ខេត្តកំពង់ចាម ៖ ពិតជាស្លុត និងរន្ធត់ណាស់ ដោយសារតែបាក់ស្រុតបេតុងសួនច្បារមាត់ទន្លេ ក្បែរលូធំបង្ហូរទឹកចូលទៅក្នុងទន្លេមេគង្គ ជិតក្រោមស្ពានគីហ្សុណា ក្រុងកំពង់ចាមតែម្តង។ ប៉ុន្តែសំណាងល្អ មិនបានបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែម៉ូតូម៉ាកវ៉េវមួយគ្រឿង ត្រូវបានស្រូបចូលទៅក្នុងដីលិចបាត់រកពុំទាន់ឃើញឡើយ ចំណែកអាជ្ញាធរវិញបានរុំខ្សែព័ទ្ធនិងហាមមិនឲ្យមនុស្សចូលទៅកន្លែងបាក់ស្រុតបេតុងនោះទេ ព្រមទាំងរៀបចំជួសជុលឡើងវិញ ឲ្យបានឆាប់បំផុត។
លោក នេន សុខឃីន អាយុ៤៤ឆ្នាំ អ្នកលក់បបរ.ស ស្នាក់នៅផ្ទះជួលក្នុងសង្កាត់វាលវង់ មានចម្ងាយប្រមាណ៣០០ម៉ែត្រពីកន្លែងកើតហេតុបានរៀបរាប់ទាំងតក់ស្លុតឲ្យដឹងថា នៅកណ្ដាលអធ្រាត្រយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ គាត់បានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងតែម្នាក់ឯង នៅលើខឿនបេតុងសួនច្បារមាត់ទន្លេ ជិតក្រោមស្ពានគីហ្សុណា ។ ក្នុងគ្រានោះ ស្រាប់តែបាក់ស្រុតបេតុងដោយចៃដន្យ ក្រោយពីមេឃបានបង្អុលធ្លាក់ភ្លៀងរួច។ ជាហេតុធ្វើឲ្យទាំងម៉ូតូ និងមនុស្សបានធ្លាក់ចូលទៅក្នុងរណ្ដៅដីដែលមានទំហំប្រមាណ៥ម៉ែត្របួនជ្រុង ពេលនោះគាត់បានប្រឹងធាក់ឡើងលើគោកវិញបានទាំងត្រហេបត្រហប និងមានការផិតភ័យជាខ្លាំង ស្ទើរតែគាំងបេះដូងទៅហើយ។
បុរសរងគ្រោះរៀបរាប់បន្តថា ក្នុងពេលដែលកើតហេតុបាក់ស្រុតបេតុងនោះ មិនមានមនុស្សណាម្នាក់នៅកន្លែងកើតហេតុនោះទេ គឺមានតែរូបគាត់ម្នាក់ប៉ុណ្ណោះ។ បន្ទាប់មកក៏បានទូរស័ព្ទហៅប្អូនថ្លៃនៅផ្ទះឲ្យជិះម៉ូតូមកឌុបរូបគាត់ត្រឡប់ទៅផ្ទះជួលកន្លែងលក់បបរ.សវិញ។
បុរសរងគ្រោះបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ គាត់ក៏ជិះម៉ូតូមកកាន់កន្លែងបាក់ស្រុតបេតុង នៅជាប់ពីលើប្រព័ន្ធលូធំបង្ហូរទឹកចូលទៅក្នុងទន្លេ។ ដោយមានទាំងឬស្សីមួយដើម រូបគាត់បម្រុងយកឬស្សីនោះមកចាក់មើលរណ្ដៅដីដែលបាក់ស្រុត ដើម្បីរកម៉ូតូ ប៉ុន្តែឬស្សីមួយដើមនោះខ្លីពេកចាក់មិនដល់ ហើយណាមួយក៏ខ្លាចគ្រោះថ្នាក់បាក់ស្រុតបន្ថែមទៀតផង មានតែរង់ចាំមើលអាជ្ញាធរដែនដីជួយអន្តរាគមន៍យកម៉ូតូចេញពីក្នុងដីដែលបានបាក់លិចនៅក្នុងទឹកនោះតែប៉ុណ្ណោះ។
តាមសាក្សីបាននិយាយថា ក្រោយពេលទំនេរពីការលក់ដូរបបរ.ស ជារើយៗបុរសម្ចាស់ម៉ូតូតែងតែឌុបកូនដាក់នៅពីខាងមុខ ដើម្បីដើរលេងលំហែកាយតាមផ្លូវមាត់ទន្លេ ។ តែនេះសំណាងល្អ ដែលគ្រោះថ្នាក់បាក់ស្រុតបេតុងសួនច្បារមាត់ទន្លេ គឺមានតែបុរសរងគ្រោះម្នាក់ប៉ុណ្ណោះ បើសិនជាកូនតូចមកជាមួយអាចនឹងត្រូវគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងដែរថា ហេតុការណ៍បាក់ស្រុតបេតុងសួនច្បារមាត់ទន្លេក្រុងកំពង់ចាម នៅម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៣ ខែកញ្ញា ដែលមានមុខកាត់ប្រមាណ៥ម៉ែត្របួនជ្រុង ដោយបានស្រូបយកម៉ូតូវ៉េវមួយគ្រឿង ។
ជាមួយនោះ រូបលោកក៏បានជួលកម្មករដាក់ខ្សែពួរឲ្យចុះរកម៉ូតូដែរ ប៉ុន្តែរកមិនទាន់ឃើញនៅឡើយទេ។ ដោយឡែកលោកអភិបាលខេត្ត បានយកចិត្តទុកដាក់ដោយឲ្យក្រុមបច្ចេកទេសចុះទៅត្រួតពិនិត្យ និងធ្វើការជួសជុលឡើងវិញជាបន្ទាន់ផងដែរ៕
ចែករំលែកព័តមាននេះ