ខេត្តបាត់ដំបង ៖ អគ្គមេបញ្ជាការរងកងខេមរភូមិន្ទឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងបញ្ជាក់ថា ពីនេះទៅមុខ ចក្ខុវិស័យរយៈពេលវែងរបស់កងទ័ពជើងគោកគឺការកសាងមូលដ្ឋាននៃការបណ្តុះបណ្តាលជាពិសេសនៅក្នុងកងទ័ពជំនាញ ។ តាមរយៈការកសាងសាលាបណ្តុះបណ្តាលទ័ពជំនាញ ហើយតាមរយៈការកសាងសាលាបណ្តុះបណ្តាលទ័ពជំនាញដែលតម្រូវឱ្យមានការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសមស្រប, យោធាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ និងឯកសារមេរៀនដែលមានគុណភាព ដើម្បីធានានូវប្រសិទ្ធិភាព, ឯកភាព និងស្តង់ដានៃកងយោធពលខេមរភូមិន្ទ។
ការថ្លែងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសចូលរួមក្នុងពិធី សម្ពោធរូបសំណាកហ្លួងព្រះស្តេចកន បញ្ចុះបឋមសិលាសាងសង់អគារ និងបិទវគ្គហ្វឹកហ្វឺន ជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
អគ្គមេបញ្ជាការរងរូបនោះក៏បានសម្តែងនូវការចូលរួមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនជំនាញរថក្រោះរថពាសដែកប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានរថក្រោះកងទ័ព ជើងគោក សម្រេចទទួលបានលទ្ធផលល្អប្រសើរ ទាំងការរៀនសូត្រផ្នែកទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តនៅលើទីលាន ដោយពិតជាបានឆ្លើយតបទៅនឹងគោលបំណងក្នុងការលើកកម្ពស់សមត្ថភាពដល់យោធិនឱ្យយល់ច្បាស់អំពីតួនាទី និងភារកិច្ចក្នុងការបញ្ជា, គ្រប់គ្រង និងប្រើប្រាស់រថក្រោះ រថពាសដែកឱ្យបានត្រឹមត្រូវតាមលក្ខការណ៍ក្នុងការប្រយុទ្ធ ក៏ដូចជា ការងារបច្ចេកទេសថែទាំជួសជុលរថក្រោះរថពាសដែកឱ្យបានល្អ។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនិងថ្នាក់ដឹកនាំកងទ័ពជើងគោក បាននិងកំពុងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនទ័ព ជំនាញ ដែលជាអាទិភាពចាំបាច់បំផុត ដើម្បីពង្រឹងនិរន្តរភាពសមត្ថភាពក្នុងការឆ្លើយតបក្នុងពេលចំពោះមុខ និងរយៈពេលវែង។ ការហ្វឹកហ្វឺនទ័ពជំនាញខុសពីការហ្វឹកហ្វឺនទ័ពថ្មើរជើង ដោយសារការហ្វឹកហ្វឺនទ័ពជំនាញត្រូវប្រើប្រាស់រយៈពេលវែង និងជំនាញបច្ចេកទេសខ្ពស់។
លោកបញ្ជាក់បន្តថា ការកែទម្រង់កងទ័ពរយៈពេលវែងរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការ កំណត់យកចក្ខុវិស័យធ្វើយ៉ាងឱ្យកងយោធពលខេមរភូមិន្ទ ឈានទៅម្ចាស់ការលើការបណ្តុះបណ្តាល និងការផលិតសម្ភារបច្ចេកទេសធុនស្រាល ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ចំពោះកងទ័ពជើងគោក ក្នុងពេលចំពោះមុខនេះ ទោះយើងមិនទាន់មានថវិកាក្នុងការបំពាក់ ឬធ្វើទំនើបកម្មទ័ពជំនាញរបស់យើង ប៉ុន្តែកងទ័ពជើងគោកកំពុងពិនិត្យលទ្ធភាព និងរៀបចំផែនការដើម្បីពង្រឹងនិរន្តភាពក្នុងការធានាចំនួនទ័ពជំនាញតាមរយៈការបន្តហ្វឹកហ្វឺន ដោយដើរទន្ទឹមនឹងការជំរុញការថែទាំបច្ចេកទេសលើសម្ភារបច្ចេកទេសដែលយើងមានស្រាប់ ហើយទៅថ្ងៃមុខ យើងនឹងមានទំនើបកម្មជាជំហានៗ ដោយហេតុថា នៅក្នុងការកំណត់ជោគជ័យនៃប្រតិបត្តិការសឹក អ្វីដែលសំខាន់បំផុត គឺការហ្វឺកហ្វឺនកម្លាំង, ការថែទាំបច្ចេកទេសមូលដ្ឋានសម្ភារៈ និងការបំពាក់នូវឆន្ទៈមោះមុត។
លោករំលឹកឡើងវិញថា គិតចាប់តាំងពី១៩៥៣មក ប្រវត្តិនៃកងយោធពលខេមរភូមិន្ទ យើងមានការប្រែប្រួលច្រើន។ មូលដ្ឋានចម្បងនៃកងយោធពលខេមរភូមិន្ទយើងបច្ចុប្បន្ន កើតឡើងពីអ៊ំពូមីងយោធិនជំនាន់ឆ្នាំ១៩៧៨ ហើយក្រោយមកមានការចូលរួមផងដែរ ពីកងទ័ពខ្មែរគ្រប់ភាគីទាំងអស់។ ដូច្នេះបញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយ ទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ។
លោកបន្តថា ផ្តើមពីអ្វីដែលបានលើកឡើងខាងលើនេះគឺ មានតែការហ្វឹកហ្វឺន ដែលមានប្រសិទ្ធិភាព និងត្រឹមត្រូវតែមួយគត់ ដែលអាចធានានូវនិរន្តភាពនៃសមត្ថភាព នៅក្នុងការប្រយុទ្ធ ក្នុងនោះគុណភាពនៃការហ្វឹកហ្វឺន និងការហ្វឹកហ្វឺនឱ្យចំជំនាញត្រឹមត្រូវ គឺជាអាទិភាពធំបំផុតដែលត្រូវផ្តោតការយកចិត្តទុកដាក់ ហើយចៀសវាងដាច់ខាតការ ធានាតែបរិមាណ តាមរយៈផែនការហ្វឹកហ្វឺនដែលគ្រាន់តែជារូបភាព ប៉ុន្តែខ្វះការពិនិត្យលើស្ថានភាពជាក់ស្តែងនៃគុណភាព ។
លោកថា ការងារទាំងអស់នេះត្រូវការការចូលរួមពីអ៊ំពូមីយោធិនជំនាន់ទី១ ដើម្បីបណ្តុះបណ្តាលនាយទាហានជំនាន់ក្រោយៗឱ្យកាន់តែខ្លាំង ដើម្បីការពារជាតិ ហើយវាក៏ជាកិច្ចការ និងភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីឱ្យកងទ័ពជាតិមួយកាន់តែរឹងមាំនិងមានការបន្សល់ទុកនូវប្រព័ន្ធការងារមួយ ជាកេរតំណែលរបស់នាយទាហានជំនាន់មុន។
លោកឧត្តមសេនីយ៍ឯកមេទ័ពជើងគោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសប្បុរសជន ជាច្រើន ចំពោះការលះបង់ជួយដល់កងទ័ព ដោយកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា និងសម្ភារដល់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ក្នុងនាមជាស្ថាប័ន ចងសម្ព័ន្ធមេត្រីភាព រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវ បញ្ហាលំបាក និងតម្រូវការជាក់ស្តែង ចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែក មួយយ៉ាងសំខាន់ក្នុងការពង្រឹង កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នួលនៃខឿនការ ពារជាតិ «ប្រជាជនដើម្បីការពារជាតិ ការពារជាតិដើម្បីប្រជាជន»៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ