ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សំដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​ដ៏​អយុត្តិធម៌​របស់​គណៈកម្មការ​អឺរ៉ុប​ដក EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ​នេះ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពាក់ព័ន្ធ​នឹង​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​»…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ​នេះ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពាក់ព័ន្ធ​នឹង​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ដែល​អនុលោម​តាម​មាត្រា​១៩ នៃ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហភាព​អឺរ៉ុប ។

ក្រសួងការបរទេស​បញ្ជាក់​ទៀត​ថា នេះ​ជា​«​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​» ដូច​បាន​ចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ដែល​ផ្តើម​ចេញពី​ការ​ភាន់ច្រឡំ និង​ការ​យល់​ខុស​អំពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា​ត្រូវ​បាន​យក​មក​ប្រើប្រាស់​តាម​ទំនើងចិត្ត ដើម្បី​ចាប់ផ្តើម​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ។ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុង​ការ​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុង​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។

បើ​ទោះជា​ផ្អែក​លើ​គុណ​តម្លៃ និង​គោលការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប​ក៏​ដោយ​ក៏​សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុផល​នយោបាយ ដោយ​គ្មាន​ការ​ពិចារណា​ប្រកបដោយ​កត្តា​សត្យា​នុ​ម័ត និង​ភាព​មិន​លំអៀង ។ កត្តា​ទាំង​ពីរ​នេះ គឺជា​គោលការណ៍​គ្រឹះ​ដែល​ស្ថាប័ន​អន្តរជាតិ តួយ៉ាង​ដូច​ជា គណៈកម្មការ​អឺរ៉ុប​ត្រូវ​តែ​ប្រកាន់​ខ្ជាប់ខ្ជួន ។ សេចក្តីសម្រេច​នេះ​មិន​មាន​អ្វី​ក្រៅពី​ការ​អនុវត្ត​ស្តង់ដារ​ទ្វេ នៅ​ពេល​ដែល​យើង​ប្រៀបធៀប​ប្រព្រឹត្ត​កម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទៀត ។

ទោះបីជា​សេចក្តីសម្រេច​នេះ​បាន​ទទួលស្គាល់​«​វឌ្ឍនភាព​ជាក់ស្តែង​» ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នៅ​ក្នុង​វិស័យ​ជា​ច្រើន ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្តី​កង្វល់​របស់​គណៈកម្មការ​អឺរ៉ុប​ក៏​ដោយ ក៏​សេចក្តីសម្រេច​នេះ​ពុំ​បាន​ទទួលស្គាល់ និង​គោរព​បញ្ហា​ជា​មូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ពុំ​មែន​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ជា​កម្មវត្ថុ​នៃ​ការ​ផ្លាស់​ប្តូរ​ដើម្បី​ជំនួយ​អភិវឌ្ឍន៍​នោះ​ឡើយ ។ លើកលែងតែ​ដំណើរការ​នៃ​នីតិវិធីតុលាការ​មួយ​គត់​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​អនុលោម​យ៉ាង​ពេញ លេញ​តាម​ច្បាប់​កម្ពុជា និង​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​នៃ​អំណាច​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ក្រៅពី​នេះ សកម្មភាព​ទាំង​អម្បាល​មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ស្តែង​ចេញ​ក្នុង​ដំណាក់កាល​នៃ​កិច្ច​សន្ទនា គឺ​មាន​ខ្លឹមសារ​គួរ​ឱ្យ​កត់សម្គាល់​លើស​ពី​អ្វី​ដែល​ជា​ក្តី​កង្វល់​របស់​សហភាព​អឺរ៉ុប​ទៅ​ទៀត ។

ដោយឡែក​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន​ដែល គណៈកម្មការ​អឺរ៉ុប​បាន​ទទួលស្គាល់​ថា មាន​វឌ្ឍនភាព​ជាក់លាក់​នោះ​ក៏​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ដោះស្រាយ​កង្វះខាត​នានា​ដែល​នៅ​សេសសល់​បន្ថែម​ទៀត​ដែរ ។ ចំពោះ​លំហ​នយោបាយ​វិញ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប្រកបដោយ​ភាព​ស្មោះត្រង់​លើកលែងតែ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​នឹង​អធិបតេយ្យ​ជាតិ​ប៉ុណ្ណោះ ។ ដើម្បី​ទុកជា​កំណត់ហេតុ និង​ឈរ​លើ​គោលការណ៍​តម្លាភាព កម្ពុជា​សូម​គូសបញ្ជាក់​ថា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយបង្អស់​នៅ​ឆ្នាំ​២០១៨ ៕

កែសម្រួលដោយ