោយបញ្ឈប់​សកម្មភាពដោះមីនលើព្រំដែនស ហើយជាក់ស្តែង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឃើញមានកងកម្លាំងភាគីថៃចំនួន ៤០នាក់ មានកម្លាំងយោធាឈុតប៉ារ៉ា និងកម្លាំងដោះមីនថៃ (TMAC) បានធ្វើសកម្មភាព មករុះរើ និងដកស្លាកសញ្ញាដោះមីន នៅចន្លោះបង្គោលសីមាលេខ២៧ និង២៨ ចេញ។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានកម្លាំងយោធាថៃឈុតប៉ារ៉ា និងកងវិស្វកម្ម(TMAC) ថៃ ចំនួន ១៣នាក់ ក្នុងនោះ មានកម្លាំងយោធាថៃ ឈុតប៉ារ៉ាការពារ និងកម្លាំងដោះមីនថៃ បានធ្វើសកម្មភាពដោះមីន នៅចំណុច (WGS-84 TA.64161-45185) បង្គោលសីមា លេខ៣៧ ស្ថិតភូមិសាស្គ្រភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមភាគីថៃខ្វាវរ៉ៃ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

លោកអនុសេនីយ៍ទោ គី ផល្លី បញ្ជាក់ថា នៅពេលភាគីថៃចុះមកដោះស្លាកសញ្ញា​ដោះមីនចេញ យើង​បានសុំអោយភាគីថៃ ត្រូវបញ្ឈប់ធ្វើសកម្មភាពដាក់ស្លាកសញ្ញា រឺដោះមីនលើព្រំដែនស ដែលមិនទាន់ប្រក្រតី ដើម្បីទុកអោយរាជរដ្ឋាភិបាលទាំងពីរ ដោះស្រាយ៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ