ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបុរសជាប្តីវាយចំនួន២ពូថៅចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បន្ទាប់ពីបុរសជាប្តីស្រវឹងស្រា និងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះធន លាងហាន អាយុ៣៨ឆ្នាំ និងបុរសជាប្តីឈ្មោះ ស៊ិន ស៊ីសុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសជាប្តីបានស្រវឹងស្រា និងបង្កជាជម្លោះជាមួយប្រពន្ធក៏កើតជារឿងឈ្លោះប្រកែកគ្នា ដោយសារប្តីស្រវឹងផងនោះក៏បានយកពូថៅវាយទៅលើប្រពន្ធចំក្បាលចំនួន២ពូថៅ បណ្តាលឲ្យបែកក្បាលហូរឈាម បន្ទាប់មកស្ត្រីរងគ្រោះជាប្រពន្ធស្ទុះរត់ទៅឲ្យអ្នកជិតខាងជួយ និងដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ។ ចំណែកបុរសជាប្តីត្រូវបានប្រជាពលរដ្ឋ មេភូមិ និងកម្លាំងប្រជាការពារចាប់ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។
លោកអធិការបានបញ្ជាក់ទៀតថានៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធប្រាកដមែន ព្រោះតែស្រាវឹងស្រានិងមានជម្លោះជាមួយប្រពន្ធ ខឹងពេកក៏ទាញពូថៅវាយទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ដោយផ្អែកលើចម្លើយសារភាព និងការប្រព្រឹត្តល្មើសជាក់ស្តែង ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកស្វាយចេក រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ