ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូនិងរថយន្ដ បណ្ដាលឱ្យជនរងគ្រោះមួយគ្រួសារមានចំនួន៣នាក់ (ឪពុក ម្តាយ និងកូនង៉ែត) បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទី យប់ថ្ងៃទី០៧ តុលា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧ ជិតព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្តបង្កម៉ាកកាមរី(ស្វិត) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ: 2A: 2100 រថយន្ត និង ម៉ូតូជនរងគ្រោះខ្ទេចមើលលែងស្គាល់ ខណ:ពេលបើករបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយរថយន្តបង្កបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅ ទៅត្បូង ដល់ចំណុចកើតហេតុរថយន្ត បានបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នា ពីត្បូង ទៅទិសខាងជើង យ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតយ៉ាងអណោចអាធ័មបំផុត។
បន្ទាប់ពីកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ចំពោះសពជនរងគ្រោះទាំង០៣នាក់ ឪពុក ម្តាយ និងកូនប្រុស ខាងសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បច្ចុប្បន្ន ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំបូរ ដើម្បីស្រាវជ្រាវ និងបន្តដោះស្រាយនាពេលក្រោយ ។
ចែករំលែកព័តមាននេះ