ខេត្តស្ទឹងត្រែង ៖ អតីតមេប៉ុស្តិ៍ស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ លោក ឌិម មណ្ឌល ដែលមានវ័យ៥២ឆ្នាំ បានប្រើគំនិតឆ្នៃម៉ូតូកង់២ឱ្យប្រែក្លាយទៅជារថយន្តកង់បួន រាងតូចច្រឡឹង និងអាចបត់បែន ហើយអាចបើកបរដូចរថយន្តធម្មតាផងដែរ។
លោក ឌិន មណ្ឌល បច្ចុប្បន្នរស់នៅភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ បានផ្តល់កិច្ចសម្ភាសន៍ដល់កោះសន្តិភាពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះថា លោកជាអតីតមេប៉ុស្តិ៍នគរបាលប្រចាំការនៅឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។
លោកបន្តថា ការកែឆ្នៃម៉ូតូទៅជារថយន្តនេះ ទោះបីវាមិនស្អាត និងមាំទាំដូចជារថយន្តចេញពីរោងចក្រទំនើបៗក៏ដោយ តែវាស្រួលជាងម៉ូតូកង់ពីរ ហើយមានសុវត្ថិភាពទៀតផង។
លោកបន្ថែមថា មុននឹងឈានទៅដល់ការកែឆ្នៃម៉ូតូទៅរថយន្តខាងលើនោះ ដោយសារតែឃើញជាងធ្វើឡានម្នាក់នៅស្រុកថាឡាបរិវ៉ាត់ គេយកម៉ាស៊ីនគោយន្តទៅឆ្នៃទៅជាត្រាក់ទ័របាន ដូច្នេះហើយលោកក៏សម្រេចសាកល្បងយកម៉ូតូមកកែឆ្នៃទៅជារថយន្តកង់បួនវិញម្តង ដែលអាចផ្ទុកមនុស្សរហូតបាន៤ទៅ៥នាក់ផងដែរ។
រថយន្តនេះមើលទៅស្អាត ហើយប្លែក ដូចរថយន្តអេស៊ីបអាឌឺ ដំបូលអាចដោះបាន នៅពេលណាដែលយើងចង់ដោះវាចេញ គ្រាន់តែវាមិនដូចរបស់ដើមនោះទេ តែវាស្រដៀងគ្នាទៅនឹងរថយន្តអេស៊ីបអាឌឺ ចំណែកគ្រឿងក្រោមរបស់វាប្រើប៉ូមម៉ូតូ និងកង់ម៉ូតូទៅតាមកម្លាំងម៉ាស៊ីនរបស់វា ដែរអាចជិះបានគ្នា៤ទៅ៥នាក់ ព្រមទាំងមានកន្លែងដាក់ឥវ៉ាន់បានមួយចំនួនទៀត ហើយវាក៏អាចការពារទឹកភ្លៀង ខ្យល់ កំដៅថ្ងៃ និងសុវត្ថិភាពផងដែរ។
លោកបានបន្តទៀតថា ការកែឆ្នៃម៉ូតូទៅជារថយន្តខាងលើនោះ លោកបានប្រើប្រាស់គ្រឿងសម្ភារៈម៉ូតូ និងគ្រឿងរថយន្តមួយចំនួន ដែលត្រូវចំណាយថវិកាប្រហែលជា១៥០០ ដុល្លារ ទើបធ្វើបាន ប៉ុន្តែរថយន្តខាងលើនេះបានយកម៉ូតូខ្លួនឯងមកកែច្នៃផង គឺចំណាយអស់តែ២លានរៀលប៉ុណ្ណោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ