រាជធានីភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានគូសបញ្ជាក់ថា ទោះបីជាមានបម្រែបម្រួលនៅក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោកក៏ដោយ ក៏មិត្តភាពប្រពៃណីកម្ពុជានិងវៀតណាម នៅតែរឹងមាំ និងរីកចម្រើនជាដរាប ។
ការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ ឯកឧត្ដម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។
ថ្លែងនាឱកាសនោះ សម្តេចរដ្ឋសភាធិបតីបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ត្រិន
ថាញ់ មិន នឹងបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អកម្ពុជា និងវៀតណាមដែលមានតាំងពីរយូរលុងមកហើយ ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងនោះ ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺយកពលរដ្ឋជា ស្នូល ហើយទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ ។ ទោះបីជាមានបម្រែបម្រួលនៅក្នុងថ្នាក់ជាតិតំបន់ និងពិភពលោកក៏ដោយ ក៏មិត្តភាពប្រពៃណីកម្ពុជានិងវៀតណាមនៅតែរឹងមាំ និងរីកចម្រើនជាដរាប» ។
សម្តេចប្រធានរដ្ឋសភាបន្តថា «ពិធីលៀងសាយភោជន៍ជាលក្ខណៈគ្រួសារនាពេលនេះ តំណាងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ។ ខ្ញុំសូមជូនពរដល់ឯកឧត្តម ព្រមទាំងសហការី និងភ្ញៀវកិត្តិយសទាំងអស់ទទួលបានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យ ក្នុងបេសកកម្មរបស់ខ្លួននាពេលខាងមុខ ។ សូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាមបន្ដរីកចម្រើនកាន់តែខ្លាំងក្លាឡើង»។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ត្រិន ថាញ់មិន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនឯកឧត្តម និងគណៈប្រតិភូ ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមក៏បានសម្តែងក្តីរីករាយចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរដែលមានការរីកចម្រើនរឹងមាំឡើងឡើងជាលំដាប់បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងសងខាងជាច្រើន ។
សូមជម្រាបថា ឯកឧត្ដម ត្រិន ថាញ់មិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបំពេញទស្សន កិច្ចផ្លូវការ និងមិត្តភាពរយៈពេល៤ថ្ងៃ នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភានាពេលនេះ ក៏ដើម្បីចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP)លើកទី១១ ដែលកម្ពុជាធ្ចើម្ចាស់ផ្ទះផងដែរ៕
ចែករំលែកព័តមាននេះ