ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩៖ ជាង​​២​ខែ​ហើយ​​ដែល​​បង្ខំ​​សិស្ស​​​​​អង្គុយ​​​​សិក្សា​នៅ​ក្រៅ​​​សាលា

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រោម​ដំបូល​រោង​ប្រក់​ស័ង្កសី គ្មាន​ជញ្ជាំង​ក្រោម​កំ​ដៅ​ថ្ងៃ​ហូត​ហែង ស្ថិត​​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល​មួយ​កន្លែង គេ​ឮ​សូរ​តែ​សំលេង​ក្មេង​ៗ​ជជែក​គ្នា​យ៉ាង​រញ៉ី​វ តែ​ពួក​គេ​មិនមែន​ឈ្លោះប្រកែក​គ្នា​ទេ ពួក​គេ​ជា​ក្រុម​យុវ​សិស្ស ដែល​រត់គេច​ពី​មេ​រោគ​កូ​វី​ដ​១៩​ដ៏​ចង្រៃ មក​ពូន​សំងំអាន​មេរៀន​ នៅ​ក្នុង​រោង​ដ៏​ទុរគត​នោះ…


ខេត្តបាត់ដំបង​៖ ក្រោម​ដំបូល​រោង​ប្រក់​ស័ង្កសី គ្មាន​ជញ្ជាំង​ក្រោម​កំ​ដៅ​ថ្ងៃ​ហូត​ហែង ស្ថិត​​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល​មួយ​កន្លែង គេ​ឮ​សូរ​តែ​សំលេង​ក្មេង​ៗ​ជជែក​គ្នា​យ៉ាង​រញ៉ី​វ តែ​ពួក​គេ​មិនមែន​ឈ្លោះប្រកែក​គ្នា​ទេ ពួក​គេ​ជា​ក្រុម​យុវ​សិស្ស ដែល​រត់គេច​ពី​មេ​រោគ​កូ​វី​ដ​១៩​ដ៏​ចង្រៃ មក​ពូន​សំងំអាន​មេរៀន​ នៅ​ក្នុង​រោង​ដ៏​ទុរគត​នោះ ជាមួយនឹង​អ្នក​គ្រូ​របស់​ពួក​គេ​ម្នាក់ ដែល​កំពុង​សរសេរ​មេរៀន​យ៉ាង​ផ្ចិតផ្ចង់​នៅ​លើ​ក្ដា​ខៀន​តូច​មួយ ភ្ជួរ​ជាប់​នៅ​លើស​រសរ​ដែល​គ្មាន​ជញ្ជាំង​។

នៅ​ទីនោះ គេ​ឃើញ​សិស្ស និងអ្នកគ្រូ ហាក់​កំពុង​មមារញឹក​ណាស់ ក្នុង​ការ​រៀនសូត្រ​។ អ្នកគ្រូ តូច ទី ពិតមែនតែ​គាត់​កំពុង​មមារញឹក តែ​អ្នកគ្រូ​អាច​ឆក់​ឱកាស​ផ្ដល់​បទ​សម្ភាស​​​ន័​​ជាមួយ​កោះសន្តិភាព​បាន ​ដែល​គាត់​ពិ​ព័រ​នា​អំពី​ផលវិបាក​នៃ​ការ​បង្រៀន​សិស្ស​បែប​កញ្ឆក់​កណ្ដៀត នៅ​ក្នុង​សម័យ​«​កូ​វី​ដ​១៩»​។ អ្នកគ្រូ តូច ទី បាន​ថ្លែង​ដូច្នេះ​ថា « សិស្ស​របស់ខ្ញុំនេះ​ រៀន​នៅ​សាលា​បឋម​សិក្សា​អក្ស តេ (T) ដែល​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល​ពី​ទីប្រជុំជន​។ ប៉ុន្តែ​ដោយសារ​តែ មេរោគ​កូ​វិ​ដ​១៩ ហើយ​សាលា​ត្រូវ​បិទទ្វារ ទើប​ខ្ញុំ​ត្រូវ​ចំណាយពេល​មួយ​កំណាត់​ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​ទៅ​បង្រៀន​សិស្ស​ចំនួន​២​កន្លែង​នៅ​តាម​មូលដ្ឋាន​។ អស់​រយៈ​ពេល​ជាង​២​ខែ​កន្លង​មក​ហើយ ដែល​ខ្ញុំចុះ​មក​បង្រៀន​សិស្ស​នៅ​ទី​នេះ ដោយ​យក​រោង​គ្មាន​ជញ្ជាំង នៅ​ក្នុង​ចំការ​របស់​អ្នក​ភូមិ ធ្វើ​ជា​សាលា​បណ្ដោះអាសន្ន តាម​គោល​ការ​ណ៏​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​។ ខ្ញុំ​ជួប​ការ​លំបាក​ខ្លះ​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​»​។

សាលា​បឋម​សិក្សា​អក្សរ​តេ (T) ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។ សាលា​ចុងកាត់មាត់ញក​មួយ​នេះ ក៏​ដូច​ជា​សាលា​ដទៃ​ៗ​ទៀត​ដែរ នៅ​ក្នុងស្រុក​សំឡូត ដែល​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ ដោយសារ​តែ​ការ​គំរាមកំហែង​ពី​មេរោគ​កូ​វី​ដ​១៩​។ មិន​ត្រឹម​តែ​រារាំង​សិស្សានុសិស្ស​មិន​ឲ្យ​ចូល​រៀន​នៅ​សាលា​ទេ មេរោគ​កូ​វី​ដ​១៩ ដ៏​កាច​សាហាវ​នេះ បាន​ធ្វើ​ឲ្យ​យុវ​សិស្ស​ខ្លបខ្លាច រហូត​កូនសិស្ស​ត្រូវ​បង្ខំចិត្ត​នាំ​គ្នា​រៀន ក្នុង​រោង​គោ ក្រោម​ម្លប់ឈើ ក្រោម​សំ​យ៉ាប​ផ្ទះ ឬ នៅ​រោង​ចាំចំការ​ទៀត​ផង​។​ល​។

ជាក់ស្ដែង​ សិស្ស​របស់​អ្នកគ្រូ តូច ទី មួយ​ក្រុម​ខាងលើ​នេះ បាន​និង​កំពុង​យក​រោង​ចំការ​របស់​អ្នក​ភូមិ ដែល​គ្មាន​ជញ្ជាំង ហ៊ុមព័ទ្ធ​ទៅ​ដោយ​ដំណាំ​ស្វាយ និងព្រៃ ធ្វើ​ជា​ថ្នាល​បណ្ដុះ​​ចំណេះដឹង​។ នៅ​ក្នុង​ពេលវេលា​ដ៏​ស្ដូ​ច​ស្ដើង និងដ៏​មមារញឹក​បំផុត​នេះ អ្នកគ្រូ តូច ទី បាន​ឆ្លៀត​ប្រាប់​ថា «​សិស្ស​ដែល​ខ្ញុំ​កំពុង​បង្រៀន​នេះ មាន​មិន​លើស​ពី​១០​នាក់​ទេ ហើយ​ក្នុង​ចំណោម​នេះ មាន​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ សិស្ស​ថ្នាក់​ទី​១ និង សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​អក្សរ តេ​។ ខ្ញុំ​ត្រូវ​ចំណាយពេល​ជាង​៣​ម៉ោង សម្រាប់​ពេល​ព្រឹក​ដើម្បី​ចុះ​បង្រៀន​សិស្ស​ចំនួន​២​កន្លែង​ផ្សេង​គ្នា ដែល​ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​ចុះឡើង​ៗ»​។

«​កូន​ៗ ត្រូវ​មើល​មេរៀន​នៅ​លើ​ក្ដា​រខៀន ដែល​អ្នកគ្រូ​បាន​សរសេរ ហើយ​កូន​ៗ​ត្រូវ​សរ​សេរ​មេរៀន​នេះ បំពេញ​នៅ​លើ​ក្រដាស​ដែល​អ្នកគ្រូ​ចែក​ជូន​»​។ នេះ​ជា​ពាក្យ​ពេ​ច​ដ៏​ទន់ភ្លន់​ដែល​អ្នកគ្រូ តូច ទី បាន​និយាយ​ទៅ​កាន់​កូនសិស្ស​របស់​គាត់​ដែល​ភាគច្រើន ទើប​មាន​អាយុ​ក្រោម​១០​ឆ្នាំ​ ។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ អ្នកគ្រូ តូច ទី ក៏​មិន​ភ្លេច​ងាក​មក​សន្ទនា​ជាមួយ​កោះសន្តិភាព​ដែរ​ ។ ក្រោយ​បញ្ចប់​ការ​សរសេរ អ្នកគ្រូ បាន​បញ្ជាក់​ថា «​ថ្ងៃនេះ ​ជា​ថ្ងៃ​ដែល​សិស្ស​របស់ខ្ញុំ ត្រូវ​ប្រលង​ឆមាស​លើក​ទី​២»​។

នៅ​ពេល​សួរ​ថា តើ​ប្រលង​យ៉ាងម៉េច បើ​កូនសិស្ស​រៀន​ចូល​គ្នា​ដល់​ទៅ​៣​ថ្នាក់​បែប​នេះ ? អ្នកគ្រូ តូច ទី ហាក់​មិន​បង្អង់​យូរ​ទេ ​ទៅ​នឹង​ការ​ផ្ដល់​ចម្លើយ ដោយ​បាន​ប្រាប់​ថា ការ​ប្រលង​នេះ គឺ​យើង​ត្រូវ​ពិនិត្យ​មើលទៅ​លើ​សមត្ថកិច្ច​ភាព​សិស្ស ព្រោះ​យើង​អាច​ពិនិត្យ​មើល​ដឹង ក្រោយ​ពេល​ប្រលង​។ គាត់​បាន​បញ្ជាក់​ថា បើ​តាម​គោល​ការ​ថ្នាក់លើ សិស្ស​ដែល​ធ្វើ​មេរៀន​បាន​ល្អ ឬ ខុស​គ្នា​បន្តិច​បន្តួច គឺ​អាច​ជាប់​ចំណាត់ថ្នាក់​ហើយ បើ​តាម​គោល​ការណ៍​​មិន​អាច​ឲ្យ​សិស្ស​រៀន​ឌុ​ប​ថ្នាក់​ច្រើន​ពេក​ទេ​។ ប៉ុន្តែ​អ្នកគ្រូ ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ប្រហែល​មាន​សិស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​បាន​ចូល​រៀន​ក្នុង​កំឡុង កូ​វី​ដ​១៩​នេះ​។

ត្រង់​ចំណុច​នេះ លោក​លឹ​ម សា​ម៉េ​ត អភិបាលស្រុក​សំឡូត ក៏​បាន​បង្ហាញ​ពី​ចំនួន​តិច​តួច​នៃ​សិស្សានុសិស្ស ដែល​បាន​រៀនសូត្រក្នុង​សម័យនៃ​កា​រីក​រាលដាលមេរោគកូ​វី​ដ​១៩ នេះ​។ លោក​លឹ​ម សា​ម៉េ​ត បាន​ថ្លែង​ថា លោក​មិន​អាច​វាយតំលៃ​អំពី​ចំនួន​សិស្ស​តិច​ឬ​ច្រើន ឬ ប៉ុន្មាន​ភាគរយ​ទេ ដែល​បាន​រៀន​ក្នុង​រដូវ​ផ្ទុះ​ជំងឺ​កូ​វី​ដ​នេះ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ទំនង​មាន​ភាគតិច​ទេ ដែល​បាន​រៀន​។ មូលហេតុ ដែល​លោក​ហ៊ាន​អះអាង​បែប​នេះ គឺ​ដោយសារ​ការ​ធ្វើ​ចំណាកស្រុក របស់​ប្រជាពលរដ្ឋ​ទៅ​ស្វែងរក ប្រកប​មុខរបរ​ដោយ​នាំ​យក​កូនចៅ​តូច​ៗ​ទៅ​ជាមួយ​ផង​។ ជា​ពិសេស​ទៅ​កម្មករ​នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ប្រទេស និង នៅ​ក្នុង​ទឹកដី​ថៃ ជិត​ៗ​ព្រំដែន​ខ្មែរ​។

ប៉ុន្តែ​យ៉ាងណា​ លោក​អភិបាលស្រុក​រូប​នេះ បាន​កោ​កស​សើរ​ចំពោះ​ការ​តស៊ូ​របស់​លោក អ្នកគ្រូ និង សិស្សានុសិស្ស ដែល​ព្យាយាម​រៀនសូត្រ​។ លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​បាន​សង្កេត​ឃើញ លោកគ្រូ អ្នកគ្រូ ហាក់​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​សិស្ស​ដល់​ផ្ទះ​ឬ​ដល់​មូលដ្ឋាន​ផ្ទាល់ បើ​ទោះជា​ការ​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​ខ្លះ​ក្ដី​»​។ លោក​បាន​បញ្ជាក់​ដែរ​ថា ជាមួយនឹង​ការ​ប្រឹងប្រែង​បង្រៀន​សិស្ស​ក្នុង​សម័យ​កូ​វីដ១៩​នេះ បើ​ទោះជា​នៅ​តាម​រោង​គោ រោង​ចាំចំការ ឬ តាម​លំនៅ​ឋាន​ក្ដី តែ​ការ​បង្រៀន​នេះ លោកគ្រូ អ្នកគ្រូ​ក៏​បា​នប​ញ្ជ្រៀ​ត​ការ​អប់រំ​អំពី «​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិន​ទាន់​ផ្ទុះ​ដល់​សិស្សានុសិស្ស​» ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​ដឹងផង​ដែរ​។

ព្រោះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​កំចាត់​មីន គឺ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ អាច​នៅ​មាន​សេសសល់​ច្រើន​ណាស់ នៅ​តាម​ភូមិសាស្ត្រ​មួយ​ចំនួន នៅ​ក្នុងស្រុក​សំឡូត ហើយ​មួយ​រយៈចុង​ក្រោយ​នេះ ពលរដ្ឋ​បាន​ជួប​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដោយសារ​គ្រាប់​មីន និង គ្រាប់​យុទ្ធ​ភណ្ឌ ដែល​នៅ​សេសសល់​ក្នុង​ព្រៃ​នេះ​។ ដូច្នេះ​ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត គួរតែ​មានការ​ប្រុង​ប្រយ័ត្ន និងត្រូវ​រាយ​ការ​ណ៍ជា​បន្ទាន់​ ទៅ​កាន់​សមត្ថកិច្ច ឬ អាជ្ញាធរ​ដែនដី ប្រសិនបើ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​នៅ​ក្នុង​ព្រៃ​ ៕

អត្ថបទសរសេរ ដោយ