រាជធានីភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដើម្បីបង្ការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីជំងឺកូវីដ-១៩ ។ នេះបើតាមក្រសួងទេសចរណ៍ឲ្យដឹង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ។
ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោក នៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់បណ្តាប្រទេសជាមិត្ត ដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ ។
ម្យ៉ាងទៀត ពិធីបុណ្យសមុទ្រដែលកន្លងមកកម្ពុជាតែងរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំង៤ជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ៕
ចែករំលែកព័តមាននេះ