រាជធានីភ្នំពេញ៖ យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាមានប្រភេទយន្តហោះខ្នាតយក្សដែលនាំចូលពីប៉ែកអ៊ីរ៉ុបច្រើន ដូចជាប្រភេទយន្តហោះ Airbus ជាដើម ហើយក្នុងនោះក៏ធ្លាប់ប្រើប្រាស់យន្តហោះប៊ូអ៊ីងរបស់សហរដ្ឋអាមេរិកផងដែរ ។
នាពេលបច្ចុប្បន្នេះយន្តហោះកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាភាគច្រើន ឬស្ទើរតែទាំងអស់ជាប្រភេទ AirBus ។ ខណៈថ្មីៗនេះ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើអោយកម្ពុជាចាប់អារម្មណ៍លើការប្រើប្រាស់យន្តហោះប្រភេទប៊ូអ៊ីងរបស់សហរដ្ឋអាមេរិកផងដែរ ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពឲ្យដឹងថា មូលហេតុដែលកម្ពុជាមានប្រភេទយន្តហោះអ៊ីរ៉ុបច្រើន មកពីកក្កតាផ្សេងៗដែលក្រុមហ៊ុនបានជ្រើសរើសយកប្រភេទយន្តហោះ Airbusនេះ ។
លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិយាយថា «កាលខ្ទង់ទស្សវត្ស ៩០ រហូតមកទល់ឆ្នាំ ២០០០ជាង យើងសង្កេតឃើញថាកម្ពុជាមានប្រភេទយន្តហោះ ប៊ូអ៊ីងច្រើន។ ប៉ុន្តែដោយសារកក្កតាផ្សេងៗ និងទីផ្សារពិភពលោកផង ចាប់តាំងក្នុងឆ្នាំ២០០០ជាងមក យើងឃើញថាកម្ពុជាមានការផ្លាស់ប្តូរមកប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបឺសច្រើន ហើយយើងក៏មិនបានបង្ខំឲ្យក្រុមហ៊ុនណាមួយមកប្រើប្រាស់យន្តហោះនេះ ឬយន្តហោះនោះឡើយ» ។
លោក ស៊ីន ចាន់សិរីវត្ថា បានបន្តថា «ដូចយើងដឹងស្រាប់ហើយសម័យបច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗពីរលើពិភពលោកដែលផលិតយន្តហោះខ្នាតធំ ដូចជាក្រុមហ៊ុនសហរដ្ឋអាមេរិកដែលផលិត Boeing ហ្នឹង និងក្រុមហ៊ុនអ៊ីរ៉ុបដែលផលិតយន្តហោះ Airbus។ ប៉ុន្តែយើងក៏បានជំរុញឲ្យក្រុមហ៊ុននានាក្នុងប្រទេសព្យាយាមប្រើប្រាស់យន្តហោះច្រើនប្រភេទដែរ»។ លោកបានបន្ថែមថា ដោយលើកឡើងប្រទេសកម្ពុជាមិនមានការរើសអើងក្នុងការប្រើប្រាស់ប្រភេទយន្តហោះនោះទេ ប៉ុន្តែគ្រាន់តែថាសម័យបច្ចុប្បន្ននេះបើយោងតាមទីផ្សារអន្តរជាតិគេងាកមកចូលចិត្តប្រើ Airbusនេះប៉ុណ្ណោះ ។
គួររម្លឹកផងដែរថានៅក្នុងជំនួបពិភាក្សារវាង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួបជាមួយលោក W Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និងសហការី កាលពីថ្ងៃទី ១៨ ឧសភានេះក៏មានការពិភាក្សាលើគំរោងការប្រើប្រាស់យន្តហោះ និងទីលាន handing ground ក្នុងប្រទេសកម្ពុជាសម្រាប់យន្តហោះប៊ូអ៊ីផងដែរ ៕
ចែករំលែកព័តមាននេះ