រាជធានីភ្នំពេញ ៖ បុរសជាជនជាតិវៀតណាមម្នាក់ធ្វើសំណង់នៅការដ្ឋានមួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ បានលួចចេញក្រៅទៅសម្ងំជក់ថ្នាំជាមួយមិត្តភក្តិ លុះត្រឡប់មកវិញយឺតម៉ោង ក៏ត្រូវសន្តិសុខបិទរបងមិនឱ្យចូលបាន ឃើញដូច្នេះបុរសរូបនេះក៏លួចផ្លោះរបងចូលការដ្ឋានគេនៅក្បែរគ្នា ដើម្បីចូលទៅកន្លែងខ្លួនស្នាក់នៅ ក៏ត្រូវសន្តិសុខមើលការខុសត្រូវនៅទីនោះ ប្រទះឃើញក៏ឃាត់ខ្លួន រួចរាយការណ៍ប្រាប់សមត្ថកិច្ចរឃាត់ខ្លួនតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង10និង30នាទីយប់ ថ្ងៃទី12 ខែតុលា ឆ្នាំ2020 នៅចំណុចក្នុងការដ្ឋានសំណង់ RSN ផ្លូវសុធារស ក្រុម5 ស្ថិតក្នុងភូមិ2 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសខាងលើនេះឈ្មោះ ផុង ណាម ជនជាតិវៀតណាម អាយុ23ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ យូអៅ នៅជាប់គ្នានឹងការដ្ឋានសំណង់ RSN ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំណែកវត្ថុតាងដែលដកហូតបានមានម្សៅក្រាម.សថ្លាមួយកញ្ចប់តូច ដែលសង្ស័យថា ជាសារធាតុញៀន។
យោងតាមចម្លើយជនសង្ស័យឆ្លើយសារភាពប្រាប់ថា ខ្លួនទើបតែមកពីប្រទេសវៀតណាមមកធ្វើការនៅការដ្ឋានសំណង់ «យូអៅ» ក្នុងសង្កាត់ទន្លេបាសាក់ បាន2ថ្ងៃប៉ុណ្ណោះ ហើយមុនកើតហេតុ បន្ទាប់ពីសម្រាកពីការងារ រូបគេក៏បានចុះទៅញាំបាយ និងដើរទៅលេងមិត្តភក្ដិ រួចក៏សម្ងំជក់ថ្នាំនៅការដ្ឋានសំណង់មិត្តភ័ក្តិម្តុំវត្តស្វាយពពែ ។
ជនសង្ស័យសារភាពទៀតថា លុះពេលនៅសល់ថ្នាំ រូបគេក៏លាក់ក្នុងហោប៉ៅអាវខាវប៊យ រួចក៏ដើរត្រលប់មកការដ្ឋានខ្លួនវិញ តែពេលដែលរូបគេមកដល់ការដ្ឋានដែលខ្លួនធ្វើការនោះ បានបិទទ្វាររបង ព្រោះតែដល់ម៉ោងហាមចេញ-ចូល។ ដោយគ្មានកន្លែងគេង រូបគេក៏បានសម្រេចចិត្តផ្លោះរបងចូលការដ្ឋានសំណង់ RSN ដែលនៅក្បែរគ្នានោះ ដើម្បីឆ្លងចូលទៅការដ្ឋានខ្លួន ។
ប្រភពដដែលបន្តទៀតថា លុះពេលផ្លោះចូលដល់ក្នុង ក៏ត្រូវសន្តិសុខយាមនៅក្នុងនោះឃាត់ខ្លួន និងប្តឹងកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ឃាត់ខ្លួន និងត្រួតពិនិត្យលើខ្លួនបុរសវៀតណាមរូបនេះ រកឃើញមានថ្នាំញៀនមួយកញ្ចប់តូចលាក់ទុកក្នុងហោប៉ៅអាវខាវប៊យ ក៏ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមវិធីហើយ ៕
ចែករំលែកព័តមាននេះ