ខេត្តកំពង់ឆ្នាំង ៖ អតីតសិស្សសាលាវិចិត្រសិល្បៈផ្នែកសូន្យរូប បានយកចំណេះជំនាញរបស់ខ្លួនបង្កើតមុខរបរ នៅស្រុកកំណើតភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មុខរបរនេះគឺការបោះពុម្ពរូបចម្លាក់ គ្រប់ប្រភេទ ។
លោកតុប ថា អាយុ៥៤ឆ្នាំ កន្លងមកជាកម្មករធ្វើការនៅសិប្បកម្មចម្លាក់មួយ ដូចកម្មករ ដែលលោកបានជួលធ្វើការឲ្យលោកនេះដែរ ។ ដោយសារស្រឡាញ់ជំនាញនេះ នៅឆ្នាំ២០១០ និង២០១១ លោកបានទៅរៀនបន្ថែមនៅសាលារចនា រាជធានីភ្នំពេញអស់រយៈពេល២ឆ្នាំ។ បន្ទាប់មកលោកក៏បានបើកសិប្បកម្មដោយខ្លួនឯង ។ រោងសិប្បកម្មរបស់លោកមានកម្មករប្រុសស្រីចំនួន១០នាក់ ពួកគេបានរៀនសូត្រក្បាច់ក្បូរចម្លាក់បន្តពីលោក ។ ការរំលែកចំណេះជំនាញនេះដើម្បីរួមគ្នាថែរក្សាមរតកសិល្បៈដូនតាខ្មែរយើងឲ្យបានគង់វង្ស ។
កាលពីពេល ថ្មីៗកន្លងមកលោកតុប ថា ឲ្យដឹងថា ពុម្ពចម្លាក់ នីមួយៗលោកបានផលិតពីស្មាច់ដោយខ្លួនឯង ទៅតាមរចនាបថបុរាណខ្មែរ និងទៅតាមតម្រូវការអតិថិជន ។ បច្ចុប្បន្ន លោកចំណាយថ្លៃពលកម្មជូនកម្មរទាំង១០នាក់ មិនក្រោម៦លានរៀលទេ ។ លោកថា«បងប្អូនកម្មករទាំងអស់នេះ បានទាំងប្រាក់ផ្គង់ផ្គង់គ្រួសារ បានទាំងចំណេះដឹង ដែលអាចបង្កើតសិប្បកម្មចម្លាក់ដូចខ្ញុំបានទៅថ្ងៃក្រោយ ដើម្បីរួមគ្នាថែរក្សាក្បូរច្បាច់ដែលជាមរតករបស់ដូនតាខ្មែរឲ្យបានគង់វង្ស» ។
ក្រុមកម្មករដែលកំពុងបោះពុម្ពចម្លាក់ ផ្សេងៗក្នុងសិប្បកម្មនិយាយឱ្យដឹងថាពួកគេធ្វើកម្មករជាង១០ឆ្នាំហើយ ដោយក្នុង១ថ្ងៃៗ ទទួលបានថ្លៃពលកម្ម៣ម៉ឺនរៀលក្នុង១ថ្ងៃ ។ កម្រៃនេះពួកគេចាត់ទុកថាសមរម្យសម្រាប់ផ្គង់ជីវភាពក្នុងគ្រួសារ ។ ម្យ៉ាងទៀតពួកគេក៏បានរៀនចំណេះជំនាញឆ្លាក់ក្បាច់ខ្មែរ សម្រាប់ចាប់ជាមុខរបរចិញ្ចឹមជីវិតទៅថ្ងៃក្រោយ ។
ដោយឡែកនារីកម្មករ២នាក់ដែលកំពុងបិទពុម្ពចម្លាក់ជើងទៀនភ្ជាប់គ្នា បាននិយាយឲ្យដឹងថា ការងារបិទជើងទៀនភ្ជាប់គ្នានេះ ម្ចាស់សិប្បកម្មគិតចំនួនដែលធ្វើបាន ដោយ១ដើម បានថ្លៃពលកម្ម៥០០រៀល ។ ក្នុងមួយថ្ងៃពួកនាងអាចរកបានជាង២ម៉ឺនរៀល ឬអាចច្រើនជាងនេះទៅតាមការប្រឹងប្រែង ។
លោកតុប ថា ក៏ជាជាងធ្វើព្រះវិហារ តាមវត្តនានាដែលត្រូវការក្បាច់ចម្លាក់បុរាណផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ