ខេត្តសៀមរាប ៖ បើតាមការឱ្យដឹងពីប៉ូលិសមូលដ្ឋានស្រុកជីក្រែង នៅរសៀលថ្ងៃទី១៤ ខែមីនានេះថា ស្ត្រីម្នាក់ដែលមានជំងឺបេះដូងចំហ មានអាការៈធ្ងន់ធ្ងរ រួចក្រុមគ្រួសារដឹកបញ្ជូនទៅពេទ្យឯកជនក្នុងភូមិ ដើម្បីពិនិត្យ ខណៈពេលនោះទៅដល់ផ្ទះពេទ្យ ក៏ដាក់សេរ៉ូមអស់១កំប្លោក បណ្តាលឱ្យបាត់បង់ជីវិតនៅនិងកន្លែងតែម្តង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនោះកាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាននៃស្រុកជីក្រែង បានឱ្យដឹងទៀតថា បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យការបាត់បង់ជីវិតរបស់ជនរងគ្រោះឈ្មោះ ជា ធន់ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។
ប្រភពដដែលបានបន្តថា អង្គហេតុ គឺនៅម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែមីនា សមត្ថកិច្ចចម្រុះបានទទួលព័ត៌មានថា មានមនុស្សបាត់បង់ជីវិតនៅផ្ទះពេទ្យឈ្មោះ នួន ហ៊ីង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដូច្នេះកម្លាំងសមត្ថកិច្ចក៏បាននាំគ្នាចុះទៅពិនិត្យ ។ លុះពេលទៅដល់ សពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកចេញពីផ្ទះពេទ្យមកដាក់នៅផ្ទះវិញហើយ។ រីឯសេរ៉ូមក៏ត្រូវបានដោះចេញពីសពជនរងគ្រោះទៀត មុនពេលសមត្ថកិច្ចទៅដល់ ។
ប្រភពដដែលបញ្ជាក់ទៀតថា តាមការបំភ្លឺពីបុរសជាប្តីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់ខ្លួនមានជំងឺបេះដូងចំហប្រចាំកាយយូរមកហើយ ព្យាបាលមិនជាសោះ លុះមកដល់ថ្ងៃទី១៣ ខែមីនា ម៉ោង៤និង៣០នាទីរសៀល ក៏បានបាត់បង់ជីវិតនៅផ្ទះពេទ្យ តែម្តងទៅ។ រឿងនេះខ្លួនជាប្តីមិនប្តឹងផ្តល់អ្វីទេ ព្រោះការបាត់បង់ជីវិតដោយសារជំងឺខ្លួនឯង។
បើតាមតាមការបញ្ជាក់ពីលោក ឌុច យក់លី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូទ្រនិគម បានបញ្ជាក់ថា ការប្រើសេរ៉ូមឡាក់តាត គឺមិនខុសអីទេ។ បើតាមប្រវត្តិអ្នកជំងឺរបស់ជនរងគ្រោះ គឺអាចបាត់បង់ជីវិតមកពីជំងឺគាំងបេះដូង។ បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចក៏បានប្រគល់ជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ