រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ វន ស្រី អាយុ៣៥ឆ្នាំ ជាកម្មការនីកាត់ដេ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកាលពីរសៀលថ្ងៃទី ៥មិថុនា ២០១៤ នេះបន្ទាប់ពីប្តីរបស់ខ្លួនដែលជាកីឡាករប្រដាល់បានបាត់ខ្លួនរយៈពេលពីរថ្ងៃមកហើយ ដោយមិនឃើញវិលត្រឡប់មកផ្ទះវិញសូម្បីតែទូរស័ព្ទក៏ចុចមិនចូល។
បុរសដែលប្រពន្ធដាក់ពាក្យបណ្តឹងរកនេះមានឈ្មោះ សួន សុខា អាយុ៤២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុបនិងជាអ្នកប្រដាល់ផងដែរ។ បើតាមស្រ្តីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់ខ្លួនបានបាត់ពីផ្ទះកាលពីព្រឹកថ្ងៃ ទី៤ មិថុនា ២០១៤ ខណៈចេញទៅរត់ម៉ូតូឌុបហើយជាទូទៅប្តីរបស់គាត់ រត់ម៉ូតូឌុបប្រចាំនៅគល់ស្ពានជ្រោយចង្វា ក្នុងសង្កាត់ទួលសង្កែ ។
ស្រ្តីជាប្រពន្ធរបស់បុរសដែលបានបាត់ខ្លួនបានបន្តទៀតថា នៅព្រឹកថ្ងៃទី៤ មិថុនានោះប្តីរបស់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CE-0728 មួយគ្រឿងជិះចេញទៅរត់ម៉ូតូឌុប ដូចសព្វមួយដងហើយក៏បាត់ដំណឹងរហូតមិនឃើញវិលត្រឡប់មកផ្ទះវិញ សូម្បីតែទូរស័ព្ទក៏ចុចមិនចូលដែរ។ គាត់បានរៀបការជាមួយប្តីរបស់គាត់រយៈពេល១១ឆ្នាំមកហើយ និងមានកូនពីរនាក់ទៀត រវាងគាត់និងប្តីរបស់គាត់ដែលបានបាត់ខ្លួនទៅមិនដែលមានទំនាស់អ្វីនិងគ្នានោះទេ។
គាត់បានបញ្ជាក់ទៀតថា ប្តីរបស់គាត់គឺជាកីឡាករផ្នែកប្រដាល់ ដែលកន្លងទៅធ្លាប់ឡើងវ៉ៃនៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន និងបាយ័នផងដែរ ។បន្ទាប់ពីបាត់ដំណឹងប្តីមិនឃើញវិលត្រឡប់មកផ្ទះវិញគឺគាត់មានការព្រួយបារម្ភពីសុវត្តិភាពប្តីរបស់គាត់ ដូច្នេះហើយគាត់ក៍បានកាន់រូបថតប្តីរបស់គាត់មួយសន្លឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យជួយស្រាវជ្រាវរកតំណឹងពីការបាត់ខ្លួនប្តីរបស់គាត់ ហើយក្នុងនោះគាត់ក៏បានប្រកាសរកតាមប៉ុស្តិ៍វិទ្យុផងដែរ។
ចែករំលែកព័តមាននេះ