រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើកម្មពិធីខួបកំណើតនៅឯហាងមួយកន្លែងទល់មុខមាត់ទន្លេ ហើយគេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ស្រាប់តែបុរសជាភ្ញៀវម្នាក់នោះក៏មានជម្លោះជាមួយនឹងសន្តិសុខហាងម្នាក់ រហូតបង្កឱ្យមានរបួសស្នាម។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅចំណុចហាងមួយកន្លែងទល់មុខមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីភាគីខាងបុរសម្នាក់ជាភ្ញៀវខាងលើមិនស្គាល់ឈ្មោះបានអោយដឹងថា មុនពេលកើតហេតុ ក្រុមរបស់គាត់មានគ្នា៥ទៅ៦នាក់បានធ្វើខួបកំណើតតាំងពីល្ងាចរហូតដល់ម៉ោងជាង១១យប់ ហើយក៏នាំគ្នាគិតលុយ ចំណែកគាត់បានដើរទៅបន្ទប់ទឹក ស្រាប់តែមានសន្តិសុខហាងមកវាយគាត់នៅក្នុងបន្ទប់ទឹក បណ្តាលអោយរយះកនិងស្មាខាងក្រោយ ពេលនោះមិនមែនមានតែសន្តិសុខម្នាក់នោះទេ គឺមានសន្តិសុខ៤ទៅ៥នាក់ដែលនាំគ្នាចោមរោមវាយមកលើគាត់ ទោះបីមិត្តភក្តិរបស់គាត់ជាមនុស្សស្រីបានចូលទៅហាមឃាត់ក៏ដោយ ក៏ត្រូវសន្តិសុខបោចសក់ថែមទៀត និងបង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនាំភាគីទាំងសងខាងទៅសួរនាំតែម្តង ។
តាមប្រភពព័ត៌មានពីភាគីខាងបុរសជាសន្តិសុខហាងមិនស្គាល់ឈ្មោះបានអោយដឹងថា មុនពេលកើតហេតុ គឺបុរសជាភ្ញៀវម្នាក់ខាងលើនេះបានចូលទៅក្នុងបន្ទប់ទឹក ហើយដើរប៉ះ គាត់ក៏យកជើងគៀសចេញ ស្រាប់តែមានរឿងឈ្លោះប្រកែកគ្នាតែម្តងទៅ ហើយខាងសន្តិសុខគ្នាគាត់បាននាំគ្នាជាច្រើននាក់មកធ្វើការហាមឃាត់ដែរ ប៉ុន្តែបុរសខាងលើមិនព្រមស្តាប់សោះ គិតតែថតរូបគាត់ និងស្រែកឡូឡាផ្អើលគេឯង ។
ក្រោយពេលកើតហេតុ ភាគីខាងបុរសជាភ្ញៀវបានដាក់ពាក្យបណ្តឹងប្តឹងសន្តិសុខហាងខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ