ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩​ទម្លុះ​របាំង​ការពារ​ទី​មួយ៖ ប្រជា​ជន​កម្ពុជា​ គួរ​ធ្វើ​ដូច​ម្តេច?

4 ឆ្នាំ មុន

ដំណឹង​ល្អ ​គឺ​កម្ពុជា​មិន​ទាន់​មានការ​រាលដាល​សហគមន៍​នៅឡើយ​ទេ ​ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​។ ដំណឹង​អាក្រក់ ​គឺ​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ចំនួន១២នាក់​ ដែល​ក្នុង​នោះ​មាន កម្ពុជា​បួន​នាក់មាន​ផ្ទុក​មេ​រោគ​កូ​វី​ដ​១៩​ ។ វា​បាន​ទម្លុះ​ខ្សែត្រៀម​ទី​មួយ​របស់​កម្ពុជា​…

ដំណឹង​ល្អ ​គឺ​កម្ពុជា​មិន​ទាន់​មានការ​រាលដាល​សហគមន៍​នៅឡើយ​ទេ ​ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​។ ដំណឹង​អាក្រក់ ​គឺ​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ចំនួន១២នាក់​ ដែល​ក្នុង​នោះ​មាន កម្ពុជា​បួន​នាក់មាន​ផ្ទុក​មេ​រោគ​កូ​វី​ដ​១៩​ ។ វា​បាន​ទម្លុះ​ខ្សែត្រៀម​ទី​មួយ​របស់​កម្ពុជា​ ដោយ​ជំរុញ​អោយ​មនុស្ស​គ្រប់​គ្នា​ត្រូវ​រួម​ជាមួយ​រដ្ឋាភិបាល​ បង្កើន​ការ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​ និង​ចម្លង​មេរោគ​នេះ ​។ដំណឹង​ដែល​អាក្រក់​នោះ​ គឺ​មេរោគ​នេះ​បាន​កាន់តែ​រាលដាល​ខ្លាំង​នៅ​អឺរ៉ុប ​និង​នៅ​អា​មេ​រិ​ក​ហើយ​បង្ក​ការ​គំរាមកំហែង​កាន់តែ​ធ្ងន់ធ្ងរ​ ចំពោះ​ពិភពលោក​ដោយ​បាន​បង្ខំ​អោយ​អង្គការ​សុខភាព​ពិភពលោក​ ប្រកាស​អំពី​ការ​រាតត្បាត​សកល ​ហើយ​ជំរុញ​អោយ​រដ្ឋាភិបាល ​ជុំវិញ​ពិភពលោក​រួម​គ្នា​ទប់ស្កាត់​មេរោគ​នេះ ​។

នៅ​ចំពោះ​ស្ថានភាព​ដ៏​អាក្រក់​បែប​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​រឹត​ប​ន្តឹង​​កាន់តែ​ខ្លាំង​នូវ​វិធាន ការ​ចាំបាច់ មួយ​ចំនួន​ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​មេរោគ​ពី​ខាងក្រៅ​ ។ ក្នុង​ចំណោម​វិធានការ​ទាំង នោះ​រួម​មាន ការ​ហាម​ប្រជាជន​កម្ពុជា​មិន​អោយធ្វើ​ដំណើរ​ទៅ អឺរ៉ុប អា​មេ​រិ​ក និង អ់ី​រ៉​ង់ ការ​បិទ សាលារៀន​នៅ​ក្នុង ទីក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប និង ការ​ហាម​នាវា​ទេសចរណ៍​បរទេស​។

បន្ថែម​ទៅ​លើ​ចំណាត់ការ​នេះ ការ​រឹត​បន្តឹង​និង​ការ​បង្កើន​ការ​ត្រូ​ត​ពិនិត្យ​តាម​ច្រក ព្រំដែន​អន្តរជាតិ និង
ព្រ​លាន​យន្តហោះ​ក៏​មាន​សារសំខាន់​ខ្លាំង​ណាស់​ផង​ដែរ​ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ពី​ខាងក្រៅ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​ន័យ​នេះ​ មន្ត្រី​សុខាភិបាល​ដែល​ធ្វើការ​តាម​ច្រក​ទាំងនោះ មិន​អាច​ធ្វើការ​ទ្វេ​ស ប្រហែស​បាន​ឡើយ ខ​ណៈ​ដែល​ពួក​គេ​សម​នឹង​ទទួល​បានការ​លើកទឹកចិត្ត​និង​កោតសរសើរ ចំពោះ​ការ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​ដ៏​មាន​ប្រយោជន៍​ជា​អាយុជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។ មន្ត្រីប៉ូ​លិស​​អន្តោប្រវេសន៍​ក៏​គួរ​បង្កើន​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​នេះ​ផង​ដែរ ពីព្រោះ មាន​សេចក្តី​រាយការណ៍​ពី​ប្រទេស​ថៃ​ហើយ​ថា ​មាន​ប៉ូលិស​អន្តោប្រវេសន៍ នៅ​ព្រ​លានយន្តហោះ​សុវណ្ណ​ភូមិ​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​។

ការ​ទប់​ការ​ចម្លង​ពី​ក្រៅប្រទេស​គឺជា​ខ្សែត្រៀម​ទី​មួយ​ដែល​កម្ពុជា​ត្រូវ​តែ​រឹត​រឹត​បន្តឹង​អោយ​ខ្លាំង​។ ចំពោះ នៅ​ក្នុង​ប្រទេស​វិញ ទាំង​រដ្ឋាភិបាល​ពិសេស​ក្រ​សូ​ង​សុខាភិបាល អ្នក​ពាក់​ព័​ន្ឋ ក៏​ដូច​ជា​ប្រជាជន កម្ពុជា គ្រប់​រូប​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វីវ​១៩​នេះ​ដើម្បី​បញ្ចៀស​អោយ​បាន​ស្ថានការណ៍​មួយ​ដែល​មានការ​រាលដាល​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​។ រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ក្រសួង​សុខាភិបាល​ក៏​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ដើម្បី​ទប់ស្កាត់ ការ​ឆ្លង មេរោគ​នេះ​។ ចំពោះ​មុខ​ស្ថានភាព​បច្ចុប្បន្ន ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ក៏ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​និង​ចេះ ដឹង អំពី​វិធី​ទាំងឡាយ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​និង​ការ​ឆ្លង​មេរោគ​នេះ​ផង​ដែរ​។

ដើម្បី​ទ​ប​ស្កាត់​ការ​ឆ្លង​មេរោគ​នេះ ប្រជាជន​កម្ពុជា​ម្នាក់​ៗ ត្រូវ លាង​សម្អាត​ដៃ​អោយ​ស្អាត មិន​នៅ​ជិត អ្នកមាន រោគ​សញ្ញា​ឬ​មាន​ផ្ទុក មេរោគ កូ​វី​ដ​១៩ ចៀសវាង​កន្លែង​ដែល​មានការ​ជួបជុំ​មនុស្ស​ច្រើន មិន​ធ្វើ​ដំណើរ​មិន​ចាំបាច់​ទៅ​កាន់​ប្រទេស ដែល​មានការ​រាលដាល​មេរោគ​នេះនោះ​ជាដើម​។ ការ​បង្ការ ផ្ទាល់ខ្លួន​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ទប់ស្កាត់​ការ​រា​ដាល​មេរោគ​នេះ​។ ប្រជាជន កម្ពុជា​ម្នាក់​ៗ​ក៏​អាច​ជួយ​ទប់ស្កាត់​ការ​ចម្លង​ក្នុង​គ្រួសារ តាម​កន្លែងធ្វើការ និង សហគមន៍ ផង​ដែរ​។

មនុស្ស​ម្នាក់​ៗ​និង​គ្រួសារ​នីមួយ​ៗ​អាច​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​មេរោគ​បាន​តាម​រយះ​ការ​មាន​ផែនការ​ដ៏​ច្បាស់លាស់​មួយ​នៅ​ក្នុង​គ្រួសារ​សម្រាប់​បង្ការ​ការ​ឆ្លង​និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។ បើ ក្នុង ករណី​ដ៏ អាក្រក់​មាន​នរណា​ម្នាក់​អាច​មាន​រោគ​សញ្ញា​មេរោគ​ឬ​ក៏​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ គ្រួសារ​នីមួយ​ៗ​អាច យល់​ដឹង​អំពី​ភាព​ចាំបាច់​នៃ​ការ​ដាក់​នៅ​ដោយឡែក​អ្នក​ដែល​មាន​រោគ​សញ្ញា​ក្តៅខ្លួន ក្អក និង​មាន​ប្រវត្តិ ទៅ​កាន់​កន្លែង​ដែល​មាន​ឆ្លង​រាលដាល​មេរោគ​នេះ​ឬ​ក៏​ធ្លាប់​នៅ​ជិត​អ្នកមាន​មេរោគ​។ ជន​នោះ​ត្រូវ នៅ​ម្នាក់ឯង​ក្នុង​បន្ទប់​ដោយឡែក​មួយ​ហើយ​ទទួលទាន​អាហារ​ដាច់​ពី​គេ​រយះ​ពេល​១៤​ថ្ងៃ​ដើម្បី​តាមដាន​សុខភាព​និង​រក​ជំនួយ​ពី​គ្រូពេទ្យ​តាម​រយះ​ទូរស័ព្ទ​ទៅ​កាន់​១១៥​។

គ្រួសារ​នីមួយ​ៗ​ត្រូវ​មានចំណេះ​ដឹង​គ្រប់គ្រាន់​អំពី​ការ​ចម្លង​និង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សារសំខាន់​នៃ ការ​លាងដៃ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ និង សារសំខាន់​នៃ​ការ​ពាក់​ម៉ាស​មុខ​ឬ​ប្រើ​ក្រ​ម៉ា​ដើម្បី ទប់ស្កាត់​ការ​ចម្លង​មេរោគ​ទៅ​អ្នក​នៅ​ជិត​ខ្លួន ព្រមទាំង​សារសំខាន់​នៃ​ការ​ធ្វើ​អនាម័យ ផ្ទះសម្បែង ដើម្បី​អោយ​បាន​ស្អាត។ សំខាន់​ដូច​គ្នា​នេះ ការ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​ចម្លង មេរោគ​នៅ​កន្លែង ធ្វើការ​ក៏​មាន​សារសំខាន់​ខ្លាំង​ដូច​គ្នា​ដែរ​។ បុគ្គលិក​ដែល​មាន​រោគ​ស​ញ្គា​ក្តៅខ្លួន ក្អក ឬ​ក៏​ពិបាក​ដកដង្ហើម គួរតែ​ត្រូវ​បានអោយ​ច្បាប់​អនុញ្ញាត​ឈប​សម្រាក​ដើម្បី​ចៀសវាង​ការ​ចម្លង​ណាមួយ​ដល់​អ្នក​ផ្សេង​នៅ​កន្លែងធ្វើការ​។

មេរោគ​នេះ​សាហាវ​ណាស់​។ វា​មិន​ស្គាល់​អ្នកតូច អ្នកធំ អ្នកក្រ អ្នកមាន ស្បែក ស ឬ ស្បែក​ខ្មៅ​ទេ​។ វា​នឹង​ចូល​ដល់​មនុស្ស​គ្រប់​គ្នា​អោយ​តែ​វា​មាន​ឪ​កាស​។ ដូចដែល​យើង​បានដឹង​ស្រាប់ ថា​ភរិយា របស់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​និង​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​បាន​ឆ្លង​មេរោគ​នេះ ខ​ណះ ដែល​រដ្ឋមន្ត្រី​និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​នៅ​ក្នុង​ពិភពលោក​ក៏​រក​ឃើញ​មាន​មេរោគ​នេះ​ដែរ​។ ចំណែក​ប្រធានាធិបតី​ត្រាំ ប្រធានាធិបតី​ប្រេ​ស៊ី​ល និង ប្រធានាធិបតី​ហ្វី​លី​ពី​ន​គឺ​លោក​ឌូ​ទែ​តេ​ក៏ បាន​បារម្ភ​និង​ធ្វើតេស្ត​រក​មេរោគ​នេះ​ដែរ​។ ប៉ុន្តែ​សំ​ណាង​ល្អ មេដឹកនាំ​ទាំង​បី​នាក់​នេះ​ត្រូវ​បានរក​ឃើញ​ថា ​មិន​មាន​ផ្ទុកមេរោគ​នេះ​ទេ​។

មាន​តែ​ការ​រួម​គ្នា​ជា​កម្លាំង​តែ​មួយ​ប៉ុណ្ណោះ​ទើប​កម្ពុជា​អាច​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​ដែល​កំពុង​បង្កប​ញ្ហា្​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ដោយ​មាន​ប្រទេស​ខ្លះ​បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​គឺ​ប្រទេស​អ៊ី​តា​លី ប្រទេស​ខ្លះ​ប្រកាស​ដាក់​ប្រទេស​អាសន្ន​ដូច​ជា​អា​មេ​រិ​ក​និង​អេ​ស្ប៉ា​ញ និង វិធា​នា​ការ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ការ​បិទ​សាលារៀន ការ​បិទ​កន្លែង​លក់ដូរ​លើកលែង តែ​កន្លែង លក់​ម្ហូបអាហារ​និង​ឪ​ស​ថ​ស្ថាន ហាម​ការ​ជូ​ប​ជុំ​មនុស្ស​ច្រើន និង​ការ​លុប​ចោល ព្រឹត្តិការណ៍ សំខាន់​ៗ ជា​ច្រើន​។ប្រជាជន​កម្ពុជា​ទាំងអស់​មិន​ចង់​ឃើញ​មានការ​រាលដាល​មេរោគ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៥០០០​នាក់​និង​បាន​ចម្លង​ដល់​មនុស្ស​ជាង​១៤០ ០០០នាក់​ទូ​ទាំង​ពិភពលោក​៕

អត្ថបទសរសេរ ដោយ