រាជធានីភ្នំពេញ ៖ លោកជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ កក្កដា បានធ្វើការចោទប្រកាន់បុរស២នាក់ថាជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហាររឿងជម្លោះផឹកស៊ីនៅក្លិបរាត្រីលុច្សសារី បណ្តាលឱ្យយុវជនម្នាក់រងរបួសជាទម្ងន់ ។ ការចោទប្រកាន់ពីសំណាក់តំណាងអយ្យការសាលាដំបូងលើបុរសទាំង២នាក់នោះ មាន២បទល្មើស គឺ១- ប៉ុនប៉ងឃាតកម្ម និង២- ប្រើប្រាស់អាវុធខុសច្បាប់ ហើយសំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ។
ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះសុខ គង់ ហៅយឹម គង់ អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជូលម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះអ៊ុត សុជាទីន ហៅផៃ អាយុ៣៣ឆ្នាំ ជាយោធា និងជាម្ចាស់អាវុធខ្លីម៉ាកប៉េអាកុល ។
ការដែលតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញសម្រេចធ្វើការចោទប្រកាន់ជនទាំង២នាក់នេះ ដោយយោងទៅលើហេតុការណ៍កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ កក្កដា មានករណីទំនាស់នៅក្លិបរាត្រីមួយឈ្មោះលុច្សសារី ស្ថិតនៅកែងផ្លូវលេខ១៩៩និងផ្លូវលេខ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ នៅក្នុងទំនាស់គ្នានេះ ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើយុវជនម្នាក់ឈ្មោះ អ៊ុត វិទូ អាយុ២២ឆ្នាំ ជាជាងជួសជុលរថយន្តនៅម្តុំមជ្ឈមណ្ឌលកូលាប១ វត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពីមានហេតុការណ៍បាញ់ប្រហារនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ខណៈពួកគេទៅយកម៉ូតូដែលផ្ញើនៅក្លិបរាត្រីលុច្សសារី ហើយជនសង្ស័យត្រូវបានគេសន្និដ្ឋានថា ជាក្រុមខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារជនរងគ្រោះ ។ ទោះបីជាបែបណា ចម្លើយទាំងនៅ សមត្ថកិច្ចទាំងនៅតំណាងអយ្យការ ជនសង្ស័យមិនបានសារភាពថា ពួកគេជាអ្នកប្រព្រឹត្តនោះទេ ។ ថ្វីបើបែបនេះក្តី សមត្ថកិច្ចមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុកលើជនសង្ស័យ ហើយរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថបានសន្និដ្ឋានពួកគេពីបទមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់ ៕
ចែករំលែកព័តមាននេះ