រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបង្ហាញព័ត៌មានថៃ ពីការគ្រប់គ្រងពលករខ្មែរ ក្នុងចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ខណៈជំងឺនេះកំពុងផ្ទុះនៅខេត្តសាមុតសាខនរបស់ប្រទេសថៃ ។
ការបញ្ជាក់របស់មន្ត្រីខ្ពស់រដ្ឋាភិបាល បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២០ ខែធ្នូ បានផ្ញើសារពិសេស និងបន្ទាន់ជូនបងប្អូនជនរួមជាតិខ្មែរ និងបងប្អូនប្រជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ អំពីស្ថានភាព និងការផ្ទុះឡើង នូវការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ ។
លោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថៃមួយចំនួន អំពីបញ្ហានេះ ។ លោកបណ្ឌិត បានលើកឡើងថា សារពិសេសរបស់សម្តេចតេជោ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ-១៩នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងពលករចំណាកស្រុកទាំងអស់ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរថៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានទាន់ពេលវេលា ។
លោកបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសថៃ សូមទុកចិត្ដចំពោះរាជរដ្ឋាភិបាលថៃក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ហើយមិនត្រូវរត់ចេញពីប្រទេសថៃ ក្នុងពេលដែលថៃកំពុងជួបការលំបាកនាពេលនេះទេ ដែលមួយ គឺជាការពារខ្លួនពីការឆ្លងជំងឺ និងមួយទៀតចៀសវាងការបាត់បង់ការងារ និងមួយទៀតចៀសវាងនាំចូលជំងឺមកកម្ពុជា ក្នុងករណីដែលអាចមាន ។
ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានសាច់ញាតិធ្វើការនៅប្រទេសថៃ សូមជួយលើកទឹកចិត្ដឲ្យពួកគាត់បន្ដនៅប្រទេសថៃមួយរយៈសិន ។ សម្តេចតេជោ ក៏បានអំពាវនាវចំពោះបងប្អូនកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃសូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ,ហើយរឿងនេះ គឺថៃក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងសភាពការណ៍នេះ កាលពីពេលមុនដែលមកដល់ពេលនេះប្រទេសថៃទើបតែមានមនុស្សឆ្លងចំនួន ៤៩០៧ នាក់ ហើយអ្នកស្លាប់មានត្រឹម ៦០ នាក់ប៉ុណ្ណោះ ដែលអាចចាត់ទុកថា ជាប្រទេសដែលគ្រប់គ្រងបានល្អ ។
ដូច្នេះសូមកុំអាលចូលមកក្នុងប្រទេសសិន ហើយក្នុងរយៈពេលនេះ បងប្អូនមួយចំនួនដែលត្រូវការចូលទៅក្នុងប្រទេសថៃ ដោយស្របច្បាប់ក្តីដោយមិនស្របច្បាប់ក្តី សូមផ្អាកការចូលទៅក្នុងប្រទេសថៃ បើចូលទៅដោយខុសច្បាប់ គឺថៃ និងចាប់បញ្ជូនត្រឡប់មកវិញ,ហើយចូលទៅស្របច្បាប់នឹងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ ។
អាជ្ញាធរពាក់ព័ន្ធ និងខេត្តផ្សេងៗបាន និងធ្វើការជាមួយនឹងភាគីថៃ និងការទទួលខុសត្រូវចំពោះពលករកម្ពុជាដែលចូលទៅក្នុងទឹកដីថៃ និងត្រូវចំណាយឲ្យភាគីថៃស្របទៅតាមកិច្ចការផលប្រយោជន៍ដែលកម្មករកម្មការនីទទួលបានក្នុងពេលវេលាដែលគេឈឺផងដែរ ៕
ចែករំលែកព័តមាននេះ