ខេត្តមណ្ឌលគិរី៖ នៅពេលគេរំឭកពីខេត្តមណ្ឌលគិរី ប្រាកដណាស់ទឹកជ្រោះប៊ូស្រាគឺជារឿងទីមួយដែលគេនឹកឃើញដំបូង ដែលទឹកជ្រោះនេះមានភាពល្បីល្បាញជាខ្លាំង តែនៅពេលនេះក្រៅពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល កោះសន្តិភាពសូមនាំអារម្មណ៍ប្រិយមិត្តឲ្យស្គាល់មុខម្ហូបបីមុខប្រចាំខេត្តមាន សម្លប្រូងឬហៅថា សម្លបុកបំពង់ឫស្សី សម្ល វិ និងជ្រូកកណ្តុរអាំង ។
សម្ល «បុក ឬប្រូង» របស់ជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាបនាភាគឦសានជាម្ហូបអាហារដ៏ពេញនិយមសម្រាប់ប្រជាជនក្នុងតំបន់ ហើយមិនតែប៉ុណ្ណោះ វាកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកទេសចរខ្លាំងផងដែរ ។បុរសឈ្មោះ ផល្លា មានទីលំនៅក្នុងក្រុងសែនមនោរម្យឲ្យដឹងថា គាត់បានទៅរស់នៅខេត្តមណ្ឌលគិរី ជាង២០ឆ្នាំហើយ តាំងពីមិនទាន់មានផ្លូវធ្វើដំណើរស្រួលដូចសព្វថ្ងៃ ។ គាត់ចេះធ្វើម្ហូប «សម្លបុកឬប្រូង» យ៉ាងស្ទាត់ជំនាញ ព្រោះមុខម្ហូបនេះសម្បូរទៅដោយវីតាមីន ដោយសារគេប្រើសុទ្ធសឹងបន្លែបេះពីព្រៃធម្មជាតិថ្មីៗ ។
គ្រឿងផ្សំសម្រាប់សម្លបុក ឬប្រូង រួមមាន សាច់យាវគោ (សាច់ស្វិត ឬសាច់ប្រភេទងៀតក៏បាន) ប្រហុក ចុងផ្តៅ ស្លឹកម្ទេស ត្រប់ស្រួយ ស្លឹកខ្ចូញ ស្លឹកជន្លង់ ទំពាំង និងស្លឹករុក្ខជាតិបៃតងមួយចំនួនទៀត ។ អ្វីដែលគេមិនអាចអត់បាននោះ គឺបំពង់ឫស្សីព្រៃ ។ ឫស្សីព្រៃត្រូវរកឫស្សីដើមណាដែលមានសាច់វែង(ថ្នាំងវែង)ធំ ទើបអាចស្លបាន និងជួយបង្កើនរសជាតិផង ។
ចំពោះរបៀបនៃការស្ល គឺគេត្រូវបេះបន្លែទាំងនោះលាងទឹកឲ្យស្អាត ហាន់សាច់ជាបន្ទះតូចៗចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋ លាយគ្រឿងស្ករស និងប៊ីចេងបន្តិចចូលគ្នាក្នុងឆ្នាំងតែមួយ រួចញាត់គ្រឿងផ្សំទាំងនោះចូលទៅក្នុងបំពង់ឫស្សីដែលគេត្រៀមទុក និងយកទៅដុតក្នុងភ្លើងប្រមាណជិត១ម៉ោងជាការស្រេច ។សម្ល «បុកឬប្រូង» គេសង្កេតឃើញអ្នកទេសចរបរទេសចូលចិត្តឲ្យមគ្គុទេ្ទសក៍ទេសចរដែលនាំពួកគេដើរលេងកម្សាន្តក្នុងព្រៃ ស្លឲ្យហូបនៅតាមមាត់អូរក្នុងព្រៃ និងកន្លែងដែលសម្បូរបន្លែធម្មជាតិ ។
ឈ្មោះមុខម្ហូបសម្លវីមានរសជាតិ ចំណែកសម្លវិ គឺជាមុខម្ហូបមួយបែបមានវិធីចម្អិនដូចទៅនឹងសម្លម្ជូរស្រែដែរ តែវាមានរសជាតិល្វីងៗ ហើយពណ៌សម្បុររបស់វាគឺមានទឹកខ្មៅតែម្តង ។ ចំពោះគ្រឿងផ្សំម្ហូបនេះរួមមានសាច់គោ ឬសាច់លាយឆ្អឹង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ប្រហុក អំពិលទុំ គ្រឿងទេស អំបិល ប៊ីចេង ហើយរបស់ដែលគេមិនអាចចោលឬភ្លេចបាននោះគឺ គ្រឿងក្នុងគោ ជាពិសេសពោះខ្ចី យកទាំងអស់មិនត្រូវចោលឡើយ ។របៀបស្លចុងភៅត្រូវលីងគ្រឿងបញ្ជូលគ្នាឲ្យឡើងឈ្ងុយ រួចដាក់សាច់រំងាស់ឲ្យដាច់ទឹកព្រៃ សឹមដាក់ទឹកបន្ថែម រួចដាក់គ្រឿងក្នុងគោចូលទៅរំងាស់ឲ្យផុយសាច់ ជាការស្រេច ។
មុខម្ហូបទាំងពីរខាងលើនេះ សម្រាប់អ្នកខេត្តមណ្ឌលគិរី ពិតជានិយមធ្វើទទួលទានក្នុងក្រុមគ្រួសារខ្លាំងណាស់ ហើយក៏មានអ្នកទេសចរដែលទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរី តែងសាកល្បងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វាដែរ ។មុខម្ហូបជ្រូកកណ្តុរអាំងដ៏ឈ្ងុយសម្រាប់មុខម្ហូបជ្រូកកណ្តុរអាំងនេះ គឺងាយស្រួលចម្អិនជាងគេបំផុត គ្មានគ្រឿងផ្សំអ្វីជាចាំបាច់ឡើយ ពោលគឺធ្វើទៅតាមចំណូលចិត្តរបស់អ្នកទទួលទាន ។
ព្រោះសាច់ជ្រូកនេះវាមានរសជាតិឆ្ងាញ់ស្រាប់តាមបែបធម្មជាតិ ។ គេអាចជ្រើសរើសជ្រូកកណ្តុរធំឬតូច តម្រូវទៅតាមចំនួនសមាជិកអ្នកបរិភោគ ហើយបើចង់ឲ្យមុខម្ហូបនេះកាន់តែមានរសជាតិនោះ គឹអាចបន្ថែមបន្លែ ជីគ្រប់មុខជាមួយទឹកជ្រលក់ ទឹកត្រីកោះកុង ឬទឹកតៅហ៊ូជាដើម ៕
ចែករំលែកព័តមាននេះ