ការធ្វើការសម្រេចចិត្ត ជាពិសេសលើការសម្រេចចិត្តធំៗក្នុងជីវិតដូចជាការផ្លាស់ប្តូរការងារ ឬលំនៅដ្ឋានអាចបង្កការស្រេ្តសជាច្រើនដល់មនុស្សគ្រប់ៗគ្នា ។ ហើយប្រសិនបើអ្នកចំណាយពេលគិតយូរ វាអាចប៉ះពាល់ដល់សុភមង្គលថែមទៀតផង ។
ប៉ុន្តែយោងតាមលោក ស្ទីវិន លេវីត (Steven Levitt) ដែលជាសេដ្ឋវិទូម្នាក់មកពី University of Chicago ដែលបានធ្វើការសិក្សាមួយពីការសម្រេចចិត្តបានឲ្យដឹងថា រាល់ពេលដែលអ្នកមិនអាចសម្រេចចិត្តលើអ្វីមួយបាន អ្នកគួរតែជ្រើសរើសជម្រើសដែលតំណាងការផ្លាស់ប្តូរមួយជាងជម្រើសដែលមិនអាចផ្លាស់ប្តូរអ្វីទាំងអស់ ។
លោក លេវីត បានឲ្យមនុស្សចំនួន ២២,៥១១នាក់ធ្វើការសម្រេចចិត្តពិបាកៗរួមទាំង តើពួកគេគួរចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯងទេ? តើពួកគេគួររៀបការទេ? តើពួកគេគួរទុកពុកមាត់ឬទេ? និងសំណួរជាច្រើនទៀត ។ បន្ទាប់មក ពួកគេត្រូវបោះកាក់ ហើយម្ខាងនៃកាក់តំណាងការផ្លាស់ប្តូរ និងម្ខាងទៀតតំណាងមិនផ្លាស់ប្តូរ ។
ការសិក្សាខាងលើនេះបានប្រទះឃើញថា សម្រាប់ការសម្រេចចិត្តធំៗដូចជាការលាឈប់ពីការងារ ឬបញ្ចប់ស្នេហាមួយ អ្នកដែលបោះកាក់បានជម្រើសផ្លាស់ប្តូរមានអារម្មណ៍សប្បាយចិត្តជាងអ្នកដែលបោះបានជម្រើសមិនផ្លាស់ប្តូរ ។ មានន័យថា មនុស្សដែលបានជ្រើសជម្រើសដែលផ្លាស់ប្តូរជីវិតរបស់ពួកគេមានភាពសប្បាយរីករាយជាងអ្នកដែលមិនផ្លាស់ប្តូរអ្វីទាំងអស់ ។
លើសពីនេះទៅទៀត អ្នកចូលរួមការសិក្សាដែលបានជ្រើសរើសការផ្លាស់ប្តូរមានភាគរយកច្រើនក្នុងការធ្វើការសម្រេចចិត្តដដែលប្រសិនបើពួកគេត្រូវសម្រេចចិត្តលើវាសាជាថ្មី ។ សម្រាប់មនុស្សដែលបោះកាក់បានជម្រើសផ្លាស់ប្តូរ តែជ្រើសមិនផ្លាស់ប្តូរវិញនោះមានអារម្មណ៍សប្បាយចិត្តតែក្នុងកំឡុងពេល ១ ទៅ ២ខែប៉ុណ្ណោះ ហើយ ៦ខែក្រោយមក ពួកគេបាត់បង់អារម្មណ៍នោះវិញ ៕
ចែករំលែកព័តមាននេះ