ខេត្តបាត់ដំបង ៖ ជាង១សប្តាហ៍ហើយដែលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានពង្រាយកម្លាំងគ្រប់ច្រកល្ហកតាមប្រមាញ់មុខសញ្ញាលួចកាំភ្លើងម្នាក់ ដែលគេដឹងថា បានលួចយកកាំភ្លើងអាកាបត់១ដើម មានគ្រាប់២ទូសៀ ព្រមទាំងឯកសណ្ឋាននគរបាល និងសង្ស័យថា មានទាំងគ្រាប់បែកទៀតផង ពីប៉ុស្តិ៍នគរបាលវរការពារព្រំដែនគោកលេខ៨២១ នៅខេត្តប៉ៃលិន ហើយបានចូលមកដល់ទឹកដីខេត្តបាត់ដំបង ។ ចំណែកលោកស្នងការខេត្តប៉ៃលិនប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ។
លោកជេត វណ្ណនី ស្នងការរងខេត្តដែលបានដឹកនាំកិច្ចប្រតិបត្តិការនេះតាំងពីថ្ងៃដំបូងបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៧ កក្កដា ថា មុខសញ្ញានោះបានលួចយកអាវុធអាកា១ដើមពីប៉ុស្តិ៍នគរបាលការពារព្រំដែនខេត្តប៉ៃលិន ហើយចូលមកទឹកដីខេត្តបាត់ដំបង ។ លោកបន្ថែមថា ខ្មាន់កាំភ្លើងនោះត្រូវគេប្រទះឃើញបង្ហាញខ្លួនក្នុងភូមិសាស្ត្រទឹកដីឃុំអន្លង់រុន ស្រុកថ្មគោល ក្នុងឯកសណ្ឋាននគរបាល ស្ពាយកាំភ្លើង និងមានស្ពាយគ្រាប់២ទូសៀទៀតផង ។ លោកថា ជននេះមានគ្នា២នាក់ ដែលម្នាក់នោះជាជនសមគំនិត ហើយត្រូវសមត្ថកិច្ចស្រុកថ្មគោលឃាត់ខ្លួននិងបានបញ្ជូនទៅឱ្យសមត្ថកិច្ចខេត្តប៉ៃលិនវិញ ក្រោយពីសួរនាំរួចមក ។ លោកជេត វណ្ណនី បញ្ជាក់បន្ថែមថា រឿងរ៉ាវនេះបែកធ្លាយដោយសារតែយើងឃាត់ខ្លួនជនសមគំនិតបានម្នាក់ ទើបដឹងថា ពួកគេបានលួចកាំភ្លើងនោះពីសមត្ថកិច្ចការពារព្រំដែនខេត្តប៉ៃលិន ។
លោកហៀង ប៊ុនថា នាយកផ្នែកព្រហ្មទណ្ឌអធិការស្រុកថ្មគោល បានឱ្យដឹងដែរថា ជនសមគំនិតនោះឈ្មោះគឹម ប៊ុនណា អាយុ២៧ឆ្នាំ នៅភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជននេះត្រូវសមត្ថកិច្ចរបស់លោកឃាត់ខ្លួនសួរនាំកាលពីថ្ងៃទី១០ កក្កដា ខណៈកំពុងអង្គុយផឹកស្រារាប់ម៉ោងគួរឱ្យសង្ស័យនៅតូបមួយក្នុងភូមិកៀនកេស ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ លោកប៊ុនថា បញ្ជាក់ថា ក្រោយពីសួរនាំទើបដឹងថា បុរសនេះមានពាក់ព័ន្ធជាមួយបុរសម្នាក់ទៀតដែលជននេះប្រាប់ថា ឈ្មោះហេង សុធី អាយុ៣៥ឆ្នាំ ដែលបានលួចកាំភ្លើងពីប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ៨២១នៅខេត្តប៉ៃលិន ។
តាមការស្រង់សម្តីជនសមគំនិតឈ្មោះគឹម ប៊ុនណា បាននិយាយថា ឈ្មោះហេង សុធី មានទីលំនៅនៅក្នុងភូមិអូរគ្រាត ឃុំគារ ស្រុកម៉ោងឫស្សី ។ ជននេះនិយាយថា ពួកខ្លួនជាកម្មករដាំដំឡូង ឬកាច់ពោតនៅតំបន់ព្រំដែនក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ៨២១នោះ ។ គឹម ប៊ុនណា ប្រាប់សមត្ថកិច្ចថា ហេង សុធី បានលួចយកកាំភ្លើងនោះពីប៉ុស្តិ៍ការពារព្រំដែនខាងលើកាលពីថ្ងៃទី៩ កក្កដា តែខ្លួនមិនបានដឹងទេ លុះនៅព្រឹកថ្ងៃទី១០ កក្កដា ពេលដែលឈ្មោះសុធី នេះបបូលខ្លួនជិះតាក់ស៊ីមកខេត្តបាត់ដំបងជាមួយទើបដឹងដោយសារគេនិយាយប្រាប់ ។ លុះពេលមកដល់ចំណុចភូមិកៀនកេស ឈ្មោះសុធី បានឱ្យចុះចាំនៅទីនោះ បែរជាគេជិះតាក់ស៊ីគេចបាត់ស្រមោល ។ ជននេះប្រាប់ថា ឈ្មោះសុធី បានលួចយកកាំភ្លើងអាកាបត់១ដើម គ្រាប់២ទូសៀមាន៧បង់ ឯកសណ្ឋាននគរបាល និងមានគ្រាប់បែកដៃផង ។
ជុំវិញសំណុំរឿងចោរលួចកាំភ្លើងពីប៉ុស្តិ៍នគរបាលការពារព្រំដែនខេត្តប៉ៃលិននេះ លោកឧត្តមសេនីយ៍ត្រី ឡី ចាន់ឆាយ ស្នងការខេត្តប៉ៃលិនបានបំភ្លឺកាលពីព្រឹកថ្ងៃទី១៧ កក្កដា តាមទូរស័ព្ទប្រាប់កោះសន្តិភាពថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ព្រោះលោកកំពុងនៅភ្នំពេញ ។ គិតមកដល់ថ្ងៃទី១៧ កក្កដា ករណីចោរលួចកាំភ្លើងខាងលើនេះមានរយៈពេលជាង១សប្តាហ៍ហើយ ប៉ុន្តែបែរជាសមត្ថកិច្ចខេត្តប៉ៃលិននៅមិនទាន់ដឹងរឿងនេះទៀត ។ តាមប្រភពពីអ្នកភូមិដែលប្រទះឃើញខ្មាន់កាំភ្លើងនេះបានប្រាប់សមត្ថកិច្ចថាជននោះស្ថិតក្នុងឯកសណ្ឋាននគរបាលការពារព្រំដែន ត្រូវគេឃើញដើរកាលពីរសៀលថ្ងៃទី១១ កក្កដា នៅក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ។ អ្នកភូមិប្រាប់ថា ជាមួយនិងអាវុធ១ដើម គេឃើញជននេះមានស្ពាយទូសៀចំនួន២ទៀត ដែលទូសៀ១ស្ពាយចំហៀង និង១ទៀតចងនៅចង្កេះពីចំហៀងដែរធ្វើដូចខ្លួនជានគរបាលការពារព្រំដែនពិតៗ ។ គេបានសួរនាំខ្មាន់កាំភ្លើងនោះ តែជននោះប្រាប់អ្នកភូមិថា គេចុះមកបង្ក្រាបក្រុមក្មេងទំនើង ហើយក៏ដើរបាត់ទៅ តែគ្មានអ្នកណាម្នាក់ប្រហាក់ប្រហែលមុខនោះទេ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមនៅរសៀលថ្ងៃទី១១ កក្កដា លោកស្នងការខេត្តបញ្ជាភ្លាមៗឱ្យលោកដឹកនាំកម្លាំងចុះតាមដានមុខសញ្ញានេះដល់តំបន់នោះ ។ លោកថា កម្លាំងសម្ងាត់បានតាមពីក្រោយខ្មាន់កាំភ្លើងនោះ តែបានបាត់ដាននៅពេលមុខសញ្ញាបានតម្រង់ទៅកាន់ភូមិសាស្ត្រភ្នំ១៥០ ក្នុងទឹកដីឃុំតាគ្រាម ស្រុកបាណន់ ខណៈគ្រានោះថ្ងៃលិច និងយប់ងងឹតផង ។ ប៉ុន្តែលោកថា កម្លាំងសមត្ថកិច្ចរាប់សិបនាក់បានឃ្លាំមើលមុខសញ្ញារហូតដល់ពាក់កណ្តាលអធ្រាត្រទើបដកថយ ។ លុះម៉ោង៤ទៀបភ្លឺថ្ងៃទី១២ កក្កដា លោកបន្តនាំកម្លាំងចុះកំណត់មុខសញ្ញាជាថ្មីទៀត តែជននេះបានគេចខ្លួនបាត់ស្រមោលរហូតដល់ពេលនេះ ។ លោកជេត វណ្ណនី បានបញ្ជាក់ថា លោកកំពុងមានការព្រួយបារម្ភអំពីមុខសញ្ញានេះ ព្រោះជនម្នាក់នេះអាចប្រព្រឹត្តបទល្មើសបានយ៉ាងងាយស្រួលនៅតាមបណ្តាស្រុក ឬខេត្តផ្សេងៗ ។
នេះជាបន្ទុកថ្មីមួយករណីទៀតលើបន្ទុកចាស់ដែលមានស្រាប់ ដែលសមត្ថកិច្ចគ្រប់ស្ថាប័នត្រូវតែមានការប្រុងប្រយ័ត្ន។ លោកប្រាប់ថា លោកស្នងការនៅតែមានចំណាត់ការឱ្យកងកម្លាំងតាមបណ្តាស្រុក ក៏ដូចជានៅក្នុងក្រុងបន្តការទប់ស្កាត់ជានិច្ច ហើយពេលយប់កម្លាំងស្នងការដ្ឋានខេត្តបានចុះតាមគោលដៅឆែកឆេរអាវុធជាតិផ្ទុះជាប្រចាំផងដែរ ៕
ចែករំលែកព័តមាននេះ