នៅដែនកុរុទ្វីបពេលទៀបបភ្លឺនាថ្ងៃ១៥ កើតខែពិសាខ ឆ្នាំរកា ព្រះសិទ្ធត្ថ បរមពោធិសត្វ បានសុបិននិមិត្តឃើញរឿងចម្លែកអស្ចារ្យដែលគួរឱ្យព្រឺព្រួចបំផុតចំនួន៥លើក ៖
សុបិនទី១ ព្រះអង្គទ្រង់ទតឃើញរូបព្រះអង្គមួយទៀតមកផ្ទុំសន្ធឹងផ្ងារនៅលើផែនដី ក្បែរព្រះអង្គផ្ទាល់ ដោយយកប្រឹថពីជាទីសយនា(គ្រែ)បន្ទុំ យកភ្នំហេមពាន្តជាខ្នើយរងព្រះសីសៈ យកព្រះហស្តឆ្វេងសណ្តូកចុះទៅក្នុងមហាសមុទ្រខាងកើត យកព្រហស្តស្តាំសណ្តូកចុះទៅក្នុងមហាសមុទ្រខាងលិច និងយកព្រះបាទទាំងគូ សណ្តូកចុះទៅក្នុងមហាសមុទ្រខាងត្បូង ទ្រង់ផ្ទុំ បើកព្រះនេត្រហើយទតឃើញពន្លឺភ្លឺរហូតដល់ឋានព្រហ្ម ។
សុបិនទី២ ព្រះអង្គទតឃើញមានផ្កាឈូកមួយទំហំប៉ុនកង់រទេះ ដុះចេញមកអំពីផ្ចិតរបស់ព្រះអង្គ លូតឡើងទៅទល់នឹងអាកាសដ៏ខ្ពស់ស្កឹមស្កៃ នៅត្រង់គុម្ពឈូកខ្លះជាស្មៅចិញ្ចៀន ។
សុបិនទី៣ ព្រះអង្គទតឃើញ មានសត្វដង្គូវទាំងឡាយខ្លួនមានពណ៌ស និងក្បាលពណ៌ខ្មៅ វៀរឡើងពីចុងព្រះបាទា ដល់ក្បាលជង្គង់ ។
សុបិនទី៤ ព្រះអង្គទតឃើញថាមានសត្វបក្សាបក្សីគ្រប់ពណ៌បួនពួក មានពណ៌សម្បុរផ្សេងៗគ្នា ហើរចេញពីទិសទាំងបួន មកក្រាបទៀបជិតបាទាព្រះអង្គ ហើយបក្សាបក្សីទាំងនោះប្រែជាមានសម្បុរស ដូចៗគ្នាទាំងអស់ ។
សុបិនទី៥ ព្រះអង្គទតឃើញ រូបព្រះអង្គ យាងចង្ក្រម នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយលាមកនោះឡើយ ។
ពេលព្រះអង្គតើនឡើង(ដឹងខ្លួន)ទ្រង់ធ្វើសេចក្តីសន្និដ្ឋាននៅក្នុងព្រះចិន្តាថា មហាសុបិននិមិត្តទាំង៥ប្រការនេះ ហាក់ដូចជាសេចក្តីប្រកាសមួយបញ្ជាក់ប្រាប់អាត្មាអញឱ្យដឹងថា ពន្លឺត្រាស់ដឹងនឹងធ្លាក់ក្នុងកណ្តាប់ព្រះហស្តប្រាកដ ។ សាន សារិន
ចែករំលែកព័តមាននេះ