មនុស្សប្រុសក៏មានការលំបាកមិនចាញ់មនុស្សស្រីប៉ុន្មានដែរ ព្រោះមនុស្សប្រុសគឺជាជំហរ ជាបង្គោលយ៉ាងរឹងមាំ សម្រាប់គ្រួសារ តែបើសិនមនុស្សប្រុសមិនមានសមត្ថភាពនៅក្នុងការរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារបាន នារីពិតជាពិបាកសម្រេចចិត្តជ្រើសរើសជាគូអនា គត ។ ពិសេសសម័យនេះជាសម័យទំនើបនៅពេលរៀបចំអាពាហ៍ពិពាហ៍គឺត្រូវចំណាយប្រាក់អស់ច្រើនណាស់ ដូច្នេះហើយបុរសដែលចង់រៀបអាពាហ៍ពិពាហ៍គឺត្រូវតែរកប្រាក់ដើម្បីចំណាយនៅក្នុងពិធីរបស់ខ្លួន និងថ្លៃបង្គាប់របស់ឪពុកម្តាយខាងស្រីយ៉ាងលំបាក ។
មានយុវជនជាច្រើនត្អូញត្អែរពីការលំបាកក្នុងការរកប្រាក់សម្រាប់រៀបការ។ លោកភូ ភេង អាយុ២៨ឆ្នាំ ដែលជាអ្នករស់នៅសង្កាត់កោះដាច់ និង មានមុខរបរជាអ្នកលក់បាយនៅផ្សារ កណ្តាលប្រាប់កោះសន្តិភាពកាលពីថ្ងៃទី៣០ តុលាថា លោកមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី២នាក់ ចំណែកលោកជាកូនទី៣នៅក្នុងគ្រួសារ ។ ដោយសារតែជីវភាពក្រីក្រពពេកលោកបានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៩ ទៅធ្វើការនៅខេត្តព្រះសីហនុ គឺធ្វើជាអ្នកខាត់ថ្នាំរថយន្តឱ្យរលោង ។ បានរយៈពេល១ឆ្នាំ លោកត្រឡប់មកភ្នំពេញធ្វើជាអ្នកលក់បាយជាមួយម្តាយមីងនៅផ្សារកណ្តាល ហើយបានស្គាល់នារីជាអ្នកអ៊ុតសក់ម្នាក់ ។
លោកភូ ភេង បានដាក់ចិត្តស្រឡាញ់នារីនោះអស់រយៈពេល៥ឆ្នាំ ហើយក្នុងរយៈពេលនោះ លោកខំសន្សំប្រាក់ទុកសម្រាប់រៀបការ ។ ខាងស្រីបង្គាប់៥.០០០ដុល្លារ ប៉ុន្តែទោះបីជាលោកខំប្រឹងសន្សំយ៉ាងណាក៏មិនបានគ្រប់ឡើយ ព្រោះតែប្រាក់កម្រៃដែលបាននោះគឺវាសឹងតែមិនគ្រប់ចាយវាយផង ជួនកាលលោកឆ្លៀតជួយគ្រួសារខ្លះ ព្រមទាំងបង់ថ្លៃរៀនជួសជុលទូរស័ព្ទដៃ ។ ឆ្លៀតពេលនោះ លោកទៅធ្វើជាកម្មករសំណង់ទៀត តែមិនបានសល់ប្រាក់ច្រើនសម្រាប់ដណ្តឹងប្រពន្ធទេ ។
យុវជនមួយរូបទៀត ឈ្មោះរឹទ្ធ អាយុ២៥ឆ្នាំ រស់នៅខេត្តបាត់ដំបងជានិស្សិតបានស្រឡាញ់នារីឈ្មោះស្រីស្រស់ ដែលរស់នៅផ្ទះជិតគ្នា ។ លោកស្រឡាញ់នារីរូបនោះអស់រយៈពេល៨ឆ្នាំ ក៏ឱ្យម្តាយចូលស្តីដណ្តឹងទុក ព្រោះខ្លាចមានគេចូលស្តីដណ្តឹងមុន តែឪពុកម្តាយខាងស្រីបង្គាប់ជាង៥ពាន់ដុល្លារ ខណៈលោកមិនមានប្រាក់ច្រើនយ៉ាងនេះទេ ដូច្នេះហើយឪពុកម្តាយខាងស្រីក៏មិនព្រមឱ្យដែរ និងបានលើកនាងឱ្យទៅអ្នកផ្សេងដែលគេមានប្រាក់ជាងលោក ។ ទោះបីជាដឹងថា លោករឹទ្ធ និងនារីនោះស្រឡាញ់គ្នាយ៉ាងណាក៏ឪពុកម្តាយខាងស្រីមិនឱ្យដែរ ព្រោះតែរឿងគ្មានប្រាក់ថ្លៃបង្គាប់ ដូច្នេះខាងប្រុសមានតែទ្រាំមើលនារីដែលខ្លួនស្រឡាញ់រៀបការជាមួយអ្នកផ្សេងប៉ុណ្ណោះ ។
ដោយឡែកបុរសឈ្មោះខែន អាយុ៣១ឆ្នាំ ស្រុកកំណើតនៅខេត្តស្វាយរៀង សុខចិត្តចាកចេញពីស្រុកកំណើតទៅរកប្រាក់នៅឯប្រទេសថៃដើម្បីយកលុយមកចិញ្ចឹមគ្រួសារ និងរៀបការ ។
បុរសរូបនេះបានឱ្យគូដណ្តឹងចាំខ្លួនអស់រយៈពេល២ឆ្នាំ ដើម្បីរកប្រាក់មករៀបការ តែអស់រយៈពេល៣ឆ្នាំទៅហើយលោកនៅតែសន្សំប្រាក់មិនបានទៀតដោយសារតែជីវភាពគ្រួសារលោកលំបាកពេក ។ ទោះបីជាលោកខំធ្វើការថែមម៉ោងដល់យប់ជ្រៅក៏នៅតែសន្សំប្រាក់មិនបានដែរ ដូច្នេះហើយគូដណ្តឹងរបស់លោកសុំផ្តាច់ពាក្យទៅរៀបការជាមួយអ្នកថ្មីដោយមិនអាល័យលោកសោះ ។
លោកសុខ ពៅ រស់នៅរាជធានីភ្នំពេញ អាយុ៣៩ឆ្នាំទៅហើយ នៅតែមិនទាន់រៀបការទៀត ។ លោកធ្វើការងាររាជការផង និងឆ្លៀតបម្រើការងារក្រុមហ៊ុនផង តែលោកត្អូញត្អែរថា ប្រាក់កំរៃសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯងផង និងគ្រួសារផង ដូច្នេះវាបានត្រឹមតែមួយរស់ ម្យ៉ាងត្រូវរត់តាមទំនិញឡើងថ្លៃខ្ពស់ជាបន្តបន្ទាប់ផង ។ ក្នុងស្ថានភាពបែបនេះលោកមិនមានប្រាក់គ្រប់គ្រាន់សម្រាប់រៀបការទេ ។
លោកពៅនិយាយទាំងគ្រវីក្បាលថា «ពេលខ្លះអ្វីៗត្រូវគ្នាអស់ហើយ តែខុសគ្នាលើថ្លៃបង្គាប់ពីខាងស្រី។ គេបង្គាប់ខ្ពស់ពេក តើខ្ញុំមានប្រាក់ពីណា? ដូច្នេះខ្ញុំមានតែខំប្រឹងប្រែងរកប្រាក់ និងសន្សំសំចៃបន្តទៅទៀត»។យុវជនជាច្រើនទៀតសុទ្ធតែត្អូញត្អែររឿងពិបាករកប្រាក់សម្រាប់រៀបការដូចគ្នា ។
តាមអាណាព្យាបាលមួយចំនួននៅរាជធានីភ្នំពេញដែលធ្លាប់រៀបចំពិធីមង្គលការឱ្យកូនរបស់ខ្លួនប្រាប់ថា ការរៀបចំពិធីមង្គលការមួយយ៉ាងតិចបំផុតត្រូវចំណាយប្រាក់អស់ជាង៥ពាន់ដុល្លារ ព្រោះអ្វីៗសុទ្ធតែថ្លៃដូចជា សំអាងការ ម្ហូបអាហារ និងកន្លែងជួលរៀបពិធីជប់លៀងជាដើម ។
ទាក់ទិនទៅនឹងបញ្ហានេះ លោកស្រីលឹម មុនី ជាអនុប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក ប្រាប់កោះសន្តិភាពឱ្យដឹងថា ជាទូទៅតាមច្បាប់ដែលបានចែងមកមិនមានការបង្គាប់យកប្រាក់បណ្ណាការអ្វីទេ ។ ការបង្គាប់វាគ្រាន់តែជាទំនៀមទម្លាប់ប្រពៃណីខ្មែរទេ ប៉ុន្តែគួរតែមាតាបិតាគិតពីអនាគតកូនៗ បើសិនជាមនុស្សប្រុសដែលស្រឡាញ់កូនស្រីយើងគេគឺជាមនុស្សល្អ ហើយអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្តល់សុភមង្គលឱ្យកូនលោកអ្នកបាន គួរតែគិតគូរសាជាថ្មីមិនត្រូវគិតពីទ្រព្យជាធំនោះទេ ព្រោះប្រាក់កាសគ្រាន់តែជាមធ្យោបាយមួយនៅក្នុងការយកមករៀបចំពិធីមង្គលការ តែបើសិនជាកូនប្រុសល្អ តែរួមគ្នាជួយដោះស្រាយម្នាក់ពាក់កណ្តាល ឬក៏ជួយចេញខ្លះ ទើបជាការប្រសើរ។
លោកស្រីបញ្ជាក់ថា «ការរៀបពាហ៍ពិពាហ៍គ្រាន់តែជាពិធីមួយដើម្បីប្រកាសប្រាប់ញាតិមិត្តថាខ្លួនបានរៀបការតាមប្រពៃណីខ្មែរ តែធាតុពិតនិងពិសេសលើសពីការរៀបការនោះ គឺការចុះសំបុត្រអាពាហ៍ពិពាហ៍ដែលអាចបញ្ជាក់ថាជាប្តីប្រពន្ធពេញច្បាប់ និងពេញសិទ្ធិ ។ ដូច្នេះមាតាបិតាគ្រប់រូបត្រូវតែគិតពីចំណុចនេះឱ្យបានច្បាស់ បើសិនជាកូនស្រឡាញ់គ្នា ហើយបុរសរូបនោះជា មនុស្សល្អ គួរតែជួយចេញឱ្យគ្នាទៅវិញទៅមក ទុកប្រាក់កាសជារបស់ក្រៅខ្លួនទើបជាការប្រសើរ» ៕
ចែករំលែកព័តមាននេះ