អំពើល្អដែលយើងធ្វើទៅហើយទោះតិចក្តីច្រើនក្តីគង់នឹងហុចផលមកវិញបើជាតិនេះមិនបានទទួលផល ទៅអនាគតជាតិក៏គង់នឹងទទួលផលគឺបុណ្យនោះមិនបាត់ទៅណាទេ ដូចស្ត្រីដឹងជាតិម្នាក់ពេញមួយជីវិតរបស់នាងធ្វើតែបុណ្យប្រាថ្នាទៅជួបអតីតស្វាមីគឺប្តីកាលពីជាតិមុនវិញ។ លុះអស់អាយុសង្ខារទៅក៏បានទៅជួបអតីតប្តីដើមរបស់នាងដូចក្តីប៉ងប្រាថ្នាមែន។
សូមលើកយករឿងនេះដែលមាននៅក្នុងគម្ពីរធម្មបទមកបញ្ជាក់ថា កាលនោះមានទេវបុត្រមួយអង្គនាមមាលាភារី នាំពួកទេពអប្សរបវរកញ្ញាមួយពាន់អង្គទៅក្រសាលនៅក្នុងឧទ្យាននាឋានតាវតិ្តង្ស។ កញ្ញាអប្សរ៥រយអង្គជាអ្នកឡើងបេះផ្កា ឯ៥រយអង្គទៀតជាអ្នករើសយកមកប្រដាប់ឲ្យទេវបុត្រ ។ ពួកអប្សរដែលឡើងបេះផ្កាទាំងនោះ មានទេពអប្សរមួយអង្គរបានអិលធ្លាក់ចុះមករលត់ជីវិតដូចអណ្តែតប្រទីបត្រសែតនៅលើអាកាស ។ វិញ្ញាណនាងអណ្តែតត្រសែតរេរកភពថ្មី បានមកកើតក្នុងត្រកូលមួយនាក្រុងសាវត្ថី ជាស្ត្រីរលឹកឃើញអតីតជាតិ ។
ចាប់តាំងពីកើតមកហើយនាងនឹករឿយៗថា អញជាភរិយានៃមាលាភារីទេវបុត្រ លុះដឹងក្តីចម្រើនវ័យកាលណា តែងធ្វើបុណ្យទាន បូជាដោយផ្កា និងគ្រឿងក្រអូបជាដើម ប្រាថ្នាឲ្យបានទៅកើតក្នុងសំណាក់អតីតប្តីមាលាភារីទេវបុត្រវិញ ។
លុះនាងអាយុ១៦ឆ្នាំ មាតាបិតាបានឲ្យមានប្តី នាងតែងចាត់ចែងទានផ្សេងៗ មានភត្តាហារ និងសាដកចាំវស្សាជាដើមប្រគេនដល់ព្រះភិក្ខុសង្ស ហើយតែងសច្ចាប្រាថ្នាថា សូមចំណែកបុណ្យនេះបានជាបច្ច័យនៃការកើតក្នុងសំណាក់អតីតប្តីរបស់ខ្ញុំ ។ ភិក្ខុទាំងឡាយក៏កំណត់នាមឲ្យនាងនោះថា បតិបូជិកា ព្រោះនាងធ្វើបុណ្យកុសលអ្វីៗ តែងប្រាថ្នាទៅជួបនឹងប្តីដើមជានិច្ច ។
នាងបតិបូជិកាមានកូន៤នាក់ នាងតែងឲ្យទាន ស្តាប់ធម៌ទេសនា រក្សាសិក្ខាបទតាមប្រក្រតីរហូតដល់ជីវិតចុងក្រោយ ស្លាប់ទៅក៏បានទៅកើតក្នុងសំណាក់មាលាភារីទេវបុត្រជាប្តីរបស់នាងនៅនាឋានតាវតិ្តង្សដូចក្តីបំណងមែន ។ សាន សារិន
ចែករំលែកព័តមាននេះ