ខេត្តព្រៃវែង ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ព្រោះតែប្រឹងបើកវ៉ាជែងខ្លាំងពេកបាន ជ្រុលចង្កូតធ្លាក់ចូលស្រះក្រឡាប់បះជើងច្រង៉ាងផ្អើលដល់អ្នកស្រុកទាំងព្រលឹម តែសំណាងល្អ គ្មានអ្នករងបួស ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចកំណាត់ផ្លូវ លេខ៣១២ ស្ថិតនៅក្នុងភូមិសំរោង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
រថយន្តខាងលើម៉ាក់ Hyundaiកូរ៉េ ៤,៥តោន ពណ៌សរ ស្នាក់លេខព្រៃវែង 3A-1248 ដឹកទឹកកកដើម ។
ប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុមានរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុរថយន្តបានប្រឹងបើកវ៉ាជែង ជាមួយរថយន្តធុនធំ ដឹកស្រូវមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ផ្លូវចូលស្រះក្រឡាប់បះជើងច្រង៉ាង ខ្ចាយទឹកកកចូលស្រះរលាយអស់ ។ តែសំណាងល្អពុំមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕
ចែករំលែកព័តមាននេះ