ជំងឺរលាកស៊ីនុស គឺជាការហើមនៃស៊ីនុស ឬប្រហោងឆ្អឹងច្រមុះដែលបណ្តាលមកពីការបង្ករោគ។ទោះជាយ៉ាងណាអ្នកអាចទប់ស្កាត់បញ្ហានេះបានតាមរយៈអាហារមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ជំងឺរលាកប្រហោងឆ្អឹងច្រមុះ ៖
១. ផ្លែម្នាស់ ៖ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មរួមជាមួយលក្ខណៈសម្បត្តិប្រឆាំងការរលាកពិសេសសារធាតុ Bromelain ដែលអាចជួយទប់ស្កាត់ជំងឺរលាកប្រហោងឆ្អឹងច្រមុះបានយ៉ាងប្រសើរ។ ផ្លែឈើត្រូពិចមួយនេះក៏ល្អសម្រាប់អ្នកកំពុងប្រឈមនឹងជំងឺនេះស្រាប់ផងដែរ។
២. ផ្លែគីវី ៖ ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលចាំបាច់សម្រាប់អ្នកងាយនឹងកើតបញ្ហាពាក់ព័ន្ធការរលាកស៊ីនុស ឬប្រហោងឆ្អឹងច្រមុះ។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដែលអាចទប់ស្កាត់ហានិភ័យនៃបញ្ហារលោកប្រហោងឆ្អឹងច្រមុះ។
៣. ផ្លែត្របែក ៖ ក៏ដូចផ្លែគីវីដែរ ត្របែកមានផ្ទុកសម្បូរទៅដោយវីតាមីន C ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផ្សេងទៀតដែលទប់ស្កាត់ប្រឆាំងជំងឺរលាកស៊ីនុស។
៤. ផ្លែឈើប្រភេទ Citrus ៖ រួមមានផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាបំផុតមួយជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដែលទប់ស្កាត់ហានិភ័យនៃបញ្ហារលោកប្រហោងឆ្អឹងច្រមុះ។
៥. ខ្ញី ៖ មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជាជម្រើសនៃអាហារដ៏ប្រសើរដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ស្កាត់ជំងឺរលាកប្រហោងឆ្អឹងច្រមុះ។ ក្រៅពីចម្អិន ឬបន្ថែមក្នុងអាហារផ្សេងៗ អ្នកក៏អាចទទួលទានតែខ្ញីផងដែរ។
៦. យ៉ាអួរសុទ្ធ ៖ ជួយបង្កើនបរិមាណនៃបាក់តេរីល្អចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយដែលអាចទប់ស្កាត់ហានិភ័យនៃជំងឺរលាកប្រហោងឆ្អឹងច្រមុះបានយ៉ាងប្រសើរ។
៧. ទឹក ៖ ការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក៏ចាំបាច់ណាស់ដែរកំឡុងពេលមានបញ្ហារលាកប្រហោងឆ្អឹងច្រមុះ។ ទឹកជួយពង្រាវស្លេស ឬសំបោរធ្វើឱ្យអ្នកដកដង្ហើមបានស្រួលជាងមុន (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ