ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សពមនុស្សម្នាក់មិនដឹងជាប្រុសឬស្រី ហើយក៏មិនដឹងថា បាត់បង់ជីវិតដោយសារមូលហេតុអ្វីនោះទេ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់ចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងខណៈពេលដែលប្រជាពលរដ្ឋចុះទៅកាប់ព្រៃបោះ ដើម្បីសម្អាតតាមចិញ្ចើមផ្លូវ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភ្លាមៗនោះគេនៅពុំទាន់ស្គាល់អត្តសញ្ណាណរបស់ជនរងគ្រោះនៅឡើយទេ ហើយក៏មិនដឹងថាជាបុរស ឬស្ត្រី ឬក្មេងចាស់នៅឡើយដែរ និងមិនទាន់ដឹងជាប់ពាក់ព័ន្ធនឹងករណីអ្វីនៅឡើយដែរ ព្រោះស្ថានភាពប្រទះឃើញសពជនរងគ្រោះនៅបាំងព្រៃ រង់ចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសិន ។
គិតមកត្រឹមវេលាម៉ោង១រសៀលថ្ងៃទី១៩ តុលា នេះ សពមនុស្សម្នាក់ដែលគេប្រទះឃើញ នៅក្បែរផ្លូវជាតិលេខ៤ កាលពីព្រឹកមិញនោះ សមត្ថកិច្ចពុំទាន់កំណត់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ និងមិនទាន់ដឹងជាករណីអ្វីនៅឡើយដែរ ។
បើតាមសមត្ថកិច្ចបានអះអាងថា សពជនរងគ្រោះខាងលើ គឺជាស្ត្រីម្នាក់ ដោយសពមានសភាពហើមមុខមាត់មើលលែងស្គាល់ទៅហើយ និងអាចបាត់បង់ជីវិតរយៈពេលមួយឬពីរថ្ងៃកន្លងមកហើយ ។
ទោះបីជាយ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីរកអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុដែលនាំឱ្យស្ត្រីរងគ្រោះបាត់បង់ជីវិត ៕ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ