ខេត្តព្រៃវែង ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩របស់រដ្ឋបាលខេត្ត ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងចំណោមអ្នកធ្វើចត្តាឡីស័កទូទាំងខេត្ត ដែលមានចំនួនជិត១ម៉ឺននាក់នោះ គឺពុំមាននរណាម្នាក់វិជ្ជមានវីរុសកូវីដ-១៩ទេ ។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា រហូតមកដល់ពេលនេះ នៅខេត្តព្រៃវែងទាំងមូលពុំទាន់មានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ទេ ប៉ុន្តែយើងត្រូវតែបន្តនិងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ថែមទៀត ។ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបន្តធ្វើការផ្សព្វផ្សាយឱ្យបានជាប្រចាំ អំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងខេត្ត តាមរយៈវិទ្យុ ទូរទស្សន៍ បិទផ្ទាំងផ្សព្វផ្សាយ បណ្តាញសង្គម និងចាក់មេក្រូផ្សព្វផ្សាយតាមភូមិជាដើម ។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តបានបញ្ជូនសំណាកប្រជាពលរដ្ឋសង្ស័យទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ សរុបបានចំនួន៣.៧៩៥នាក់ ហើយជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។ ដោយឡែក អ្នកដែលត្រូវបានធ្វើចត្តាឡីស័កសរុបមានចំនួន៨.៦៧៩នាក់ ក្នុងនោះបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន៨.២៩១នាក់ និងកំពុងបន្តធ្វើចត្តាឡីស័កចំនួន៣៩៨នាក់ ។
បើទោះបីជានៅទូទាំងខេត្តពុំទាន់មានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយខាងអាជ្ញាធរនិងមន្ត្រីជំនាញ នៅតែបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមទីសាធារណៈ និងតាមទីប្រជុំជនសំខាន់ៗជារៀងរាល់ថ្ងៃក្តី ប៉ុន្តែគេសង្កេតឃើញថា វិធានការនោះហាក់ពុំសូវមានការតឹងរ៉ឹងនៅឡើយទេ ។
គេឃើញហាងខារ៉ាអូខេមួយចំនួននៅក្រុងព្រៃវែង និងនៅស្រុកពាមរក៍ នៅតែបន្តបើកទទួលភ្ញៀវចូលទៅផឹកស៊ីច្រៀងរាំយ៉ាងគគ្រឹកគគ្រេងជាធម្មតា ហាក់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ទាល់តែសោះ ។ ដូច្នេះហើយទើបប្រជាពលរដ្ឋជាច្រើន បានសំណូមពរឱ្យខាងអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ មេត្តាជួយពិនិត្យនិងចាត់វិធានការចំពោះហាងខារ៉ាអូខេទាំងនោះផង ៕
ចែករំលែកព័តមាននេះ