រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្ដិភាព បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់នូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រោយពីមហាជនមួយចំនួនបានរិះគន់មន្ដ្រី នគរបាលចរាចរណ៍នៅពេលអនុវត្តច្បាប់តែងតែបំពានសិទ្ធិប្រជាពលរដ្ឋ ហើយពេលខ្លះក៏ធ្វើលើសពីអ្វីដែលច្បាប់អនុញ្ញាតផងដែរ ។
លោក គឹម សន្ដិភាព បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០២ថា «មន្ត្រីអនុវត្តច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរនូវ សកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ។
អ្នកនាំពាក្យដដែលបានលើកឡើងថា យោងតាមមាត្រា៧៤ បានបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណាដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរផ្លាកលេខបណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី១០០ ០០០រៀល ទៅ៨០០ ០០០រៀល ។
ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួ យនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬបាត់បង់នោះ ។
គួរឮកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះតទៅក្នុងគោលបំណងកាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេសឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ។
សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ ។ ទោះបីជាមានមន្ត្រីនគបាលភាគច្រើនបានអនុវត្តតាមច្បាប់ចរាចរណ៍បានល្អក៏ប៉ុន្តែ ក៏មានមន្ត្រីនគបាលចំនួនតូចបានអនុវត្តលើសពីច្បាប់អនុញ្ញាតក៏មានដែរ ។
ចំពោះការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ កាលពីពេលកន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ លើកឡើងថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយដូចជា មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាជាដើម ទើបសមត្ថកិច្ចឃាត់មិនឲ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ» ៕
ចែករំលែកព័តមាននេះ