ខេត្តព្រះសីហនុ ៖ កម្រនឹងមានណាស់ ករណីជនជាតិរុស្សីម្នាក់ និងម្នាក់ទៀតជាជនជាតិតួប៊េគីស្ថាន បានជាប់សង្ស័យជាចោរលួចម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌខេត្តព្រះសីហនុ បើកការស្រាវជ្រាវ នឹងឈានដល់ការឃាត់ខ្លួនពាក់ព័ន្ធពីបទលួចម៉ូតូ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលបណ្ដឹងរាយការណ៍ពីឈ្មោះ សំ រដ្ឋា ភេទស្រី អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបរបុគ្គលិកដេប៉ូគិតប៊ុន ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជុំវិញហេតុការណ៍មួយបានកើតឡើង កាល ពីវេលាម៉ោងប្រហែល២រំលងអាធ្រាត្រ គាត់បានបាត់ម៉ូតូ២គ្រឿង ម៉ាកអ៊ែរប្លែត ត្រូវចោរចូលលួចក្នុងរបងផ្ទះ ។
ក្រោយពីទទួលបានបណ្ដឹង លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងជំនាញការិយាល័យព្រហ្ម ឲ្យចុះទៅស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោង២ រសៀលថ្ងៃដដែលនោះ ទើបសមត្តកិច្ចធើ្វការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដែលមានម្នាក់ឈ្មោះ Izmeuskii Ilia ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរុស្សី គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់៤ ក្រុង -ខេត្ដព្រះសីហនុ(ចារី)ធ្វើតេស្តទឹកនោមមានសារធាតុញៀន និងម្នាក់ឈ្មោះ Mamebov Ruslan ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិតួប៊េគីស្ថាន គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅផ្ទះជួលបុរីBS ភូមិ៥ សង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ (សមគំនិត) ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យឈ្មោះ Izmeuskii Ilia បានឆ្លើយសារភាពថា ខ្លួនបានមករស់នៅខេត្ដព្រះសីហនុ តាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃនេះ ។ នៅវេលាម៉ោង១ និង៤០នាទីយប់រំលងអាធ្រាតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រូបគេបានជិះម៉ូតូម្នាក់ឯងដើរលេងក្នុងក្រុងព្រះសីហនុ ក៏ឃើញផ្ទះមួយទំនងអាចចូលលួចយកម៉ូតូបាន ខ្លួនក៍ឈប់ម៉ូតូចាក់សោរទុកចោលនៅខាងក្រៅរបងផ្ទះនោះ ហើយដើរចូលទៅលួចយកម៉ូតូម៉ាកអ៊ែរប្លែត១គ្រឿង ដែលម្ចាស់ទុកនៅមុខបន្ទប់ក្នុងរបង ហើយជិះម៉ូតូនោះចេញយកទៅទុកនៅផ្ទះរបស់ខ្លួន នៅក្នុងបុរីBS ភូមិ៥ សង្កាត់៤ រួចរូបគេក៏ហៅម៉ូតូកង់បីជិះត្រឡប់មកផ្ទះនោះវិញ ក៏ដើរចូលទៅលួចយកម៉ូតូ១គ្រឿងទៀត ហើយបានជិះយកទៅទុកនៅបន្ទប់ជួលរបស់ឈ្មោះ Mamebov Ruslan ស្ថិតនៅមុខសាលារៀនអូរ២ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ។
បន្ទាប់ពីលួចបានម៉ូតូ២គ្រឿងហើយ គេក៏ត្រឡប់មកយកម៉ូតូរបស់ខ្លួនឯងវិញ ដែលទុកចោលនៅមុខផ្ទះជនរងគ្រោះ ដើម្បីជិះទៅបន្ទប់ស្នាក់នៅក្នុងបុរីBS ។ ជនសង្ស័យបន្តថា បន្ទាប់មកទៀតគេបានយកម៉ូតូដែលលួចនោះ ទៅបាញ់ថ្នាំព៌ណសពីលើ ដើម្បីបន្លំកុំឲ្យម្ចាស់ម៉ូតូស្គាល់ និងត្រៀមទុកលក់ចេញ ស្រាប់តែដល់វេលារសៀលថ្ងៃដដែល ក៍ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ទាំងពីរនាក់តែម្ដងទៅ ។
ពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ម៉ូតូអ៊ែរប្លេត៦គ្រឿង ក្នុងនោះមាន២គ្រឿងជារបស់ជនរងគ្រោះ ហើយត្រូវបានកម្លាំងជំនាញប្រគល់ឲ្យទៅជនរងគ្រោះ ដើម្បីប្រើប្រាស់បណ្តោះអាសន្នវិញតាមការស្នើសុំ
ផ្លាកលេខម៉ូតូ១សន្លឹក (ភ្នំពេញ1X-6929) គ្រឿងបន្លាស់ សម្ភារ និងឧបករណ៍ជួសជុលមួយចំនួន និងកញ្ឆាក្រៀម២ដុំតូច ។
ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង រួមនឹងឧបករណ៍ចាប់យកជាច្រើនទៀត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ តាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ