កណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់គ្រីស្តាល់ម៉ាទីន 7NG នៅភូមិវិហារសួគិ៍ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាង៨០០នាក់ កាលពីថ្ងៃទី៤ ខែមីនា ម្សិលមិញនេះបានផ្ទុះបាតុកម្មក្រោយពីរោងចក្រសម្រេចមិនបញ្ចប់កិច្ចសន្យាការងារតាមការព្រមព្រៀង ប៉ុន្តែបែរជាព្យួរការងាររបស់ពួកគេ រយៈពេល២ខែទៅវិញ ។
ក្រុមកម្មករបាននិយាយថា កាលពីសប្តាហ៍មុនភាគីកម្មកររោងចក្រ 7NG បានព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ និងឯកភាពជាមួយក្រុមហ៊ុនដោយព្រមទទួលអត្ថប្រយោជន៍ចំនួន៥ចំណុចដែលក្នុងនោះរួមមាន ៖ ទី១ – ទទួលប្រាក់ខែចុងក្រោយ ទី២ – ទទួលប្រាក់បំណាច់ឆ្នាំដែលនៅសល់ ទី៣ – ប្រាក់អតីតភាពការងារ ទី- ៤ ទទួលប្រាក់ជូនដំណឹង និងទី៥- សំណងជំងឺចិត្ត ។ អ្វីដែលកម្មករផ្ទុះបាតុកម្មនៅក្នុងរោងចក្រនេះ គឺ ដោយសារតែភាគីក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការឯកភាពនេះដោយតម្រូវឱ្យកម្មករព្យួរការងាររយៈពេល២ខែទៅវិញ ។
ក្រុមកម្មករ សំណូមពរដល់ក្រសួងការងារ មេត្តាជួយដោះស្រាយបញ្ហានេះផង ។ បញ្ហានេះលោក ម៉ៅ សំអូន ប្រធានសហជីព ថ្លែងថាក្រុមហ៊ុនបានប្រមូលសម្លៀកបំពាក់ពីអគារមួយទៅកាន់អគារមួយទៀត ដើម្បីបង្ហាញតំណាងក្រសួងដែលចុះមកត្រួតពិនិត្យថា ក្រុមហ៊ុនគ្មានសម្លៀកបំពាក់ឱ្យកម្មករកាត់ដេរបន្តទៀតទេ ដែលធ្វើឱ្យកម្មករមិនមានការងារធ្វើបន្តត្រូវជ្រើសរើសលក្ខខណ្ឌទី១ ក្នុងចំណោមលក្ខខណ្ឌទី២ ។ លោកបន្តថា លក្ខខណ្ឌទាំង២នេះ មានទី១ ត្រូវព្យួរការងារក្នុងរយៈពេល២ខែ និងទី២ បញ្ចប់កិច្ចសន្យាការងារដោយទទួលបានអត្ថប្រយោជន៍ចំនួន៥ចំណុច ។
ជុំវិញបញ្ហារនេះដែរ ភ្នាក់ងារកោះសន្តិភាពមិនមែនលេខទូរសព្ឌ័ភាគីក្រុមហ៊ុន 7NG ទំនាក់ទំនងបាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ