រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញក្នុងប្រឡាយទឹកក្នុងដីឡូត៍ទំនេរមួយកន្លែង ដោយមានសភាពហើមស្អុយរលេះរលួយ និងពោរពេញទៅដោយដង្កូវរាប់លានក្បាលចោះទៅហើយ ដែលតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា បុរសនេះអាចស្លាប់ដោយសារអពើឃាតកម្មវាយសម្លាប់ពីសំណាក់ឃាតករមិនស្គាល់មុខ១ក្រុមមានគ្នាច្រើន ។ សពបុរសនោះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ មិថុនា នៅក្នុងប្រឡាយទឹកដែលមានស្មៅនិងកំប្លោកទ្រុបទ្រុលក្នុងដីឡូត៍ទំនេរមួយកន្លែងខាងក្រោយរោងចក្រកាត់ដេរយូមីងដា ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា សពបុរសម្នាក់នេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល៣០ឆ្នាំ មាឌធំដំបងស្លៀកខោខ្លីពណ៌ខៀវត្រឹមភ្លៅ ពាក់អាវយឺតពណ៌ប្រផេះ ហើយនៅចម្ងាយជាង១០ម៉ែត្រពីសព គេឃើញមានស្នាមឈាម និងមានអាវសន្តិសុខពណ៌ត្រេអ៊ី១ អាវពណ៌ផ្កាឈូកឆ្នូតសល្អិត១ និងអាវពណ៌ខៀវឆ្នូតស១ ប្រឡាក់ទៅដោយឈាម ព្រមទាំងមានកញ្ចក់រ៉ៃបាន់បែកជាច្រើនបំណែកទៀត ស្ថិតនៅចម្ងាយប្រមាណ៤០ម៉ែត្រពីសពនោះដែរ ។ តាមការសន្និដ្ឋាន ការ ស្លាប់នេះគឺដោយអំពើឃាតកម្ម ហើយមានរយៈពេល ប្រមាណ៥ថ្ងៃមកហើយ ។
ប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលពីការប្រទះឃើញសពនេះ គឺមានប្រជាពលរដ្ឋម្នាក់ទៅច្រូតស្មៅក្បែរចំណុចខាងលើហើយធុំក្លិនប្លែកពីធម្មតា ដោយមានការសង្ស័យក៏ដើររកមើល ស្រាប់តែប្រទះឃើញក៏មករាយការណ៍ប្រាប់សមត្ថកិច្ចឱ្យទៅពិនិត្យមើល ។ ខណៈនោះមានអ្នកទៅចោមរោមមើលយ៉ាងច្រើន ប៉ុន្តែពុំមាននរណាម្នាក់បានស្គាល់សពនោះឡើយ ម្យ៉ាងទៀតសពមានសភាពហើយស្អុយរលួយមើលលែងស្គាល់ទៅហើយ និងមានដង្កូវរាប់លានក្បាលចោះ ។
ប៉ូលិសបច្ចេកទេសរាជធានីភ្នំពេញ និងប៉ូលិសមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច័យសពនោះ និងកំពុងធ្វើការស្រាវជ្រាវបន្ត ហើយសន្និដ្ឋានថា ជនរងគ្រោះត្រូវក្រុមឃាតករមានគ្នាច្រើនវាយសម្លាប់នៅទីនោះតែម្តង ៕
ចែករំលែកព័តមាននេះ