រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកានេះ ភ្លៀងធ្លាក់មួយមេ រយៈពេលមិនដល់២០នាទីផង ធ្វើឲ្យកំណាត់ផ្លូវលេខ១៣ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានជន់លិចខ្លាំង ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះ សូមមានការប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះបានធ្វើឲ្យមានការលិចផ្លូវ និងស្ទះចរាចរណ៍ផងដែរ ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកចេញផ្សាយ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ថា ចាប់ពីថ្ងៃទី១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយដោយស្ថានភាពបែបនេះធ្វើឲ្យមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ។
ក្រសួងបានបន្តថា នៅថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រ អាចមានកម្ពស់ ០,៥ – ១ម៉ែត្រ ៕
ចែករំលែកព័តមាននេះ