ខេត្តបាត់ដំបង៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ តុលា នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ឡើងវិញដល់កំរិត១៤,២ម៉ ដែលធ្វើឱ្យកំណាត់ផ្លូវនានា ផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងស្ទើរគ្រប់ទីកន្លែងនៅតែបន្តការលិចលង់ ខណ:កាលពីម្សិលមិញកំពស់ទឹកបានថមថយបន្តិចទៅហើយ។ នេះបើតាមមន្ត្រីដែលតាមដានកំរិតទឹកស្ទឹងសង្កែជាប្រចាំបាននិយាយ ។
មន្ត្រីជំនាញបាននិយាយថា ទឹកស្ទឹងសង្កែបានហក់ឡើងវិញ ចាប់តាំងពីវេលារំលងអធ្រាត្ររហូតមក ដោយសារនៅប៉ែកខាងលើនៃស្រុកសំឡូត មេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ស្រាកស្រាន្ត ។ ដូច្នេះហើយ ទើបធ្វើឱ្យទឹកនៅដងស្ទឹងសង្កែ នៅតែបន្តឡើង និងធ្វើឱ្យលិចលង់កាន់តែខ្លាំងដល់ផ្លូវថ្នល់ លំនៅឋានពលរដ្ឋ និងដំណាំកសិកម្ម។
បើតាមព័ត៌មានបណ្ដោះអាសន្ននានា ដែលកោះសន្តិភាពទទួលបាននៅព្រឹកនេះ គឺនៅតាមបណ្ដាស្រុកមួយចំនួនជាប់ព្រំដែនថៃ ហាក់បានធូរស្រាលបន្តិច តែទឹកជំនន់នេះហាក់កំពុងហូរឆ្ពោះទៅកាន់បណ្ដាស្រុកមួយចំនួននៅប៉ែកខាងក្រោមៗ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ តុលា បើតាមសេចក្ដីរាយការណ៍ថា ជំនន់ទឹកភ្លៀងបាននិងកំពុងវាយប្រហារចូលទៅតាមបណ្ដាឃុំខ្លះនៃស្រុកបវេល ធ្វើឱ្យលិចលង់ខ្លាំងនៅឡើយ ខណ:អាជ្ញាធរនិងសមត្តកិច្ច នៃស្រុកនេះកំពុងប្រឹងប្រែងចុះជួយសង្គ្រោះពលរដ្ឋខ្វែងដៃខ្វែងជើងបំផុត។
ដោយឡែក នៅឯស្រុកឯកភ្នំឯណោះវិញ បើប្រភពព័ត៌មានបានផ្ដល់ជាបឋមថា ស្ទើរទីកន្លែងនៃស្រុកជាប់ទន្លេសាបមួយនេះ កំពុងរងគ្រោះធ្ងន់ធ្ងរផងដែរ។ ផ្លូវថ្នល់ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានត្រូវខូចខាត លំនៅឋានពលរដ្ឋរាប់រយគ្រូសារត្រូវលិចលង់ រីឯដំណាំកសិកម្មរាប់រយហិចតាក៏អាចប្រឈមនឹងការខូចខាតដែរ។
ប៉ុន្តែពេលនេះ ទាំងអាជ្ញាធរខេត្ត ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន បាននិងកំពុងសម្រុកចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលកំពុងរងគ្រោះ ជាមួយនឹងការចុះចែកអំណោយជាបន្តបន្ទាប់ដល់ជនរងគ្រោះ។ ប៉ុន្តែយ៉ាងប្រជាពលរដ្ឋគ្រប់ទីកន្លែងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ៕
ចែករំលែកព័តមាននេះ