រាជធានីភ្នំពេញ ៖ ចាប់បានហើយជនសង្ស័យជាមុខសញ្ញាជិះម៉ូតូឆក់នៅតាមភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ហើយបើតាមចម្លើយសារភាព គឺធ្លាប់ប្រព្រឹត្ត៤ករណីមកហើយ ។
តាមការបង្ហាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវបេតុង បុរីហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានលោកវរសេនីយឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា មានអំពើឆក់ខ្សែ.កមួយបានកើតឡើងនៅចំណុចមុខផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ដែលជនរគ្រោះឈ្មោះ ផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់គ្រឿងរថយន្ត ខណៈពេលជនរងគ្រោះកំពុងបោសសំរាមនៅមុខផ្ទះ ។
ប្រភពដដែលបន្តទៀតថា ខណៈពេលធ្វើសកម្មភាពនោះ គឺជនសង្ស័យមានតែម្នាក់ឯងប៉ុណ្ណោះ ជិះម៉ូតូមួយគ្រឿង រួចក៏បានធ្វើសកម្មភាពឆក់យកខ្សែ.កផ្លាកទីនទម្ងន់៨ជី ពីជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលធ្វើសកម្មភាពរួច ដោយមានការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានកំណត់មុខសញ្ញាជនសង្ស័យ ទើប១ថ្ងៃក្រោយមកក៏ឈានដល់ការឃាត់ខ្លួនចោរឆក់ខ្សែ.ករូបនោះបានតែម្តង ។ ពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា ធ្លាក់ធ្វើសកម្មភាពឆក់ចំនួន៤លើកមកហើយ សុទ្ធតែបានសម្រេច ៖
លើកទី១- ឆក់ខ្សែ.កមាសទម្ងន់៤តម្លឹង៥ជី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២ ផ្លូវលេខ១៨២ កែងផ្លូវលេខ២១៩ ក្រុម២៣ ភូមិ៥សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៦និង៤៥នាទីរសៀលពីជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៣ សង្កាត់ចោម៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាយោធា ។
លើកទី២- ឆក់កាបូបស្ពាយពណ៌ទឹកសមុទ្រលាយផ្កាឈូក ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១០ កែងផ្លូវលេខ២០១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០យប់ ពីជរងគ្រោះឈ្មោះ សេត ស៊ីដារេយ្យ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ៤០សេអឺ០ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរលក់ដូរ បាត់បង់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចអេស១១ប្រូ ពណ៌ខ្មៅ១គ្រឿង និងប្រាក់ចំនួន១៥០០ដុល្លារអាមេរិក ។
លើកទី៣- ឆក់ខ្សែ.កផ្លាកទីនទម្ងន់៨ជី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលំ ផ្លូវលំ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ កាលពីម៉ោង៤និង៤០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ពីជនរងគ្រោះឈ្មោះ ច្រឹក ថុន ភេទស្រី អាយុ៥៥ ឆ្នាំ មានទីលំនៅផ្ទះលេខ១៥ ផ្លូវលំ ផ្លូវលំ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌ មានជ័យ មុខរបរនៅផ្ទះ ។
និងលើកទី៤- គឺឆក់ខ្សែ.កពីជនរងគ្រោះកំពុងបោសសំរាមមមុខផ្ទះ ដូចមានក្នុងរូបភាព និងសកម្មភាពជាក់ស្តែងខាងលើនេះ ។
ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ពាក់ព័ន្ធបទល្មើសឆក់ (លួចមានស្ថានទម្ងន់ទោស) សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ