ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងខូចខាតគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ១គ្រឿង ខណៈជនរងគ្រោះយកគ្រឿងចក្រទៅជីកកកាយដីក្បែរចិញ្ចើមផ្លូវ ស្រាប់តែប៉ះចំគ្រាប់មីនផ្ទុះយ៉ាងកក្រើករងរបួសតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ម៉ោង៤និង៤០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះខាងលើ ១- ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកបើកបរគ្រឿងចក្រ (អេស្ការវ៉ាទ័រ) និង២- ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ ជាព្រូគ្រឿងចក្រ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះទាំង២នាក់ជាកម្មករបើកបរអេស្កាវ៉ាទ័រ បានធ្វើការស៊ីឈ្នួលជីកគាស់កកាយ និងឈូសឆាយពង្រាបដីឱ្យម្ចាស់ចំការម្នាក់ឈ្មោះ នុត សឿន ជាម្ចាស់សណ្ឋាគារ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ លុះមកដល់ពេលវេលាកើតហេតុខាងលើ ក៏ស្រាប់តែប៉ះចំគ្រាប់កប់ក្នុងដីផ្ទុះយ៉ាងកក្រើក បណ្តាលឱ្យរងរបួសទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុ លោកស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថា គ្រាប់ដែលផ្ទុះនោះ គឺមានចំនួន១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន១គ្រាប់ទៀតផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកគ្រាប់ទាំងនោះ គឺមន្ត្រីស៊ីម៉ាក់បានចុះមកទទួលយកទៅរក្សាទុក។ ស្របពេលនោះមន្ត្រីដោះមីនម្នាក់ (ស៊ីម៉ាក់) បានឱ្យដឹងថា គ្រាប់ដែលនៅសេសសល់ គឺប្រភេទគ្រាប់៧៥មីលីម៉ែត្រចំនួន១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន១គ្រាប់ និងបានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់ ៧៥មីលីម៉ែត្រដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ