ខេត្តប៉ៃលិន ៖ យើងសង្កេតឃើញមានរមណីយដ្ឋានឯកជនមួយកន្លែងដែលម្ចាស់ទើបតែនឹងបង្កើតថ្មីៗ ស្ថិតនៅក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:មិនសូវល្បីដូចរមណីយដ្ឋានដទៃទេ ប៉ុន្តែមានទេសភាពថ្មជាប់ទឹកមើលទៅ គឺស្រស់ស្អាត ហើយមានទឹកស្ទឹងហូរជាប់ជានិច្ច អមដោយដើមរាំងភ្នំ និងដើមត្រស់នៅជាប់នឹងមាត់ស្ទឹង។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ នង ណារិទ្ធិ អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ែន សាមណ: អាយុ៥៦ឆ្នាំ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា រមណីយដ្ឋានស្ទឹងត្រជាក់ចិត្តខាងលើនេះ ជារបស់ក្មួយគាត់មានឈ្មោះ ដួង ចន្ធី ភេទស្រី អាយុ៣៥ឆ្នាំ ប្តី ឈ្មោះ ឧត្តម ជាមន្ត្រីនគរបាល ដោយពួកគេបានចាប់ផ្តើមបើកដំណើរការកន្លែងកម្សាន្តនេះអស់រយ:ពេលជិត២ឆ្នាំមកហើយ ។
រមណីយដ្ឋាននេះធ្វើដោយមានដីទំហំជាង១ហិកតាប៉ុណ្ណោះ នៅជាប់នឹងមាត់ស្ទឹងបរយ៉ាខា ដោយទើបតែសង់ខ្យុសបានជាង២០ខ្នង គឺម្ចាស់សាងសង់នៅលើផ្ទៃដីខ្លះ និងនៅក្បែរមាត់ស្ទឹងមួយចំនួនផងដែរ ។ គាត់បញ្ជាក់ថា នៅរៀងរាល់ថ្ងៃធម្មតាអត់សូវមានភ្ញៀវទេសចរចូលទៅលេងនោះប៉ុន្មាននោះទេ រីឯថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យខ្លះ មានភ្ញៀវទេសចរតិចតួចបំផុត ។
គាត់បញ្ជាក់ថា នៅថ្ងៃខាងមុខ ម្ចាស់នឹងពង្រីករមណីយដ្ឋាននេះបន្ថែមទៀត ដើម្បីឱ្យកាន់តែប្លែកនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យចូលទៅលេងយ៉ាងច្រើនកុះករដូចរមណីយដ្ឋានក្បែរៗនោះដែរ ។ អ្វីដែលធ្វើឱ្យម្ចាស់មានសង្ឃឹមនោះ គឺដោយសារតែមានក្រុមហ៊ុនក៏ដូចជា អាជ្ញាធរខេត្តធ្លាប់ចុះទៅពិនិត្យស្ទឹងខាងលើនេះរួចហើយដោយនៅថ្ងៃក្រោយគេនឹងបង្កើតទំនប់ទឹក ដើម្បីធ្វើវារីអគ្គិសនី ដូច្នេះបើសិនជាមានមែននឹងកាន់តែធ្វើឱ្យកន្លែងរមណីយដ្ឋានមួយនេះល្បីរន្ទឺជាក់ជាមិនខាន ។
គាត់ក៏សំណូមពរដល់ភ្ញៀវទេសចរ ក្នុងស្រុកក៏ដូចជា នៅខេត្តនានាដែរ បើចង់ទៅលេងខេត្តប៉ៃលិន សូមកុំភ្លេចរមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» ព្រោះទឹកស្ទឹងនេះថ្លាយង់ហូរឥតដាច់ពេលភ្ញៀវចុះងូតទឹក គឺត្រជាក់ដល់បេះដូងបំបាត់ការនឿយហត់ និងនាំមកនូវកម្លាំងកាយថែមទៀត ព្រមទាំងជួយឱ្យអារម្មណ៍ ស្រស់ថ្លាបំបាត់ស្ត្រេសផងដែរ ៕
ចែករំលែកព័តមាននេះ