ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្ដីបន្ទោសដល់លោកមេភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស កន្លងមក បានធ្វើការចុះហត្ថលេខាទទួលស្គាល់លើលិខិតលក់ទិញដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាដី ព្រះរាជក្រឹត្យ គឺស្មើនឹងការរំលោភបំពានយកដីរបស់ព្រះរាជក្រឹត្យខុសច្បាប់ដូចគ្នា
ដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/08/ac9b8f449ba25a05e54aad97dd44d249-1024x597.jpg)
មានប្រសាសន៍បែបនេះ នៅក្នុងពិធីបួងសួងសុំសេចក្តីសុខ និងដាំកូនឈើនៅទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់សិទ្ធិក្នុងភូមិកោះខ្ទុម ឃុំជៀបនាព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០២០។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានបន្តថា កន្លងទៅមានការរំលោភបំពានយកដីដែនជម្រកសត្វព្រៃដែលជាដី របស់ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខានៅឆ្នាំ 1993 និងមានការលក់បន្តគ្នាដោយមានចុះហត្ថលេខាទទួលដឹងឮពីលោកមេភូមិ កោះខ្ទុមទៀតផង ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/08/f6ad1dcc186dd9a701be24b4e1cc9740-1024x597.jpg)
នេះគឺជាការបំពានច្បាប់។ ក្នុងនាមអាជ្ញាធរខេត្ត មានភាពយោគយល់ខ្លះបើមិនដូច្នោះទេមេភូមិពិតជាមិនរួចពីទោសទណ្ឌឡើយ ។ ក្នុងពិធីសែនព្រេនបែបសាសនានេះផងដែរ ឯកឧត្តមសូមប្រកាសជាឱឡារិកថា ហាមដាច់ខាត ប្រជាពលរដ្ឋមកកាប់ទន្ទ្រានយកដីនៅទីនេះបន្តទៀត ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំឮកដល់មន្ត្រីបរិស្ថាន សូមចូលរួមថែរក្សាការពារដីនៅទីនេះឱ្យបាន គង់វង្ស មិនត្រូវបណ្ដោយឲ្យមានការ ទន្ទ្រានយកដីព្រៃរបស់រដ្ឋដូចមុនទៀតឡើយ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/08/1693f2966094518a242b86b8f76fd36d-1024x597.jpg)
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កម្មវិធីនៅទីនេះគឺបួងសួង សុំសេច ក្តីសុខ និងឧទ្ទិសកុសលដល់បុព្វការីជនវីរៈដូនតាដែលមានបារមីនៅទីនេះ ព្រោះនៅទីនេះជួរភ្នំឱរ៉ាល់ ផង គឺសូមឱ្យបារមីថែរក្សានៅទីនេះជួយការពារកូនចៅសូមឱ្យមានសេចក្តីសុខគ្រប់ៗគ្នា ។ មួយវិញទៀត គឺសូមប្រកាសថាដីនៅតំបន់នេះគឺជាដីដែន ជម្រកសត្វព្រៃ ក្នុងដីព្រះរាជក្រឹត្យមិនអនុញ្ញាតឲ្យមានការបំពានជាដាច់ខាត។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/08/06d3e1983838e45e49427d5f97f3be94-1024x597.jpg)
ជាចុងក្រោយ ឯកឧត្តមបានជំរុញឲ្យមន្ទីរ អភិវឌ្ឍន៍ជនបទនិងមន្ទីរ បរិស្ថាន សូមលើកគម្រោងធ្វើសំណើទៅក្រសួងរបស់ខ្លួន ដើម្បីសុំអភិវឌ្ឍន៍ផ្លូវមកកាន់តំបន់ទឹកធ្លាក់ ថ្មក្រាល ក្នុងភូមិកោះខ្ទម នេះ ឲ្យក្លាយទៅជាផ្លូវការកៅស៊ូ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត ។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/08/d911f5f283e9c7ce198da0c842a3bc64-1024x597.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2020/08/66a2574a6b81c17e9b3df9b3ba03cfb1-1024x597.jpg)
ចែករំលែកព័តមាននេះ