ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​វាយ​បំផ្លាញ​ផ្នូរ (​ម៉ុង​) ខូច​ជា​ច្រើន​​កន្លែង ម្ចាស់​ទ្រាំ​លែង​បាន

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​៦៣​ឆ្នាំ​ម្នាក់​រស់នៅ​ស្រុក​ចំការលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ជាប់ចោទ​ពី​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រមាថ​ទី​បញ្ចុះសព (ម៉ុង) ដោយ​ប្រើ​ចប និង​ញញួរ​កាប់…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​៦៣​ឆ្នាំ​ម្នាក់​រស់នៅ​ស្រុក​ចំការលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ជាប់ចោទ​ពី​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រមាថ​ទី​បញ្ចុះសព (ម៉ុង) ដោយ​ប្រើ​ចប និង​ញញួរ​កាប់ ព្រម​ទាំង​​វាយ​លើដំបូល​ស័ង្កសី​ប្រក់ផ្នូរ​សព​នោះ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ទី​បញ្ចុះសព​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បន្ទាយ​ជ័យ ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អ៊ិ​ត សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែកឯ​ជន​រង​គ្រោះជា​ម្ចាស់​ផ្នូរ​ឈ្មោះ យិន ហ៊ុ​ច ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

លោក ខ្លូត ហ៊ាន់ អធិការរង​នគរបាល​ស្រុក​ចំការលើ ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន ក្រោយ​ពី​ជន​បង្ក​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ចប និង​ញញួរ​កាប់​ដំបូល​ក្បួន​ដែល​ជាទី​បញ្ចុះសព​រួច​មក ក៏​ត្រូវ​អ្នក​ភូមិ​ដឹង ដោយសារ​តែ​ជន​បង្ក​ដើរ​ប្រាប់​គេឯង​។ បន្ទាប់​មក​ក៏​មាន​អ្នក​ភូមិ​មក​ប្រាប់​ដល់​សាច់​ញាតិ​របស់​ភាគី​រង​គ្រោះ​ឲ្យ​បានដឹង ហើយ​ក៏​រាយការណ៍​មក​សមត្ថកិច្ច ។ ក្រោយមក​កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ចុះ​ដល់ទី​កន្លែង​កើតហេតុ ពិតជា​បាន​ប្រទះ​ឃើញ​កន្លែង​បញ្ចុះសព​នោះ រួម​ជាមួយនឹង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ផង​ដែរ​។

លោក​អធិការរង​ស្រុក​បន្ត​ថា បើ​តាម​ជន​រង​គ្រោះជា​ម្ចាស់​ផ្នូរ​បាន​ប្តឹង​ទៅ​លើ​ភាគី​ជន​បង្ក​ថា ស្ត្រី​ជា​ជន​បង្ក​រូប​នេះ​បាន​យក​ញញួរ​វាយ​មក​លើ​ផ្នូរ (​ម៉ុង​) ឪពុក​ម្តាយ​របស់​ខ្លួន និង​ផ្នូរ​របស់​បងប្រុស និង​បងថ្លៃ​របស់​ខ្លួន បណ្តាល​ឱ្យ​បែកបាក់​ជា​ច្រើន​កន្លែង បន្ទាប់​មក​ជន​បង្ក​បាន​យក​ចបកាប់​មក​លើដំបូល​ស័ង្កសី​ប្រកផ្នូរ​ធ្វើ​ឱ្យ​រហែក​ជា​ច្រើន​កន្លែង​។

លោក​អធិការ​បន្ត​ទៀត​ថា ជាមួយ​នោះ​គ្នា​ដែរ បន្ទាប់​ពី​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន ក្រោយមក​ក៏​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​តាម​ច្បាប់ ហើយ​បើ​តាម​សមត្ថកិច្ច​ពិនិត្យ​មើលឃើញ​ថា សតិ​របស់​ជន​បង្ក​ដូច​ជា​មិនសូវ​គ្រប់​១០​នោះ​ទេ ។

បើ​លោក វុ​ធ វឌ្ឍនៈ អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​ចំការលើ ជា​ភាគី​ខាង​ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​ថា កាលពី​គ្រា​ដំបូង ពេល​ដែល​ម្តាយបង្កើត​របស់​ជន​បង្ក​នៅ​រស់ ក៏​ត្រូវជា​សាច់ញាតិ​នឹង​គ្នា​ផង​ដែរ ហើយ​មាន​ព្រំ​ដីស្រែ​ជាប់​គ្នា​ដែល​ស្គាល់​ច្បាស់លាស់ និង​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​នោះ​ទេ​។ ប៉ុន្តែ​ចាប់តាំងពី​ម្ដាយ​របស់​ជន​បង្ក​បាន​បាត់បង់​ជីវិត​ទៅ​ធ្វើ​ឱ្យ​កូនស្រី​មិន​ស្គាល់​ព្រំ​ដី​ច្បាស់​លាស់ ថែម​ទាំង​បាន​បង្ក​ជា​ជម្លោះ​ជាមួយនឹង​ភាគី​ខាង​គាត់ ហើយ​ចោទ​ថា ទី​បញ្ចុះសព​ជីដូន​ជីតា និង​ឪពុក​ម្ដាយ​ខាង​គាត់ គឺ​បំពាន​ចូល​ដី​របស់​ជន​បង្ក​ទៅ​វិញ​។

ភាគី​រង​គ្រោះ​ដដែល​បំភ្លឺ​ទៀត​ថា ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​បែប​នេះ ក៏​ត្រូវ​អាជ្ញាធរ​ភូមិ​-​ឃុំ​ចុះ​ដោះស្រាយ ហើយ​អះអាង​ថា​កន្លែង​បញ្ចុះសព​នេះ​មិន​បាន​បំពាន​ចូល​ដី​របស់​ជន​បង្ក​នោះ​ទេ​។ ចាប់តាំងពី​ពេល​នោះ​មក ស្ត្រី​បង្កហេតុ​ខាងលើ​ចេះ​តែ​រករឿង​មក​លើ​ភាគី​គ្រួសារ​រង​គ្រោះ​រហូត ពេល​ខ្លះ​យក​លាមក​មក​ចាក់​លើ​ផ្នូរ​បញ្ចុះសព​ទៀត​ផង​។ លុះ​ចុង ក្រោយ​នេះ ក៏​ប្រើ​ចប និង​ញញួរ​​មក​វាយ​បំផ្លាញ​លើ​ទី​បញ្ចុះសព​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​របស់​ភាគី​ខាង​រង​គ្រោះ​ទៀត​ផង ទើប​លោក​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​បង្ក​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ