រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០នេះថា ក្រុមអ្នកជំនាញការ និងគ្រូពេទ្យចិនចំនួន០៧នាក់នឹងធ្វើដំណើរមកដល់ប្រទេស
កម្ពុជា នៅថ្ងៃច័ន្ទ ទី២៣ ខែមីនា ស្អែកនេះហើយ ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ការមកដល់នៃអ្នកជំនាញការ និងគ្រូពេទ្យចិននៅថ្ងៃស្អែកនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេនៅអាស៊ីអាគេ្នយ៍ដែលចិនបញ្ជូនអ្នកជំនាញការប្រឆាំងនឹងជំងឺកូវីដ១៩ មកជួយលើបញ្ហាវីរុសមួយនេះ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនថា អ្នកជំនាញការចិនទាំង ៧ នាក់ហ្នឹងនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា របស់យើងនៅថ្ងៃច័ន្ទ ដើម្បីចូលរួមក្នុងការផ្តល់នូវ ការណែនាំ ក៏ដូចជាការចែករំលែកបទពិសោធន៍ នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ ១៩ នេះ» ។
ជាមួយគ្នានោះផងដែរ លោកជំទាវក៏បានបញ្ជាក់ជូនថា សម្រាប់ករណីវិជ្ជមាននៃវីរុសកូវីដ ១៩ នៅប្រទេសកម្ពុជា គិតត្រឹមរាត្រីថ្ងៃទី ២១ ខែមីនា គឺរកឃើញករណីវិជ្ជមានចំនួន ៥៣ ករណី តែក្នុងនោះមានពីរករណី គឺករណីជនជាតិចិន នៅខេត្តព្រះសីហនុ និងករណីស្ត្រីជនជាតិអង់គ្លេស ត្រូវបានព្យាបាលជាសះស្បើយហើយ ។
លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា «ដោយឡែកអ្នកដែលគាត់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ក្រៅពីអ្នកជំងឺ២នាក់ ជនជាតិចិន និងជនជាតិអង់គ្លេស ដែលបានជាសះស្បើយនោះ គឺពួកគាត់ក៏មិនទាន់ឃើញមាននូវការវិវត្តន៍ណាផ្សេង ដែលឲ្យយើងមានការព្រួយបារម្ភនោះទេ ។ បច្ចុប្បន្នេះពួកគាត់ ហាក់ដូចជាមានស្ថានភាព និងសុខភាពល្អ» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ