កាលនាងវិសាខាមានអាយុ១៦ឆ្នាំ ថ្ងៃមួយជាថ្ងៃបុណ្យនក្ខត្តឫក្ស នាងបាននាំបរិវារជាច្រើនរយ ទៅលេងសួនក្បែរស្ទឹង ។ ពេលនោះមហាមេឃបានបង្អុរភ្លៀងចុះមក ពួកធីតាទាំងឡាយក៏នាំគ្នារត់ព្រោងព្រាតចូលទៅក្នុងសាសា ឯនាងវិសាខាវិញដើរយ៉ាងសន្សឹមៗ ហាក់ដូចជាមិនខ្លាចទទឹកភ្លៀងសោះ ។
គ្រានោះមានព្រាហ្មណ៍៨នាក់ក៏នាំគ្នានិយាយបែបលែបខាយថា ស្រី្តនេះប្រហែលជាកូនអ្នកក្រីក្រហើយបានជាខ្ជិលច្រអូសយ៉ាងនេះ ស៊ូដើរឲ្យទទឹកភ្លៀងអស់ ។
នាងវិសាខាបាននិយាយតបទៅព្រាហ្មណ៍ទាំងនោះវិញដោយវាចាយ៉ាងនេះថា បានជាខ្ញុំមិនរត់ស៊ូដើរឲ្យទទឹកគ្រឿងអលង្ការយ៉ាងនេះ ព្រោះពួកជនដែលគ្រប់លក្ខណ៍មាន៤ពួកមិនគួររត់ឡើយ ។
១-បព្វជិត ទោះបីមានហេតុយ៉ាងណាក៏មិនត្រូវរត់ឡើយ ត្រូវតែដើរសន្សឹមៗ តាមធម្មតាទើបហៅថា បព្វជិតគ្រប់លក្ខណ៍ ។
២-ស្តេចដែលកំពុងទ្រទ្រង់នូវគ្រឿងប្រដាប់ដ៏ល្អឯក ទោះបីមានហេតុយ៉ាងណាក៏មិនគួររត់ដូចគហបតីឡើយ ត្រូវយាងសន្សឹមៗ ទើបហៅថាស្តេចមានលក្ខណ៍ ។
៣-ស្ត្រីក្រមុំ ទោះបីមានហេតុយ៉ាងណាមិនត្រូវរត់ដូចជាបុរសឡើយ ត្រូវតែដើរសន្សឹមៗ ទើបហៅថាស្ត្រីគ្រប់លក្ខណ៍ ។
៤-ដំរីមង្គលដែលប្រដាប់តាក់តែងដោយគ្រឿងអលង្ការហើយ ទោះបីមានហេតុយ៉ាងណាក៏មិនត្រូវរត់ឡើយ ត្រូវដើរដោយដំណើរធម្មតា ទើបហៅថាដំរីមានលក្ខណ៍ ។ សាន សារិន
ចែករំលែកព័តមាននេះ