រាជធានីភ្នំពេញ ៖ បុរសចំណាស់មានជំងឺប្រចាំកាយម្នាក់បានអះអាងថា គាត់ត្រូវបានកូនស្រីដឹកចេញពីមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ហើយយកទៅទម្លាក់ចោលទៅតាមចិញ្ចើមផ្លូវជាតិលេខ ៦ រួចទៅបាត់ ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាប្រមាណម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចក្បែរស្ពានលេខ៣ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
បុរសរូបនោះបានប្រាប់សមត្ថកិច្ចអោយដឹងថា គាត់ឈ្មោះ គិត ឈាង អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
តាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ គាត់បានធ្វើដំណើទៅទិញឥវ៉ាន់ ឃើញរថយន្តពណ៌ខ្មៅមួយគ្រឿងមិនស្ពាល់ម៉ាក និងស្លាកលេខជិះគ្នា៦នាក់ ក្នុងនោះប្រុស៣នាក់ ស្រី៣នាក់ បានមកឈប់នៅចំណុចស្ពានលេខ៣ ហើយបាននាំបុរសចំណាស់នោះចេញពីក្នុងរថយន្តមកអង្គុយលេងលើបង់ រួចក៏បានធ្វើដំណើរទៅបាត់ទៅដោយទុកបុរសម្នាក់នោះចោលនៅលើបង់ ។
តាមព័ត៌មានបានអោយដឹងទៀតថា ខណៈពេលដែលអង្គុយលេងអ្នកភូមិសួរនាំ ហើយត្រូវម្ចាស់រថយន្តប្រាប់ថា ប្រញាប់ធ្វើដំណើរទៅស្រុក ។ លុះក្រោយមកក៏មានការភ្ញាក់ផ្អើលតែម្តង ។
តាមបុរសខាងលើបានអោយដឹងថា គាត់ត្រូវបានកូនស្រី២នាក់ ក្នុងចំណោមមនុស្សទាំង៦នាក់ ក្នុងរថយន្តបានទុកគាត់ចោល ។ ទោះបីជាយ៉ាងគាត់ពុំបានអោយដឹងពីឈ្មោះ កូនស្រីនោះឡើយ ។ តាមលោកតារូបនោះបានប្រាប់អោយដឹងថា គាត់មានជំងឺរលាកក្រពះ ពោះវៀនកំរិតធ្ងន់ ត្រូវចំណាយប្រាក់ព្យាបាលរហូតដល់៣០០០ដុល្លារក្នុងការវះកាត់ព្យាបាល តែកូនគាត់គ្មានលទ្ធភាពទេ ។ នៅព្រឹកថ្ងៃកើតហេតុ គាត់ត្រូវបានកូនដឹកចេញពីមន្ទីរពេទ្យមួយនៅភ្នំពេញត្រឡប់ទផ្ទះវិញ ត្រូវបានកូនទំលាក់ចោលតែម្តង ។
ទោះបីជាយ៉ាងលោកតាពុំបានអោយដឹងច្រើននោះទេ ។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀបក៏បានទាក់រថយន្តដឹកទៅសង្គ្រោះបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ៕
ចែករំលែកព័តមាននេះ