ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងជាង៤កន្លះល្ងាច មានករណីលិចទូកមួយគ្រឿងដែលដឹកទំនិញនិងមានដឹកភ្ញៀវទេសចរណ៍បរទេសផងរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង៦ម៉ែត្រ) នៅសមុទ្រម្តុំជិតកូនកោះ ស្ថិតក្នុងភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលតាមការអះអាងបឋមថា ទូកលិចដោយសារខូចម៉ូទ័របូមទឹក។
សមត្ថកិច្ចនៅក្រុងកោះរ៉ុងឲ្យដឹងដែរថា ក្រោយកើតហេតុ សមត្ថកិច្ចចំរុះ ប្រជាពលរដ្ឋដែលនៅជិត និងក្រុមសង្គ្រោះស្មគ្រ័ចិត្តមានម៉ូតូទឹក ខាងអូបរ័ល្បឿនលឿន ក្នុងនោះក៍មានក្រុមការងារអូបរ័អ្នកឧកញ៉ាទៀ វិចិត្រផងដែរ បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សនៅលើទូកទាំងអស់បានដោយសុវត្ថិភាព ប៉ុន្តែទូកបានលិចបាត់ចូលទៅក្នុងសមុទ្រ បណ្តាលឲ្យខូចខាតសម្ភារៈរួមមាន៖
១-ទូក១គ្រឿងលិចបាត់ទាំងស្រុង
២-ស៉ីម៉ងត៍២តោន
៣-ម៉ូតូScopy ១គ្រឿង
៤-សម្ភារៈជាទំនិញចំរុះជាច្រេីនមុខទៀត។
ចំពោះមនុស្សដែលជួយស្រង់បានជាអ្នករួមដំណេីរលើទូកសរុប ១៨នាក់ ស្រី០៦នាក់ ក្នុងនោះ មានជនបរទេស ០៩នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៩នាក់ ស្រី០១នាក់ ៕




ចែករំលែកព័តមាននេះ